Connect with us

ព័ត៌មានជាតិ

ក្រោយដកពីខេត្តមណ្ឌលគិរី លោក ឡោ សុខា ទទួលបានភារកិច្ចថ្មី ជាអនុប្រធាននាយកដ្ឋានកណ្ដាលនគរបាលការពារព្រំដែន

បានផុស

នៅ

អតីតស្នងការនគរបាលខេត្តមណ្ឌលគិរី លោកឧត្តមសេនីយ៍ទោ ឡោ សុខា ទទួលបានភារកិច្ចថ្មី ជាអនុប្រធាននៃនាយកដ្ឋានកណ្ដាលនគរបាលការពារព្រំដែន។ ការប្រកាសចូលកាន់តំណែងរបស់ឧត្តមសេនីយ៍ទោ ឡោ សុខា បានធ្វើឡើងជាផ្លូវការនាព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦ ក្រោមវត្តមានលោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាការកត់សម្គាល់ លោក ឡោ សុខា ត្រូវបានប្រមុខរាជរដ្ឋាភិបាល សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ចប់មុខតំណែងពីស្នងការនគរបាលខេត្តមណ្ឌលគិរី តាមរយៈអនុក្រឹត្យកាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ ដំណាលគ្នានឹងការបញ្ចប់តំណែងលោក ហែម បូណារ៉ែល ពីមេបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី។ ខណៈអភិបាលខេត្តភូមិភាគឦសានមួយនេះ គឺលោក ថង សាវុន ក៏ត្រូវបានប្រមុខរដ្ឋស្ដីទីសម្ដេចតេជោ ហ៊ុន សែន ចេញព្រះរាជក្រឹត្យដកតំណែងផងដែរ។

ក្រៅពីការប្រកាសចូលកាន់តំណែងរបស់លោក ឡោ សុខា ក្នុងពិធីនាព្រឹកថ្ងៃនេះ លោកនាយឧត្តមសេនីយ៍ ស ថេត ក៏បានប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងដល់មន្ត្រីនគរបាលជាតិជាន់ខ្ពស់ចំនួន៦រូបផ្សេងទៀត ថ្នាក់នាយកដ្ឋានចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ​។

នាយនគរបាលជាន់ខ្ពស់ទាំងនោះ មានឧត្តមសេនីយ៍ឯក លី ឡាយ ត្រូវបានផ្ទេរពីប្រធាននាយកដ្ឋាននគរបាលការពារបេតិកភណ្ឌ ទៅជាអនុប្រធាននាយកដ្ឋានកណ្តាលសណ្តាប់ធ្នាប់សាធារណៈ ឧត្តមសេនីយ៍ទោ ពៅ កល្យាណ ផ្ទេរពី អនុប្រធាននាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម ទៅជាអនុប្រធានសេនាធិការដ្ឋាន និងឧត្តមសេនីយ៍ទោ ជា សណ្តាប់ ផ្ទេរពីអនុប្រធាននាយកដ្ឋានកណ្តាលសណ្តាប់ធ្នាប់សាធារណៈ ទៅជាប្រធាននាយកដ្ឋាននគរបាលការពារ បេតិកភណ្ឌ។

រីឯឧត្តមសេនីយ៍ទោ ទិត្យ ប៊ុនណា ត្រូវបានដំឡើងភារកិច្ចពីអនុប្រធាននាយកដ្ឋាន ទៅជាប្រធាននាយកដ្ឋាននគរបាលបច្ចេកទេស និងវិទ្យាសាស្ត្រ ឧត្តមសេនីយ៍ទោ ឡោ ម៉េងហួត ដំឡើងពីអនុប្រធាននាយកដ្ឋាន ទៅជាប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ និងឧត្តមសេនីយ៍ត្រី ម៉េង ហ៊ុយ ដំឡើងពីស្នងការរង ទៅជាស្នងការនៃស្នងការដ្ឋានហិរញ្ញកិច្ច និងភស្តុភារ។

នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ មានជំនឿចិត្តយ៉ាងមុតមាំថា នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ទាំង៧រូប ដែលត្រូវប្រកាសផ្ទេរភារកិច្ច និងចូលកាន់តំណែងពេលនេះ នឹងខិតខំដឹកនាំអង្គភាពឱ្យបានល្អ និងទទួលបានជោគជ័យដូចអ្វីដែលបានប្តេជ្ញាចិត្ត។

លោកនាយឧត្តមសេនីយ៍បានណែនាំឱ្យបន្តខិតខំពង្រឹងការអនុវត្តការងារ បំពេញតួនាទីដឹកនាំ គ្រប់គ្រងកងកម្លាំងឱ្យបានត្រឹមត្រូវ ដោយត្រូវរក្សាបទពិសោធល្អៗ រួមជាមួយបច្ចុប្បន្នភាពលើចំណុចដែលមានការខ្វះខាត ពង្រឹងសាមគ្គីភាពផ្ទៃក្នុង ហើយការដឹកនាំកម្លាំងត្រូវឱ្យមានតម្លាភាព ផ្ដល់យុត្តិធម៌ចំពោះមន្ត្រីក្រោមឱវាទ និងបែងចែកប្រគល់ភារកិច្ចដល់មន្ត្រីឱ្យចំជំនាញ៕

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម