Connect with us

ព័ត៌មានជាតិ

ប្រធាន​មន្ទីរ​ ៖​ ករណី​សិស្ស​ឆ្លង​ជំងឺ​កូ​វីដ​១៩​គឺ​ឆ្លង​មុន​ពេល​បើក​សាលារៀន​ទៅទៀត

បានផុស

នៅ

ភ្នំពេញ ​៖ ប្រធាន​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ​បាន​មានប្រសាសន៍ថា​ ករណី​សិស្ស​ឆ្លង​ជំងឺ​កូ​វីដ​១៩​នេះ​ មិន​ទើប​ឆ្លង​ពេល​ចូលរៀន​នេះ​ទេ​ ពោល​គឺ​ពួកគាត់​បាន​ឆ្លង​មុន​ពេល​បើក​សាលារៀន​ទៅទៀត​។

លោក វេជ្ជបណ្ឌិត ងី មាន​ហេង ប្រធាន​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ​បាន​មានប្រសាសន៍​នៅ​រសៀល​ថ្ងៃទី​១៧​កញ្ញា​នេះ​ថា​ «​ខ្ញុំ​សូមបញ្ជាក់ថា​ករណី​កូនសិស្ស​ឆ្លង​ជំងឺ​កូ​វីដ​១៩​នេះ​មិនមែន​ឆ្លង​ពេល​បើក​ដំណើរការ​សាលា​ឡើងវិញ​នោះ​ទេ​ គឺ​ពួកគាត់​មាន​ឆ្លង​មុន​ពេល​ចូលរៀន​ទៅទៀត​ព្រោះថា​មុនពេល​ចូលរៀន​យើង​ធ្វើតេស្ត​តែ​ទៅលើ​គ្រូ​ប៉ុណ្ណោះ​មិនបាន​ធ្វើតេស្ត​ដល់​សិស្ស​ទេ​»​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក វេជ្ជបណ្ឌិត​បាន​បន្ត​ថា ទើប​ពេល​ចូលរៀន​ក្រុមការងារ​យើង​បាន​ធ្វើ​តេស្ត​ចោះៗ​នៅតាម​សាលា​ដោយសារ​ចំនួន​សិស្ស​ច្រើន​ហើយ​បាន​រក​ឃើញ​មាន​សិស្ស​ឆ្លង​។ ​ចំណែក​សិស្ស​ដែល​មាន​ការ​ប៉ះពាល់​ផ្ទាល់​និង​ប្រយោល​ជាមួយ​សិស្ស​វិជ្ជមាន​ទាំងនោះ​ប្រមាណ​ជាង​១០០​នាក់​លទ្ធផល​តេស្ត​គឺ​អវិជ្ជមាន​ទាំងអស់​។​ ប៉ុន្តែ​បាន​អនុញ្ញាត​ឱ្យ​ពួកគាត់​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅតាម​ផ្ទះ​ដោយមាន​ការត្រួតពិនិត្យ​យ៉ាង​ម៉ត់ចត់​ពី​អាជ្ញាធរ​មូលដ្ឋាន​។

បើ​តាម​លោក ហែម ស៊ីណា​រ៉េត ប្រធាន​មន្ទីរអប់រំ​យុវជន​និង​កីឡា​រាជធានី​ភ្នំពេញ បាន​ប្រសាសន៍ នៅ​រសៀល​នេះ​ថា ក្នុងចំណោម​៥​វិទ្យាល័យ មានដូចជា វិទ្យាល័យ​ពញា​ពន់ វិទ្យាល័យ​បឹង​ប្រិ​យ៍ វិទ្យាល័យ​បឹង​ធំ វិទ្យាល័យ​វត្តភ្នំ និង វិទ្យាល័យ​វត្ត​កោះ គឺមាន​សិស្ស​វិជ្ជមាន​កូ​វីដ​១៩ សរុប​ទាំងអស់ ២៣​នាក់​។

លោក ហែម ស៊ីណា​រ៉េត មានប្រសាសន៍​បន្ត​ថា “​ស្ថានភាព​ជំងឺ​ពួកគាត់​ទាំង​២៣​នាក់ គឺ​ធម្មតា មិនមាន​ធ្ងន់ធ្ងរ​ទេ គ្រាន់តែ​អ្នកខ្លះ​មាន​ហៀរ​សំបោរ​តិចតួច ដោយសារ​អ្នកខ្លះ​ត្រូវ​ទឹកភ្លៀង​។ តាម​ការសាក់សួរ ពួកគាត់​ថា ដូចជា​អត់​មាន​អា​ការៈសង្ស័យ​អី​ទេ គឺ​ធម្មតាៗ ដល់​តែ​ពេលធ្វើ​សំណាក ក៏​ឃើញ​វិជ្ជមាន​កូ​វីដ​-១៩​។ ពួកគាត់​ទាំង​២៣​នាក់ ឆ្លង​ជំងឺ​កូ​វីដ​១៩ ធម្មតា មិនមែន​ប្រភេទ​ពួក​បំប្លែង​ថ្មី​ទេ​”​។

ដោយសារ​មានការ​ផ្ទុះ​ជំងឺ​កូ​វីដ​១៩​ក្នុង​ថ្នាក់រៀន​ទើប​ក្រសួង​អប់រំ យុ​ជន និង​កីឡា​បាន​ស្នើ​ឲ្យ​មន្ទីរអប់រំ​យុវជន​និង​កីឡា​រាជធានី​ភ្នំពេញ​ធ្វើការ​ផ្អាក​ដំណើរការ​ថ្នាក់រៀន​នៅ​សាលារៀន​ចំនួន​៥​ជា​បណ្តោះអាសន្ន​រយៈពេល​១៤​ថ្ងៃ​និង​យក​អ្នក​ពាក់ព័ន្ធ​ផ្ទាល់​ទៅធ្វើ​ច​ត្តា​ឡី​ស័ក​ក្រោយ​មាន​ផ្ទុះ​ជំងឺ​កូ​វីដ​១៩​នៅក្នុង​ថ្នាក់រៀន​នៅក្នុង​សាលា​ទាំងនោះ​រួចមក​។

យោង​តាម​សេចក្តី​ជួន​ដំណឹង​របស់​ក្រសួង​អប់រំ​យុវជន​និង​កីឡា​ចុះ​ថ្ងៃទី​១៧​កញ្ញា​នេះ​បាន​ឲ្យ​ដឹង​ថា​ថ្នាក់រៀន​ដែល​ត្រូវ​ផ្អាក​បណ្តោះអាសន្ន​នោះ​រួមមាន​ទី​១ វិទ្យាល័យ​ពញា​ពន់​ផ្អាក​ថ្នាក់​ទី​៩B ។​២ វិទ្យាល័យ​បឹង​ប្រិ​យ៍ ថ្នាក់រៀន​ផ្អាក ថ្នាក់​ទី​១២A1, ៩C1,​និង​៩ D១ ។​ទី​៣. វិទ្យាល័យ​បឹង​ធំ ផ្អាក​ថ្នាក់​ទី​៧A2​។ ៤. វិទ្យាល័យ​វត្តភ្នំ ផ្អាក​ថ្នាក់​ទី ៩H2 ៩D2 ៩B2 ៩ B1 ៩H2 ១២C2 ១២C1១២ B2​និង​១២ H2​។​៥ វិទ្យាល័យ​វត្ត​កោះ ថ្នាក់​ទី​៧P​។

ក្រសួង​បាន​ណែនាំ​បន្តថា​ ចំពោះ​ថ្នាក់​ដទៃទៀត​ត្រូវ​បន្ត​ដំណើរការ​ជាធម្មតា ប៉ុន្តែ​ត្រូវ​បន្ត​រឹតត្បិត​ការចេញ​លេង និង​បន្ត​ពាក់​ម៉ាស​និង​លាង ដៃ​ជាប្រចាំ​។ មិន​អនុញ្ញាត​ឲ្យ​មានការ​ទាក់ទង ពី​សិស្ស​ម្នាក់​១​ទៅ​ថ្នាក់​១ ទៀត និង​មិន​អនុញ្ញាត​ឱ្យមាន​ការ​ជួប​ជុំ ឬ​ប្រជុំ ក្រៅពី​ការសិក្សា​ក្នុង​សាលារៀន​ឡើយ​។

គួរ​បញ្ជាក់​ថា ​រដ្ឋបាល​រាជធានី​ភ្នំ​ពេញ​បាន​បើក​ដំណើរការ​សាលា​រដ្ឋ​និង​ឯកជន​កម្រិត​ចាប់ពី​ថ្នាក់​ទី​៧​រហូតដល់​ថ្នាក់​ទី​១២​ចំនួន​១៤២​សាលា​នៅ​ព្រឹក​ថ្ងៃទី​១៥​ខែកញ្ញា​ឆ្នាំ​២០២១​កន្លង​ទៅ​នេះ​ក្នុង​នោះ​មាន​សាលា​រដ្ឋ​ចំនួន​៦៨​ទីតាំង​និង​សាលា​ឯកជន​មាន​១៥៩​ទីតាំង​៕

ដោយ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម