Connect with us

ព័ត៌មានជាតិ

មនុស្សយ៉ាងហោចជាង៣ពាន់នាក់ត្រូវបានឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាប Online Scam ក្នុងពេល២២ថ្ងៃ

បានផុស

នៅ

ក្នុងរយៈពេល៣សប្ដាហ៍ ក្នុងខែឧសភា ឆ្នាំ២០២៦ សមត្ថកិច្ចកម្ពុជា បានបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាចំនួន៥០ទីតាំង ដោយឃាត់ខ្លួនបានអ្នកពាក់ព័ន្ធប្រមាណ៣ ៣២០នាក់ ស្មើនឹង៣២សញ្ជាតិ។ នេះបើតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ដោយចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងតាមរយៈសេចក្ដីប្រកាសព័ត៌មាន កាលពីថ្ងៃទី២៤ ខែឧសភា ថា ក្នុងចំណោមអ្នកទាំងនោះមានមនុស្សចំនួន៩៦នាក់ ស្មើនឹង៦សញ្ជាតិ ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ និង១ ០៣០នាក់ ស្មើនឹង១៦សញ្ជាតិ ត្រូវបានបណ្តេញចេញពីប្រទេសកម្ពុជា និងក្នុងនោះសាមីជន បានស្នើសុំត្រឡប់ទៅប្រទេសកំណើតវិញចំនួន៤៥នាក់ ស្មើនឹង៨សញ្ជាតិ ខណៈកំពុងបន្តនីតិវិធីនៅតាមស្នងការដ្ឋាននគរបាលរាជធានីខេត្តចំនួន១ ៥៩០នាក់ ស្មើនឹង១៦សញ្ជាតិ។ រីឯមនុស្ស៥៥៩នាក់ផ្សេងទៀត ធ្វើការអប់រំបុគ្គល ដោយសារមិនជាប់ពាក់ព័ន្ធ។

តាមការបញ្ជាក់របស់សមត្ថកិច្ច ក្នុងប្រតិបត្តិការដ៏ក្តៅគគុកនេះ បានធ្វើឱ្យក្រុមជនឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាមួយចំនួនរត់គេចទៅសម្ងំលាក់ខ្លួននៅទីកន្លែងនានាក្នុងប្រទេស និងមួយចំនួនទៀតបានចាកចេញពីប្រទេសកម្ពុជា ហើយព្យាយាមបន្តប្រតិបត្តិការឆបោកនៅតាមប្រទេសក្នុងតំបន់មួយចំនួនទៀត។

ទន្ទឹមនឹងប្រតិបត្តិការបង្ក្រាប សមត្ថកិច្ច ក៏បានអះអាងពីការអនុវត្តយ៉ាងសកម្មនូវវិធានការរដ្ឋបាលនៅតាមទីតាំងស្នាក់នៅប្រមូលផ្តុំ និងអនុវត្តវិធានការផាកពិន័យម្ចាស់ទីតាំងជាច្រើននាក់ ដោយមិនទាន់គិតដល់ទោសទណ្ឌដែលមានកំណត់ក្នុងច្បាប់ជាធរមានពាក់ព័ន្ធការផ្តល់ទីតាំងឱ្យជនបរទេសស្នាក់នៅខុសច្បាប់ ស្របតាមអនុក្រឹត្យលេខ ០៣ ស្តីពីការគ្រប់គ្រងសន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំ។

អគ្គស្នងការដ្ឋាននគរបាលជាតិ បានប្ដេជ្ញានឹងបន្តបេសកកម្មដ៏មានសារៈសំខាន់នេះ ដោយគ្មានការបន្ធូរបន្ថយឡើយ និងបានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានឱ្យចូលរួមសហការជាមួយសមត្ថកិច្ច ដោយមិនត្រូវផ្តល់ទីជម្រកលាក់ខ្លួន ឬទីតាំងប្រព្រឹត្តបទល្មើសដល់ក្រុមឧក្រិដ្ឋជន Online Scams ជាដាច់ខាត។ អគ្គស្នងការដ្ឋាននគរបាលជាតិ បានលើកទឹកចិត្តឱ្យមានការផ្តល់ព័ត៌មានទាំងឡាយពាក់ព័ន្ធបទល្មើស Online Scams ដល់អាជ្ញាធរមានសមត្ថកិច្ច ចាត់វិធានការតាមច្បាប់ ដើម្បីធានាថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម សំដៅធ្វើឱ្យជនគ្រប់រូបរស់នៅ និងប្រកបរបរចិញ្ចឹមជីវិតដោយភាពសុខដុមរមនា។

អគ្គស្នងការដ្ឋាននគរបាលជា ថា នេះបានបង្ហាញអំពីការប្តេជ្ញាចិត្តប្រកប ដោយឆន្ទៈមោះមុត ក្នុងការបោសសម្អាតឧក្រិដ្ឋកម្មឆ្លងដែន ដែលមានលក្ខណៈជាសកលពេលនេះ៕




Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម