លោក ព្រាប កុល បានបញ្ចប់អាណត្តិពីប្រធានគណៈកម្មការសវនកម្ម នៃអង្គការតម្លាភាពអន្តរជាតិ (TI) ហើយកាលពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០ បន្ទាប់ពីសមាជិកមកពីប្រទេសជាងមួយរយ បានបោះឆ្នោតគាំទ្រកាលពី៣ ឆ្នាំមុន។
លោក ព្រាប កុល បានបញ្ជាក់យ៉ាងដូច្នេះថា “ថ្ងៃនេះ (០៩.វិច្ឆិកា.២០២០) ជាថ្ងៃចុងក្រោយនៃអាណត្តិរបស់ខ្ញុំ ក្នុងមុខដំណែងជាសមាជិកក្រុមប្រឹក្សាភិបាលអន្តរជាតិ និងជាប្រធានគណៈកម្មការសវនកម្ម នៃអង្គការតម្លាភាពអន្តរជាតិ (TI) ដែលត្រូវបានសមាជិកមកពីប្រទេសជាងមួយរយបានបោះឆ្នោតឲ្យខ្ញុំកាលពី៣ឆ្នាំមុន”។
លោកថា នៅក្នុងមុខងារនេះ លោកបំពេញប្រកបដោយមោទនភាព និងដោយកិត្តិយស ក្នុងនាមជាពលរដ្ឋខ្មែរម្នាក់ ដែលមានវ័យក្មេងជាងគេក្នុងចំណោមសមាជិកក្រុមប្រឹក្សាភិបាលទាំង១២រូប។
ទោះជាយ៉ាងណា លោកសម្រេចចិត្តមិនឈរឈ្មោះសម្រាប់អាណត្តិទី២ទេ ពីព្រោះលោកចង់ទុកពេលវេលា១០០ ភាគរយសម្រាប់បម្រើដល់បុព្វហេតុកម្ពុជា តាមរយៈការបណ្តុះបណ្តាល និងការកសាងសមត្ថភាពពលរដ្ឋខ្មែរ ជាពិសេសយុវជន ដើម្បីរួមចំណែកពង្រីកវិសាលភាពធនធានមនុស្ស ដែលលោកយល់ថា អាចនឹងធ្វើឲ្យប្រទេសកម្ពុជា ជាទីស្រឡាញ់របស់យើង កាន់តែមានភាពរឹងមាំទៅថ្ងៃអនាគត។
ជាមួយគ្នានោះ លោកបានថ្លែង អំណរគុណដល់ពលរដ្ឋខ្មែរគ្រប់រូប ដែលតែងតែផ្តល់ការគាំទ្រ និងលើកទឹកចិត្តដល់រូបលោក នាពេលកន្លងមក និងតទៅថ្ងៃមុខទៀត។ លោកបានលើកទឹកចិត្តដល់ពលរដ្ឋខ្មែរគ្រប់រូប ជាពិសេសយុវជនជំនាន់ក្រោយ មានភាពក្លាហាន និងមានការជឿជាក់លើសមត្ថភាពខ្លួនឯងថា ពួកយើងមានពូជសាសន៍ជាអ្នកកសាងអង្គរ ហើយយើងមានសមត្ថភាពគ្រប់ គ្រាន់ក្នុងការប្រកួតប្រជែងលើឆាក អន្តរជាតិ។ លោកយល់ឃើញថា មធ្យោបាយតែមួយគត់ ដែលយើងអាចថែរក្សា ការពារទឹកដីយើង និងលើកកំពស់អត្តសញ្ញាណរបស់ជនជាតិយើង គឺការពង្រឹងសមត្ថភាពខ្លួនឯងលើគ្រប់វិស័យ និងការសាមគ្គីជាតិ និងឯកភាពជាតិ។
សូមបញ្ជាក់ថា អង្គការតម្លាភាពអន្តរជាតិ (TI) មានទីស្នាក់ការកណ្តាល នៅទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់ អង្គការនេះមានទស្សនៈមិនស្របជាមួយរដ្ឋាភិបាលទេ ហើយថ្មីៗនេះ ក៏បានចេញសេចក្តីថ្លែងការណ៍មួយថ្កោលទោសចំពោះសេចក្ដីព្រាងច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល (LANGO) នៅនៅប្រទេសកម្ពុជាផងដែរ៕
ដោយ ៖ កោះកែវ