ព័ត៌មានជាតិ
ប្រមុខការទូតកម្ពុជា-អង់គ្លេស ឯកភាពគ្នាលើកទឹកចិត្តឲ្យអ្នកវិនិយោគិនអង់គ្លេសជ្រើសរើសកម្ពុជាជាគោលដៅវិនិយោគ
ការឯកភាពនៃ បានធ្វើឡើងនៅក្នុងជំនួបរវាង លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា ជាមួយលោក ដូមីនិក រ៉ាអាប់ (Dominic Raab) រដ្ឋមន្ត្រីការបរទេស កំមិនវ៉ែល និងអភិវឌ្ឍន៍នៃចក្រភពអង់គ្លេស កាលពីព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១។
តបតាមការអញ្ជើញរបស់លោក ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ដូមីនិក រ៉ាអាប់ (Dominic Raab) រដ្ឋមន្ត្រីការបរទេស កំមិនវ៉ែល និងអភិវឌ្ឍន៍នៃចក្រភពអង់គ្លេស បានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ ដើម្បីជំរុញ និងពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីរវាងប្រទេសទាំងពីរ។
ក្នុងអំឡុងពេលទស្សនកិច្ច លោក ដូមីនិក រ៉ាអាប់ បានជួបប្រជុំផ្លូវការជាមួយលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន។ លោកក៏បានអញ្ជើញទៅទស្សនាសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង និងមជ្ឈមណ្ឌលឯកសារកម្ពុជាផងដែរ។
នៅក្នុងជំនួបទ្វេភាគី លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានជម្រាបជូនលោក ដូមីនិក រ៉ាអាប់ អំពីបញ្ហានយោបាយ សន្តិសុខ និងការអភិវឌ្ឍន៍សង្គមនាពេលថ្មីៗ នៅក្នុងប្រទេសកម្ពុជា។
នៅក្នុងជំនួបនោះដែរ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល នៃចក្រភពអង់គ្លេស ដែលបានបន្តផ្តល់ប្រព័ន្ធអនុគ្រោះពន្ធ (GSP) ដល់ប្រទេសកម្ពុជា និងសម្រាប់ជំនួយលើវិស័យអប់រំ ការបោសសម្អាតមីន និងអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (ECCC)។ រដ្ឋមន្ត្រីការបរទេសទាំងពីរ បានឯកភាពគ្នាលើសារៈសំខាន់នៃកិច្ចសន្ទនាអំពីបញ្ហាពាណិជ្ជកម្ម។ រដ្ឋមន្ត្រីការបរទេសទាំងពីរបានចែករំលែកនូវគោលបំណងរួមក្នុងការបន្តពង្រឹង និងពង្រីកបន្ថែមទៀតនូវទំនាក់ ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការនៅលើវិស័យមួយចំនួនសម្រាប់ផលប្រយោជន៍ទៅវិញទៅមក ជាពិសេសក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម អប់រំ ការបោស សំអាតមីន សុខាភិបាល និងបរិស្ថាន។
រដ្ឋមន្ដ្រីការបរទេសទាំងពីរបានឯកភាពលើភាពចាំបាច់ក្នុងការផ្សព្វផ្សាយអំពីឱកាសធុរកិច្ចនៅក្នុងប្រទេសកម្ពុជា ដើម្បីលើកទឹកចិត្តដល់វិនិយោគិនចក្រភពអង់គ្លេសច្រើនថែមទៀត ឱ្យធ្វើការជ្រើស រើសយកប្រទេសកម្ពុជា ជាគោលដៅវិនិយោគ ដោយគិតពិចារណាទៅលើសក្តានុពលរបស់កម្ពុជា ដែលបានផលពីសារពើពន្ធ និងការលើកទឹកចិត្តផ្សេងៗ ក្របខណ្ឌកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន (AFTA) ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) កិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរីកម្ពុជា-ចិន និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-សាធារណរដ្ឋកូរ៉េ។ ក្នុងន័យនេះ ភាគីទាំង ពីរបានគិតគូរពិចារណាបង្កើតឱ្យមានអនុស្សរណៈ នៃការយោគយល់គ្នាស្តីពីការសម្របសម្រួលពាណិជ្ជកម្ម (MoU on Trade Facilitation)។

នៅក្នុងក្របខ័ណ្ឌអាស៊ាន លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានជម្រាបជូនលោក ដូមីនិក រ៉ាអាប់ អំពីការ ត្រៀមរៀបចំធ្វើជាប្រធានអាស៊ាននៅឆ្នាំ២០២២ របស់កម្ពុជា ដែលផ្តោតជាសំខាន់ទៅលើការលើកកម្ពស់មជ្ឈភាព និងឯកភាពអាស៊ាន ការពន្លឿនការស្តារឡើងវិញក្រោយផលប៉ះពាល់នៃជំងឺកូវីដ-១៩ និងការពង្រឹងសុខុមាលភាពសាធារណៈ។
លោកឧបនាយករដ្ឋមន្ត្រី បានកោត សរសើរចំពោះចំណាប់អារម្មណ៍ដ៏ជ្រាលជ្រៅរបស់ចក្រភពអង់គ្លេសក្នុងការសុំបង្កើតភាពជាដៃគូសន្ទនាជាមួយ អាស៊ាន ហើយលោកបានបញ្ជាក់អំពីការគាំទ្ររបស់កម្ពុជាចំពោះសំណើសុំរបស់ចក្រភពអង់គ្លេស អាស្រ័យដោយចក្រភពអង់គ្លេសតែងតែមានទំនាក់ទំនងយ៉ាង សកម្មជាមួយអាស៊ាន។

លោកឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការកោតសរសើរចំពោះការចូលរួមវិភាគទានរបស់ចក្រភពអង់គ្លេសចំនួន១ លានផោន ដល់មូលនិធិអាស៊ានសម្រាប់ឆ្លើយតបនឹងជំងឺកូវីដ- ១៩ និងបានលើកទឹកចិត្តឱ្យមានការគាំទ្របន្ថែមទៀតពីចក្រភពអង់គ្លេស ដល់គំនិតផ្តួចផ្តើមផ្សេងៗទៀតរបស់អាស៊ាន ដើម្បីដោះស្រាយជំងឺរាតត្បាត។

រដ្ឋមន្ត្រីការបរទេសទាំងពីរ ក៏បានផ្លាស់ប្តូរយោបល់គ្នាផងដែរ លើបញ្ហាតំបន់ និងអន្តរជាតិមួយចំនួន ដែលជាចំណាប់អារម្មណ៍ និងការបារម្ភរួមគ្នា រួមមាន សេចក្តីព្រាងក្រមប្រតិបត្តិរបស់បណ្តាភាគីនៅសមុទ្រចិនខាងត្បូង កិច្ចខិតខំប្រឹង ប្រែងរួមគ្នាសម្រាប់ការវិលត្រឡប់ទៅរកប្រក្រតីភាពរបស់ប្រទេស មីយ៉ាន់ម៉ា និងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ ដោយផ្តោតទៅលើការប្រើប្រាស់ថាមពលកើតឡើងវិញនិងមិនប៉ះពាល់ដល់ប្រព័ន្ធអេកូ និងបច្ចេកវិទ្យានានាដែលដើរតួនាទីដ៏សំខាន់។
ភ្ជាប់ជាមួយបញ្ហានេះ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានប្រកាសថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញទៅចូលរួមសន្និសីទអង្គការសហ ប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុលើកទី២៦ (COP26) នៅទីក្រុង Glasgow ។ រដ្ឋមន្ត្រីការបរទេសទាំងពីរបានឯកភាពបន្តធ្វើការជាមួយគ្នាកាន់តែជិតស្និទ្ធឡើង ទាំងនៅក្នុងក្របខ័ណ្ឌតំបន់ និងអន្តរជាតិ។
លោក ដូមីនិក រ៉ាអាប់ បានអះអាងជាថ្មីនូវការគាំទ្ររបស់ចក្រភពអង់គ្លេសសម្រាប់កិច្ចប្រជុំកំពូល ASEM13 ដែលនឹងរៀប ចំដោយកម្ពុជា នៅថ្ងៃទី ២៥-២៦ ខែវិច្ឆិកា ឆ្នាំ២០២១ និងបានថ្លែងអំណរ គុណចំពោះរាជរដ្ឋាភិបាលកម្ពុជា សម្រាប់បដិសណ្ឋារកិច្ចដ៏ល្អ និងការរៀបចំដ៏វិសេសវិសាលក្នុងអំឡុងពេលការស្នាក់ នៅរបស់លោកនៅកម្ពុជា។ លោក ដូមីនិក រ៉ាអាប់ គឺជារដ្ឋមន្ត្រីការបរទេសនៃចក្រភពអង់គ្លេសដំបូងគេបង្អស់ ដែលអញ្ជើញមកបំពេញទស្សនកិច្ច នៅព្រះរាជាណាចក្រកម្ពុជា៕
ដោយ ៖ កោះកែវ


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី