ទស្សនៈនានាអំពីកម្រងនិទាន “សង្វៀនផ្លូវងងឹត” ដែលឆ្លុះបញ្ចាំងប្រពៃណី និងអបិយជំនឿដូនតាខ្មែរ
Connect with us
Helistar Cambodia - Helicopter Charter Services

KPT+

ទស្សនៈនានាអំពីកម្រងនិទាន “សង្វៀនផ្លូវងងឹត” ដែលឆ្លុះបញ្ចាំងប្រពៃណី និងអបិយជំនឿដូនតាខ្មែរ

បានផុស

នៅ

(ផ្សាយឡើងវិញ) ភាគនិទានបែបមន្តអាគម “សង្វៀនផ្លូវងងឹត” ត្រូវបានយុវជន៣រូបបញ្ចេញទស្សនៈវិជ្ជមានចំពោះដំណើរដើមទងនៃរឿង ព្រមទាំងតម្លៃនៃពុទ្ធិ ថាជាប្រលោមលោកដែលឆ្លុះបញ្ចាំងពីប្រពៃណីនិងអបិយជំនឿដូនតាខ្មែរ ដែលអាចរៀនសូត្របានសន្ធឹកក្នុងនាមពួកគេជាកូនចៅជំនាន់ក្រោយ។

លោក ជា តុងហៃ អ្នកនិពន្ធមកពីក្រុមទសប៉ាកកា បានលើកឡើងថា ខ្លួនជាអ្នកគាំទ្រស្នាដៃរបស់ ពេជ្រ បណ្ឌិត ជាយូរមកហើយ តាំងតែពីលោកមិនទាន់ក្លាយជាអ្នកនិពន្ធមកម្លេះ។ លោកថា ពេជ្រ បណ្ឌិត មានស្នាដៃបែបមន្តអាគមប្រមាណ ១០ រឿងនៅលើវេបសាយអនឡាញប្រលោមលោក Sabbay ហើយលោកជាអ្នកគាំទ្រម្នាក់ដែលអានស្នាដៃទាំងនោះដោយមិនចន្លោះណាមួយឡើយ ។ ស្នាដៃរឿងនីមួយៗសុទ្ធតែមានលក្ខណៈពិសេស ដោយមិនត្រឹមតែផ្ដល់ការកម្សាន្តប៉ុណ្ណោះទេ តែវាបានផ្ដល់នូវចំណេះដឹងពីវប្បធម៌ក្នុងជំនឿខ្មែរ ដែលសូម្បីតែរូបលោកជាកូនខ្មែរម្នាក់ក៏មិនធ្លាប់បានស្គាល់ ឬបានដឹងផង។

ចំណែកឯ កញ្ញា  សំ ច័ន្ទមុន្នីកា ប្រាប់មកកម្ពុជាថ្មីថា នៅពេលកញ្ញាបានអានប្រលោមលោករបស់ ពេជ្រ បណ្ឌិត កញ្ញារកឃើញថា ស្នាដៃរបស់អ្នកនិពន្ធរូបនេះមានភាពខុសប្លែកពីស្នាដៃមន្តអាគមផ្សេងៗ។ កញ្ញាថា លក្ខណៈខុសប្លែកនោះរួមមាន ១.និយាយពីអបិយជំនឿគួបផ្សំនឹងហេតុផលដោយបញ្ជាក់ពីប្រភពច្បាស់លាស់ ២. អភិរក្សប្រពៃណីអត្តសញ្ញាណជាតិ ៣.ឆ្លុះបញ្ចាំងពីកម្មពៀររបស់អ្នកប្រព្រឹត្តមន្តអាគមខ្មៅងងឹតដែលបំពានអ្នកដទៃ នឹងទទួលកម្មតបស្នងមិនចាំបាច់ជាតិក្រោយឡើយ។

ងាកមកយុវជនម្នាក់ទៀតនោះគឺ លោក លី គឹមសួរ ដែលជាអ្នកនិពន្ធជំនាន់ថ្មីមួយរូបមកពីក្រុមទសប៉ាកកាផងនោះ បានឲ្យដឹងថា លោកអានកម្រងរឿងបែបមន្តអាគមរបស់អ្នកនិពន្ធរូបនេះ ធ្វើឲ្យលោកស្លុងអារម្មណ៍ ព្រឺព្រួច ដូចស្ថិតក្នុងហេតុការណ៍ជាមួយតួអង្គពិតៗ។

ដោយឡែក អ្នកនិពន្ធ ពេជ្រ បណ្ឌិត ដែលជាម្ចាស់ស្នាដៃប្រលោមលោកមន្តអាគមជាច្រើនរឿង មានប្រសាសន៍ថា ចំពោះអ្នកស្រីនៅពេលសរសេររឿងមន្តអាគម អ្នកស្រីគិតទៅលើចំណុចមួយចំនួនគឺ ជាដំបូងត្រូវផ្សារភ្ជាប់សាច់រឿងទៅនឹងស្ថានភាពរស់នៅរបស់ប្រជាជន ដោយមិនបំភ្លៃការពិតពេកខុសពីអ្វីដែលអ្នកអានធ្លាប់ជួបឡើយ។ ក្នុងនាមជាអ្នកនិពន្ធ អ្នកស្រីថា យើងអាចបំភ្លៃ ប៉ុន្តែមិនមែនបំភ្លៃបែបមិនទំនង ធ្វើឲ្យអ្នកអានយល់ថា សាច់រឿងកុហកៗនោះទេ។ ការសរសេររឿងបែបមនោសញ្ចេតនាគេផ្ដោតលើតួអង្គជាជាងទិដ្ឋភាព តែសម្រាប់រឿងបែបភ័យរន្ធត់ឬមន្តអាគម គេផ្តោតលើទិដ្ឋភាពជាជាងតួអង្គវិញ។ អ្នកនិពន្ធបន្ថែមថា រឿងបែបមន្តអាគមអូមអាមមិនមែនជារឿងដែលអ្នកស្រីចង់ឲ្យអ្នកអានព្រឺខ្លាចទេ ត ចង់ឲ្យអ្នកបានទទួលនូវពុទ្ធិដែលពាក់ព័ន្ធនឹងជំនឿដូនតាយើង។

ម្ចាស់ស្នាដៃ “សង្វៀនផ្លូវងងឹត”  រូបនេះបាននសង្កត់ធ្ងន់ជាចុងក្រោយថា ប្រលោមលោកអបិយជំនឿ អ្នកស្រីតែងតែបញ្ចប់រឿងដោយឲ្យមនុស្សល្អនិងអំពើល្អ ឈ្នះលើសេចក្ដីអាក្រក់និងអមនុស្សជានិច្ច។ ការបញ្ចប់រឿងបែបនេះ វាមិនមែនជារសនិយមដែលអ្នកស្រីចូលចិត្តទេ ប៉ុន្តែអ្នកស្រីចង់ឆ្លុះបញ្ចាំងថា គ្រប់បញ្ហាកើតឡើងចំពោះយើងម្នាក់ៗតែងតែមានផ្លូវដោះស្រាយដរាបណាយើងមិនបោះបង់។

ភាគនិទានមន្តអាគម “សង្វៀនផ្លូវងងឹត” មាន ៤ រឿងខ្លី និយាយពី​ ជំងឺជួរសម្បួរក្នុងគ្រួសារខ្មែរ អាថ៌កំបាំងក្នុងផ្ទះគ្រូទាយម្នាក់ ការចាក់សាក់របស់តារាដែលមានឈ្មោះល្បី និងក្រុមចម្រៀងមួយក្រុមដែលខុសមាត់កជាមួយជនជាតិភាគតិចនៅភាគឦសាន។ ប្រលោមលោកនេះ ជាស្នាដៃរបស់អ្នកនិពន្ធ ពេជ្រ បណ្ឌិត ដែលបានចេញផ្សាយកាលពីដើមខែមករា ឆ្នាំ ២០២០៕

អត្ថបទ៖ សន្យា

ចុចអាន៖ ខ្លះៗជុំវិញពាក្យជួរសម្បួរដែលជាជំងឺផ្លូវងងឹតក្នុងជំនឿខ្មែរ

ចុចអាន៖ គួរឲ្យសរសើរ! អ្នកនិពន្ធ រតនា យកថវិកាពីការលក់សៀវភៅគាំទ្រសកម្មភាពសប្បុរសធម៌

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services