Connect with us

ព័ត៌មានអន្ដរជាតិ

ត្រាំ ព្រមាន​ទម្លាក់​គ្រាប់​បែក បើ​អ៊ីរ៉ង់​មិន​ព្រម​ធ្វើ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ

បានផុស

នៅ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចេញការព្រមានយ៉ាងម៉ឺងម៉ាត់​កាល​ពី​ថ្ងៃ​ទី​៣០​ខែ​មីនា​ ដោយបញ្ជាក់ថា «នឹងមានការទម្លាក់គ្រាប់បែក» បើអ៊ីរ៉ង់មិនយល់ព្រមចំពោះកិច្ចព្រមព្រៀងនុយក្លេអ៊ែរ។

លោក ដូណាល់ ត្រាំ (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការកត់សម្គាល់របស់​លោក ត្រាំ បង្ហាញពីជំហររឹងរូសចំពោះមហិច្ឆតានុយក្លេអ៊ែររបស់ទីក្រុងតេហេរ៉ង់ ខណៈដែលភាពតានតឹងនៅមជ្ឈិមបូព៌ានៅតែបន្តកើនឡើង។

លោក ត្រាំ ដែលបានដកសហរដ្ឋអាមេរិកចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ​២០១៥ ក្នុងអំឡុងពេលធ្វើជាប្រធានាធិបតី​អាណត្តិ​ដំបូង បានរិះគន់កម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ជាយូរមកហើយ ដោយចោទប្រកាន់ប្រទេសនេះថាកំពុងស្វែងរកការអភិវឌ្ឍអាវុធនុយក្លេអ៊ែរ។

នៅក្នុងបទសម្ភាសន៍តាមទូរសព្ទជាមួយ NBC News លោក ត្រាំ បាននិយាយថា មន្ត្រីអាមេរិក និងអ៊ីរ៉ង់កំពុងជជែក​គ្នា ប៉ុន្តែ​លោក​មិនបានបកស្រាយលម្អិត​អ្វី​ទេ។

មេ​ដឹក​នាំ​អាមេរិក​​វ័យ​៧៨​ឆ្នាំ​ បាន​រៀបរាប់​ថា៖ «បើពួកគេមិនធ្វើកិច្ចព្រមព្រៀងទេ វានឹងមានការទម្លាក់គ្រាប់បែក។ ប៉ុន្តែមានឱកាសដែលថា បើពួកគេមិនធ្វើកិច្ចព្រមព្រៀង នោះខ្ញុំនឹងដាក់​ពន្ធបន្ទាប់បន្សំលើពួកគេដូចដែលខ្ញុំបានធ្វើកាលពីបួនឆ្នាំមុន»។

ជាការឆ្លើយតប អ៊ីរ៉ង់បានច្រានចោលការចរចាដោយផ្ទាល់ជាមួយ​អាមេរិក។ ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បានសង្កត់ធ្ងន់ថា​ខ្វះ​​ទំនុក​ចិត្តលើអាមេរិក ប៉ុន្តែបានបង្ហាញពីឆន្ទៈក្នុងការចូលរួមក្នុងការចរចាដោយប្រយោលតាមរយៈអន្តរការី។

មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ លោក Ayatollah Ali Khamenei បានព្រមានថា អាមេរិកនឹងប្រឈមមុខនឹងការសងសឹកយ៉ាងខ្លាំងក្លា បើ​មហា​អំណាច​​លើ​ពិភពលោក​មួយ​នេះ​​ហ៊ាន​ប្រើ​សកម្មភាពយោធា។ របាយការណ៍​​មួយ​ចំនួន​បង្ហាញ​​ថា អ៊ីរ៉ង់បាន​រៀបចំ​អាវុធមីស៊ីលរបស់ខ្លួន​រួច​ហើយ​ ​ដើម្បី​ត្រៀម​​​ទប់ទល់​នឹង​ការវាយប្រហារដែលអាចកើតមាន។

សូម​បញ្ជាក់​ថា មហាអំណាចលោកខាងលិចបានចោទប្រកាន់អ៊ីរ៉ង់ថា មានមហិច្ឆតា​សម្ងាត់ ដើម្បីបង្កើតសមត្ថភាពអាវុធនុយក្លេអ៊ែរ តាមរយៈការបង្កើនសារធាតុអ៊ុយរ៉ានីញ៉ូម​ដែល​​បន្សុទ្ធ​រួច លើសពីអ្វីដែល​​គ្រប់គ្រាន់​សម្រាប់កម្មវិធីថាមពលបរមាណូស៊ីវិល៕

(រូបថត៖ Getty)

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម