Connect with us

ព័ត៌មានជាតិ

កសិករស្រុកថ្មបាំងកំពុង​កើប​លុយរាប់ម៉ឺនដុល្លារពីការប្រមូល​ផលដំណាំទុរេន

បានផុស

នៅ

កសិករ​រស់នៅភូមិត្រពាំងខ្នារ ឃុំតាទៃលើ ស្រុកថ្មបាំង ខេត្តកោះកុង កំពុងកើបលុយរាប់សិបរាប់ម៉ឺន​ ពីការលក់ដាំណាំទុរេន​ទៅ​ឱ្យ​ឈ្នួញ​កណ្តាល​ដែលចុះ​មកទិញ​ដល់​ចម្ការ គ្រាដែលពួកគាត់បាន​មើល​ថែទាំជាយូរឆ្នាំ។

លោក ណុប នូច និងលោក ពៅ ញៀន ជាដង្ខៅទុរេនជោគជ័យ ក្នុងចំណោមករជាច្រើន បានប្រាប់ថា ពួកគាត់ចាប់ផ្តើមដាំដុះផ្លែទុរេន ៥ទៅ៨ឆ្នាំមកហើយ ទម្រាំបានទិន្នផលលក់ចេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទុរេនជាដំណាំមួយប្រភេទដែលយើងទាមទារមើលថែទាំដូចទារកទើបនឹងកើតអញ្ចឹង ពុំមែនជា​រឿង​ងាយ​ស្រួលប៉ុន្មាន។ ដាំណាំទុរេ ត្រូវការទឹកជាចាំបាច់បំផុត បូករួមវិធីសាស្រ្ត បច្ចេកទេស​ បទពិសោធន៍​បន្ថែម ហើយ​អ្វីដែល​សំខាន់នេះគឺអាកាសធាតុ។

សម្រាប់ឆ្នាំ២០២១នេះ លោក ណុប នូច រៀបរាប់ទាំងញញឹមបិទមាត់សឹងមិនជិតទេ ពេលសួរថា តើ​ទុរេនរបស់លោកហុចផលយ៉ាងណាដែរ? លោកនិយាយភ្លាមៗថា កើនជាង៥០ភាគរយ លក់បាន​១២ម៉ឺនដុល្លារ បើធៀបឆ្នាំទៅ៦ហិចតាលក់បាន១០មឺុនដុល្លារ។

លោក ពៅ ញៀនបានលើកឡើង​ដែរថា លក់បាន២ម៉ឺនដុល្លារ បើធៀបឆ្នាំ២០២០លក់បាន២ម៉ឺន ធ្វើឱ្យជីវភាពរស់​នៅពួក​គាត់កាន់​តែល្អ​ប្រសើរឡើងៗជាលំដាប់។

កសិករទាំង២រូប អះអាងទៀតថា ដើមឡើយ ពួកគាត់បារម្ភជាខ្លាំង​អំពីការរីករាល​ដាលជំងឺកូវីដដល់សហគមន៍ ធ្វើឱ្យរាជ​រដ្ឋាភិបាលបិទការចរាចរចេញពីខេត្ត​មួយ​ទៅ​ខេត្តមួយដែលជាហេតុគ្មានឈ្នួញចុះមកទិញទុរេន ប៉ុន្តែឥឡូវវិញ គ្មានទាំងទុរេនលក់ឱ្យឈ្នួញផង។ ទិន្នផលទុរេន ត្រូវបានលក់ឱ្យឈ្នួញមកពីរាជធានីភ្នំពេញ ជាពិសេសអ្នកមកពីខេត្តកំពត។

ឃុំចំនួន៤ក្នុងស្រុកថ្មបាំង នៃទឹកដីខេត្តកោះកុង មានប្រជាពលរដ្ឋងាកមកចាប់អារម្មណ៍​ដាំដុះដំ​ណាំផ្លែ​ទុរេន។ ប្រភេទទុរេនដែលដាំ រួមមាន៖ ទុរេនម៉ាន់ថង ផួងមណី សូនី និងកាន់យ៉ាវ គឺមាននៅឃុំតាទៃលើ ឃុំឬស្សីជ្រុំ ឃុំថ្មដូនពៅ និងឃុំជីផាត។

ទន្ទឹមនោះភាពជោគជ័យរបស់កសិករនៅពេលនេះ លោក អន សុធារិទ្ធិ អភិបាលស្រុកថ្មបាំង ក៏​បង្ហាញ​ពីមោទនភាពយ៉ាងខ្លាំងណាស់ដែរជាមួយប្រជាកសិកររបស់លោកដែលមានលទ្ធភាព និងបទពិសោធន៍អាចដាំដុះទុរេបានល្អប្រសើររហូតដល់ទទួលបានចំណូលខ្ពស់។

លោកអភិបាលស្រុកថ្មបាំង បន្ថែមថា សព្វថ្ងៃនេះ ផ្ទៃដីដែលអំណោយផលខ្លាំងជាងគេដល់ការ​ដាំ​ដុះ​ទុរេនមានឃុំ​តាទៃលើ និងឃុំឬស្សីជ្រុំ ព្រោះមូលដ្ឋានឃុំ២នេះ មានអាកាសធាតុត្រជាក់ភ្លៀងធ្លាក់ គ្រប់គ្រាន់សម្រាប់ បង្កបង្កើនផលកសិកម្ម។

កន្លងទៅ លោកព្រួយបារម្ភដូចប្រជាពលរដ្ឋកសិករ​ដែរថាតើធ្វើយ៉ាងណាឱ្យផលរបស់ពួកគាត់បានលក់ចេញទៅដល់ទីផ្សារអំឡុងវិបត្តិកូវីដ១៩ ប៉ុន្តែ​ជាសំណាងល្អ មិនខ្វះឡើយអាចមានបំណងចង់ម៉ៅទិញទុរេនៅចម្ការដោយផ្ទាល់។

លោក អន សុធារិទ្ធិ ទទួលស្គាល់ថា ចំណូលបានមកពីលក់ដូរដំណាំទុរេន ធ្វើឱ្យកម្រិត​ជីវភាពកសិករ​ប្រែប្រួល​ខ្លាំង​ពីមួយ​ឆ្នាំទៅមួយឆ្នាំ ហើយកសិករមានលទ្ធភាពអាចសង់ផ្ទះថ្មី ទិញរថយន្តទំនើបជិះ និងបង្កផ្ទៃដីដាំដុះបន្ថែម។

លោក ស៊ន ពិសិដ្ឋ ប្រធានការិយាល័យកសិកម្មស្រុកថ្មបាំង បានឱ្យដឹងនៅព្រឹកថ្ងៃទី៤ ខែមិថុនានេះថាផ្ទៃដីដាំដុះទុរេននៅក្នុងស្រុកដែលកសិករមានចំនួន១៦២ហិចតា ចំពោះទិន្នផលនាំ​ចេញ​ទៅលក់នៅបណ្តារាជធានីខេត្តផ្សេងៗ និងប្រទេសថៃចំនួន១៨២តោន កើនឡើង៤០ភាគរយ បើធៀបនឹងឆ្នាំ២០១៩៕ អត្ថបទៈ សិរីវឌ្ឍនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម