ស្វែងយល់​ពី​កត្តា​ប្រឈម មូលហេតុ និង​រោគសញ្ញា​ ជំងឺ​មហារីក​សុដន់
Connect with us
Helistar Cambodia - Helicopter Charter Services

សុខភាព

ស្វែងយល់​ពី​កត្តា​ប្រឈម មូលហេតុ និង​រោគសញ្ញា​ ជំងឺ​មហារីក​សុដន់

Published

on

បច្ចុប្បន្ន​នៅលើ​ពិភពលោក ​ជំងឺមហារីក​សុដន់ ជា​កង្វល់​ទី​១ ក្នុងចំណោម​ជំងឺមហារីក​របស់​ស្ត្រី​ទាំង​អស់​។ ចំណែក​នៅ​ប្រទេស​កម្ពុជា​យើង​ជំងឺ​នេះ ​គឺ​ស្ថិតក្នុង​ចំណាត់ថ្នាក់​ទី​២​ នៃ​ជំងឺមហារីក​របស់​ស្ត្រី​។ គេ​សង្កេតឃើញ​ជំងឺ​នេះ​ច្រើន​មាននៅ​លើ​ស្ត្រី​វ័យ​ចំណាស់ ប៉ុន្តែ​ស្ត្រី​វ័យក្មេង​ក៏​អាច​ជួបប្រទះ​ដែរ​។ អត្រា​ នៃ​អ្នកជំងឺ​មហារីក​សុដន់ ​៖
– ១០% អាច​កើត​លើ​ស្ត្រី​វ័យ​ក្រោម៣៥​ឆ្នាំ​
– ២០% អាច​កើត​លើ​ស្ត្រី​វ័យ​ក្រោម៥០​ឆ្នាំ​
– ៥០% អាច​កើត​លើ​ស្ត្រី​វ័យ​ចន្លោះ៥០-៦៩​ឆ្នាំ​
– ២៨% អាច​កើត​លើ​ស្ត្រី​វ័យ​ចន្លោះ ៦០​ឆ្នាំ ឡើង​ទៅ​

ក​) កត្តា​ប្រឈម និង​មូល​ហេតុដែល​បណ្តាល​ឲ្យ​កើតមាន​មហារីក​សុដន់​លើ​ស្ត្រី​ ៖
ជំងឺមហារីក​សុដន់​កើតឡើង​ពី​ការវិវត្តន៍ ​នៃ​កោសិកា​ក្រពេញ​ដោះ​។ កត្តា​ដែល​អាច​បង្ក​ឲ្យ​មាន​ជំងឺ​នេះ​រួមមាន ​៖
– កត្តា​អ័រម៉ូន​ស្ត្រី​: ស្ត្រី​ខ្លះ​ឆាប់​ពេញវ័យ​ពេក (​មុន​១២​ឆ្នាំ​) និង​ស្ត្រី​ខ្លះទៀត​អស់​រដូវ​យូរពេក​(​ក្រោយ៥៥​ឆ្នាំ​)
– ស្ត្រី​ដែលមាន​បុត្រ​ទី​១ ក្រោយ​អាយុ៣០​ឆ្នាំ​
– ស្ត្រី​ដែល​ប្រើ​ថ្នាំ​ពន្យារ​ការ​មាន​រដូវ​
– បញ្ហា​តំណ​ពូជ​
– របប​ចំណីអាហារ​:
• អ្នក​មិនសូវ​ទទួលទាន​បន្លែ​
• អ្នក​មិនបាន​ហាត់​កីឡា​
• អ្នក​ធាត់​ខ្លាំង​
• អ្នក​ញាំ​ស្រា ៥០០ml ក្នុង​មួយថ្ងៃ​
– ជក់បារី​
– ប្រវត្តិ​ក្រុមគ្រួសារ​មាន​: ជំងឺមហារីក​សុដន់ មហារីក​ដៃ​ស្បូន (​អត្រា​អាច​កើត​ជំងឺមហារីក​សុដន់​មាន​ពី ២០%-៣០% ក្នុង​លក្ខណៈ​ដំណ​ពូជ​)។​

ខ​) រោគសញ្ញា ​៖
– ដុំ​មួយ ឬ​ច្រើន​នៅក្នុង​សុដន់ ទំហំ​តូច​ឬ​ធំ​គែម​ជុំវិញ ដុំ​មិន​ច្បាស់លាស់ រ​ឆេងរ​ឆូ​ញ​មិនអាច​រំកិល​បាន​ជា​ប់​ស្អិត​ជាមួយ​សាច់ដុំ​
– ស្បែក​សុដន់​រាង​ដូច​សំបក​ក្រូច​
– ក្បាលដោះ​ផត​ចូលក្នុង​
– ដោះ​ប្រែប្រួល​ទំហំ​ខុសធម្មតា​ខ្លាំង​
– ចេញ​ទឹកដោះ​លាយ​ឈាម​
– មាន​កូនកណ្តុរ​នៅក្រោម​ក្លៀក​
– សញ្ញា​ផ្សេងៗ​ទៀត​

ជួនកាល​ការធ្វើ​រោគវិនិច្ឆ័យ និង​ព្យាបាល​យឺត នាំ​ឲ្យ​ដុំ​នោះ​អាច​លូតលាស់​រាលដាល​ទៅ​កន្លែង​ផ្សេង និង​បណ្តាល​ឲ្យ​មាន​អាកា​រៈ​ក្អួតចង្អោរ ស្រក​ទម្ងន់ ស្បែក​ឡើង​ពណ៌​លឿង ឈឺសន្លាក់​ឆ្អឹង​ឈឺក្បាល ក្អក​។​

តើ​ត្រូវធ្វើ​ដូចម្តេច​ដើម្បី​ដឹងថា​មាន​ជំងឺមហារីក​សុដន់​?
គ​) ការធ្វើ​រោគវិនិច្ឆ័យ​ នៃ​ជំងឺមហារីក​សុដន់​ ៖
– ការ​ប៉ះ ឬ​ស្ទាប​ពិនិត្យ​ទម្រង់​របស់​ដុំ​ដោះ​
– ការពិនិត្យ​អេកូ​សុដន់​
– ការពិនិត្យ​ថត​គាប​សុដន់ (​បើ​ស្ត្រី​អាយុ​ពី​៤០​ឆ្នាំ​ឡើង​)
– ការថត​ស្កេ​ន (Scan)
– ការថត អ៊ី​អែ​អឹម (IRM)
– ការ​ចោះ​ដុំ​សាច់​ដោយ​ធ្វើតាម​ម៉ាស៊ីន​អេកូ (Échographie guidée pour biopsie chirurgicale, biopsie percutanée)
– ការវិភាគ​លើ​សាច់​ដែល​បាន​ចោះ​រួច (Anatomopathologie de la pièce biopsique)​។​

ឃ​) ការព្យាបាល ​៖
ការព្យាបាល​ជំងឺមហារីក​សុដន់ ធ្វើឡើង​ទៅតាម​ទំហំ​របស់​ដុំ​ដោះ​។ ជាទូទៅ​ការព្យាបាល​នោះ​រួម​មាន ​៖
– ការ​វះ​យក​ដុំ​សាច់​មហារីក ដោយ​កាត់ចេញ​ដោះ​ទាំងមូល ឬ​ពាក់កណ្ដាល​
– ការព្យាបាល​ដោយ​ថ្នាំ​គីមី​

– ការព្យាបាល​ដោយ​កាំរស្មី​អ៊ីយ៉ុង​
– ការព្យាបាល​ដោយ អ័រម៉ូន​

ង​) វិធី​បង្ការ​កុំ​ឲ្យ​មាន​ជំងឺមហារីក​សុដន់​ ៖
ការពិនិត្យ​សុខភាព​ផ្នែក​រោគ​ស្ត្រី​ជាមួយ​គ្រូពេទ្យ​ឯកទេស​រោគ​ស្ត្រី​:
– ថត​កៀប​សុដន់​រៀងរាល់​ឆ្នាំ​ដើម្បី​ពិនិត្យ​ស្រាវជ្រាវ​រក​ជំងឺមហារីក​សុដន់ ចាប់ពី​អាយុ​៤០​ឆ្នាំទៅ​
– ករណី​ក្រុមគ្រួសារ​មាន​ម្នា​ក់កើត​ជំងឺមហារីក​សុដន់ ក្រោម​អាយុ៥០​ឆ្នាំ​ ត្រូវ​ពិនិត្យ​រៀងរាល់​៦​ខែម្តង ដោយ​ធ្វើការ​កៀប​ដោះ អេកូ​ដោះ​។​

​ជាទូទៅ នៅ​ប្រទេស​កំពុង​អភិវឌ្ឍន៍ កម្មវិធី​បង្ការ​មហារីក​សុដន់​លើ​ស្ត្រី ត្រូវបាន​ធ្វើឡើង​រៀងរាល់​២​ឆ្នាំ​ម្តង​។​

ច​) ស្ត្រី​គ្រប់រូប​ត្រូវ​ចេះ​ស្ទាប និង​ពិនិត្យ​សុដន់​របស់ខ្លួន​ដោយ​ ៖
១. ឈរ​នៅមុខ​កញ្ចក់​ ៖
ពិនិត្យ​សុដន់​នូវ​សញ្ញា​ខាងក្រោមៈ​
– ការចេញ​ទឹកដោះ (Écoulement mamelonnaire)
– ស្បែក​គ្រើម​ដូច​សំបក​ក្រូច​
– ក្រហម​រមាស់ ផត​ចូល​នៃ​ផ្នែក​ណាមួយ​

២. លើកដៃ​ខាងស្តាំ​ឡើង ហើយ​ដៃ​ឆ្វេង​ប្រើ​ចុង​ម្រាមដៃ​៣​ស្ទាប​ដោះ​ស្តាំ ដោយ​ចាប់ផ្ដើម​ស្ទាប​ពី​ខាង​ក្រៅ​ទៅ​ស្ទាប​ជា​រង្វង់​។​
៣. សូម​ធ្វើការ​ពិនិត្យ​សុដន់​ទាំង​២ ព្រមទាំង​ក្លៀក​
៤. ការបញ្ចប់​ការពិនិត្យ​សុដន់​ចុងក្រោយ ត្រូវ​ពិនិត្យ​ចុង​ដោះ មាន​ចេញ​ទឹកដោះ​លាយ​ឈាម​ ឬ​អត់​ឬ​ក៏​ផត​ក្បាល​ចូល​ក្នុង​។​

ប្រសិនបើ​មាន​ករណី​សង្ស័យ ឬ​មាន​អាកា​រៈ​ដូច​បាន​រៀបរាប់​ខាងលើ មេត្តា​ប្រញាប់​ជួប​ពិគ្រោះ​វេជ្ជ​បណ្ឌិត​ជំនាញ​រោគ​ស្ត្រី​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត ដើម្បី​ធ្វើ​រោគវិនិច្ឆ័យ និង​ទទួល​ការ​ព្យាបាល​ឲ្យ​បាន​ត្រឹម​ត្រូវ និង​ទាន់ពេលវេលា ចៀសវាង​យឺត​ពេល ដែល​បង្ក​គ្រោះថ្នាក់​ដល់​អាយុជីវិត​៕​
អត្ថបទ ៖ រស្មី​

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services