សេដ្ឋកិច្ច
កម្ពុជាដាក់ឱ្យដំណើរការកម្មវិធី «ជំនាញបង្កើនផលិតភាពសហគ្រាស» ដើម្បីការប្រកួតប្រជែងរបស់ SMEs
ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅថ្ងៃទី ៧ ខែមេសា ឆ្នាំ២០២៥ បានដាក់ឱ្យដំណើការកម្មវិធីបណ្ដុះបណ្ដាលស្តីពី «ជំនាញបង្កើនផលិតភាពសហគ្រាស» ក្នុងគោលដៅបង្កើនភាពប្រកួតប្រជែង ផលិតភាព និងសមត្ថភាពអនុលោមរបស់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។

ការដាក់ឱ្យដំណើរការនេះជាផ្នែកមួយនៃគម្រោង «ការងារ និងមុខរបរសមរម្យសម្រាប់យុវជន» ដំណាក់កាលទី៣ (DEY III) ដែលជាកម្មវិធីរួមរបស់អង្គការសហប្រជាជាតិ អនុវត្តដោយអង្គការ ILO, UNIDO, UNESCO, និង UNICEF ក្រោមជំនួយពីទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ (SDC)។
តាមរយៈគម្រោងនេះ ក្រសួងឧស្សាហកម្ម រួមជាមួយអង្គការ UNIDO នឹងសហការអនុវត្តសកម្មភាពជាច្រើន ដើម្បីពង្រឹងសមត្ថភាពសហគ្រាស និងសមាគមធុរកិច្ច ឱ្យបង្កើនផលិតភាព និងសមត្ថភាពប្រកួតប្រជែងលើទីផ្សារ រួមចំណែកជំរុញកំណើនសេដ្ឋកិច្ចជាតិ និងផ្ដល់ការងារសមរម្យដល់យុវជន។
លោក ហេង សុខគង់ រដ្ឋលេខាធិការក្រសួងឧស្សហកម្ម បានលើកឡើងថា៖ «គម្រោងនេះដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញ និងពង្រឹងសមត្ថភាពកម្មករ-បុគ្គលិក រោងចក្រ សហគ្រាស និងសិប្បកម្ម ជាពិសេសផ្តោតទៅលើវិស័យកសិ-ឧស្សាហកម្ម។ ក្រសួងបាននិងកំពុងយកចិត្តទុកដាក់លើកកម្ពស់សហគ្រិនភាព និងការអភិវឌ្ឍសហគ្រាសធុនតូចនិងមធ្យម ដឹកនាំសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្នុងការបង្កើតការងារសមរម្យ និងតម្រង់ទិសរួមជាមួយការកែសម្រួលក្របខ័ណ្ឌគតិយុត្តិ និងបទបញ្ញត្តិពាក់ព័ន្ធ ដើម្បីរួមចំណែកត្រៀមក្នុងដំណើរចាកចេញពីឋានៈជាប្រទេសមានការអភិវឌ្ឍតិចតួចនៅចុងឆ្នាំ២០២៩ ដោយជោគជ័យ»។

តាមលទ្ធផលនៃការវាយតម្លៃរហ័សអំពីតម្រូវការ ធ្វើឡើងរបស់អង្គការ UNIDO សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា កំពុងប្រឈមនឹងឧបសគ្គមួយចំនួនដូចជា កង្វះលទ្ធភាពទទួលហិរញ្ញប្បទាន ប្រាក់កម្ចី និងទុនបង្វិល កង្វះចំណេះដឹងបច្ចេកទេស ដូចជាទាក់ទងនឹងសុវត្ថិភាពម្ហូបអាហារ និងប្រសិទ្ធភាពធនធាន លទ្ធភាពតភ្ជាប់និងជ្រៀតចូលទីផ្សារតិចតួច និងកង្វះបុគ្គលិកជំនាញ សមត្ថភាពគ្រប់គ្រងដំណើរការអាជីវកម្ម និងវត្ថុធាតុដើមដែលមានគុណភាពជាដើម។
លោក សុខ ណារិន តំណាងប្រចាំប្រទេសអង្គការ UNIDO បានបញ្ជាក់អំពីសារៈសំខាន់នៃការកសាងសមត្ថភាព សហគ្រាសធុនតូច និងមធ្យម ថា៖ «គំនិតផ្តួចផ្តើមនេះនឹងផ្លាស់ប្តូរ SMEs ធ្វើឱ្យពួកគេមានសមត្ថភាពប្រកួតប្រជែងខ្លាំងជាងមុន និងមានការរីកចម្រើនខ្ពស់។ វានឹងជួយបង្កើតការងារ បំផុសគំនិតដល់អ្នកដទៃ និងពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់ ដែលនាំឱ្យសេដ្ឋកិច្ចក្នុងស្រុកមានភាពធន់ រឹងមាំ។ តាមរយៈការផ្តល់ដល់ SMEs នូវចំណេះដឹងសំខាន់ៗទាំងនេះ គំនិតផ្តួចផ្តើមនេះមានគោលដៅចូលរួមក្នុងការធ្វើទំនើបកម្មឧស្សាហកម្ម និងការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយបរិយាបន្ននៅកម្ពុជា»។
កម្មវិធី «ជំនាញបង្កើនផលិតភាពសហគ្រាស» នឹងផ្តល់ជូននូវកម្មវិធីបណ្តុះបណ្តាលជាសេរ៊ី ដូចជាការបណ្តុះបណ្តាលស្តីពីស្តង់ដារគ្រប់គ្រងសុវត្ថិភាពម្ហូបអាហារ GHP/HACCP ប្រសិទ្ធភាពធនធាន និងផលិតកម្មស្អាត ការគ្រប់គ្រងដំណើរការអាជីវកម្ម និងបរិវត្តិកម្មឌីជីថលសម្រាប់អាជីវកម្មជាដើម៕


-
សន្តិសុខសង្គម៣ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
សេដ្ឋកិច្ច១ ថ្ងៃ agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកុលបុត្រកុលធីតា ៣២៨រូប ចូលរួមពិធីបួសនៅវត្តព្រះឥន្ទទេព ដើម្បីតបស្នងសងគុណ និងអបអរសាទរវិសាខបូជា
-
ព័ត៌មានជាតិ២ ថ្ងៃ agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី


