ព័ត៌មានអន្ដរជាតិ
ប្រធានាធិបតីតៃវ៉ាន់ សួរចិនថាចុះម្ដេចមិនហ៊ានទៅវាយយកដីពីរុស្ស៊ីវិញផង
ប្រសិនបើការទាមទាររបស់ចិនលើកោះតៃវ៉ាន់គឺដើម្បីបូរណភាពទឹកដីនោះ ចិនគួរណាស់តែយកមកវិញនូវទឹកដីពីប្រទេសរុស្ស៊ីផងដែរ ដែលបានចុះហត្ថលេខាឲ្យក្រុងមូស្គូកាត់យកក្នុងអំឡុងរាជវង្សចុងក្រោយរបស់ខ្លួនកាលពីសតវត្សរ៍ទី១៩។ នេះជាការលើកឡើងរបស់ប្រធានាធិបតីតៃវ៉ាន់ លោក Lai Ching-te នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍រដ្ឋ ដែលបានចាក់ផ្សាយកាលពីយប់ថ្ងៃទី១ខែកញ្ញា។

លោក Lai ដែលចិនហៅថាជា «ជនផ្ដាច់ខ្លួននិយម» បានលើកឡើងនូវសន្ធិសញ្ញា Aigun ឆ្នាំ១៨៥៨ ដែលចិនបានចុះហត្ថលេខាលើការកាត់ទឹកដីក្នុងទំហំដ៏ច្រើនសន្ធឹកសន្ធាប់ឲ្យចក្រភពរុស្ស៊ី ដែលបច្ចុប្បន្នមានព្រំប្រទល់នៅតាមដងទន្លេ Amur។
រាជវង្ស Qing របស់ប្រទេសចិន ដើមឡើយបានបដិសេធទទួលស្គាល់សន្ធិសញ្ញាឆ្នាំ១៨៥៨នេះ ប៉ុន្តែបន្ទាប់ពីការធ្លាក់ចុះនៃអំណាចរបស់ខ្លួននិងការកើតមានចលនាបះបោរក្នុងប្រទេស សន្ធិសញ្ញានេះក៏ត្រូវបានទទួលយកជាផ្លូវការក្រោមអនុសញ្ញា Peking ជាអ្វីដែលចិនតែងចាត់ទុកថាជាសន្ធិសញ្ញា «មិនស្មើគ្នា» ជាមួយមហាអំណាចបរទេសក្នុងសតវត្សរ៍ទី១៩។ ក្នុងសន្ធិសញ្ញាឆ្នាំ១៨៥៨ រុស្ស៊ីទទួលបានដីទំហំច្រើនជាង ៦០ម៉ឺនគីឡូម៉ែត្រការ៉េ ដែលឥលូវមានឈ្មោះថាតំបន់ Outer Manchuria។
ប្រធានាធិបតីតៃវ៉ាន់ បាននិយាយថា៖ «ចេតនារបស់ចិនក្នុងការវាយប្រហារ និងយកដីតៃវ៉ាន់ មិនមែនដោយសារតែការនិយាយឬការធ្វើអ្វីមួយរបស់នរណាម្នាក់ ឬគណបក្សនយោបាយណាមួយនៅតៃវ៉ាន់ឡើយ។ វាមិនមែនសម្រាប់ជាប្រយោជន៍នៃបូរណភាពទឹកដីទេ ដែលចិនចង់យកតៃវ៉ាន់។ ប្រសិនបើនេះដើម្បីបូរណភាពទឹកដី ហេតុអ្វីមិនយកទឹកដីរុស្ស៊ីដែលបានចុះហត្ថលេខាក្នុងសន្ធិសញ្ញា Aigun មកវិញផង? រុស្ស៊ីឥលូវនេះកំពុងចុះទន់ខ្សោយខ្លាំង ត្រូវអត់?»។
លោក Lai បានបន្តទៀតថា៖ «សន្ធិសញ្ញា Aigun ដែលបានចុះហត្ថលេខាក្នុងអំឡុងពេលរាជវង្ស Qing អ្នកអាចសុំឲ្យរុស្ស៊ី (ប្រគល់ទឹកដីមកវិញ) ប៉ុន្តែអ្នកធ្វើមិនបាន។ ដូច្នេះ វាច្បាស់ណាស់ថា ពួកគេមិនមែនចង់ឈ្លានពានតៃវ៉ាន់សម្រាប់ហេតុផលទឹកដីឡើយ»។
លោក Lai បានសង្កត់ធ្ងន់ថា អ្វីដែលចិនពិតជាចង់ធ្វើក្នុងការទាមទារយកកោះតៃវ៉ាន់ គឺការផ្លាស់ប្តូរសណ្ដាប់ធ្នាប់ដែលត្រូវបានចែងដោយច្បាប់អន្តរជាតិ។ មេដឹកនាំតៃវ៉ាន់ ថា ចិន«ចង់សម្រេចបាននូវការគ្រប់គ្រងនៅក្នុងតំបន់អន្តរជាតិ ក្នុងប៉ាស៊ីហ្វិកខាងលិច ដែលនោះគឺជាគោលដៅពិតប្រាកដ»។
ការិយាល័យកិច្ចការតៃវ៉ាន់របស់ប្រទេសចិន មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយ ពាក់ព័ន្ធនឹងការលើកឡើងរបស់លោក Lai នោះទេ។
រដ្ឋាភិបាលក្រុងប៉េកាំង បាននិយាយថា តៃវ៉ាន់ជាទឹកដីរបស់ចិនតាំងពីបុរាណកាលមក និងតែងចាត់ទុកតៃវ៉ាន់ជាអធិបតេយ្យភាពរបស់ខ្លួន ហើយក៏មិនបដិសេធក្នុងការប្រើប្រាស់កម្លាំងយោធាដើម្បីយកកោះនេះឲ្យស្ថិតក្រោមការគ្រប់គ្រងរបស់ខ្លួនឡើយ។ រដ្ឋាភិបាលតៃវ៉ាន់បានច្រានចោលការអះអាងទាំងនោះ ដោយនិយាយថាមានតែប្រជាជនតៃវ៉ាន់ទេដែលអាចសម្រេចអនាគតរបស់ពួកគេ។
រាជវង្ស Qing បានចុះហត្ថលេខាប្រគល់កោះតៃវ៉ាន់ទៅប្រទេសជប៉ុននៅក្នុងឆ្នាំ១៨៩៥ ក្រោមសន្ធិសញ្ញាមួយផ្សេងទៀត ហើយឆ្នាំ១៩៤៥ នៅចុងបញ្ចប់នៃសង្គ្រាមលោកលើកទី២ កោះនេះត្រូវបានប្រគល់ទៅឲ្យរដ្ឋាភិបាលសាធារណៈរដ្ឋចិន។ នៅ៤ឆ្នាំបន្ទាប់ក្រោយចាញ់សង្គ្រាមស៊ីវិលជាមួយបក្សកុម្មុយនិស្តរបស់លោក ម៉ៅ សេទុង រដ្ឋាភិបាលសាធារណៈរដ្ឋចិនបានរត់ភៀសខ្លួនទៅគ្រប់គ្រងនៅកោះតៃវ៉ាន់មកទល់នឹងសព្វថ្ងៃនេះ៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


