យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ជុំទី១ នៅខេត្តសៀមរាប ត្រូវបានបិទបញ្ចប់​​
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ជុំទី១ នៅខេត្តសៀមរាប ត្រូវបានបិទបញ្ចប់​​

បានផុស

នៅ

យុទ្ធនា​ការចាក់​វ៉ាក់សាំង​កូ​វីដ​-១៩​ជុំ​ទី​១ ជូន​ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​ខេត្តសៀមរាប ដែលមាន​​អាយុ​ចាប់​ពី១៨​ឆ្នាំ​ឡើងទៅ​នោះ ត្រូវបាន​ប្រកាស​បិទ​បញ្ចប់​ជា​ផ្លូវការ​ហើយ​កាលពី​រសៀល​ថ្ងៃទី​២៤ ខែកញ្ញា ឆ្នាំ​២០២១​នេះ​ក្រោម​អធិបតីភាព​លោកជំទាវ ឱ វណ្ណឌី​ន រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល និង​ជា​ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ក្នុង​ក្របខណ្ឌ​ទូទាំងប្រទេស ,ឯកឧត្តម អ៊ាន ឃុន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និងឯកឧត្តម ទៀ សីហា អភិបាល​នៃ​គណៈអភិបាលខេត្ត​សៀមរាប ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​ឯកឧត្តម លោកជំទាវ លោក លោកស្រី ជា​ប្រតិភូ​មកពី​ក្រសួងសុខាភិបាល និង​សមាជិក សមាជិកា នៃ​គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​ខេត្តសៀមរាប​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឯកឧត្តម ទៀ សីហា អភិបាលខេត្ត​សៀមរាប មានប្រសាសន៍ថា នៅ​ខេត្តសៀមរាប មាន​ប្រជាពល​រដ្ឋ​ចាប់ពី​អាយុ​១៨​ឆ្នាំ​ឡើង​ដែល​ត្រូវ​ទទួល​ការចាក់​វ៉ាក់សាំង​ដូ​ស​ទី​១ មាន​ចំនួន​ជាង​៦៨​ម៉ឺន​នាក់ ប៉ុន្តែ​គិត​ត្រឹម​ថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ​២០២១​នេះ លទ្ធផល​សម្រេចបាន​ចំនួន​ជាង​៦០​ម៉ឺន​នាក់ ស្មើនឹង​ជិត​៩៧​ភាគរយ និង​នៅសល់​អ្នក​ដែលមាន​លទ្ធភាព​អាច​ចាក់​បាន​ប្រមាណ​ជាង​២​ម៉ឺន​នាក់ ហើយ​ការ​ចាក់​ដូ​ស​ទី​២ បាន​ចំនួន​ជិត៥៨​ម៉ឺន​នាក់ ស្មើនឹង​៩៥​ភាគរយ​នៃ​ផែនការ​ជាង​៦០​ម៉ឺន​នាក់ និង​ក្រៅពី​នេះ នៅមាន​ពលរដ្ឋ​ពុំ​អាច​ចាក់​បាន​ដោយសារ​មាន​បញ្ហា​សុខភាព​ប្រហែល​ជាង២​ម៉ឺន​នាក់ និង​ប្រជាពលរដ្ឋ​ចំណាកស្រុក​ពុំទាន់​ទទួលបាន​ការចាក់​វ៉ា​ក់​សាំងនេះ មាន​ប្រមាណ​ជាង៣​ម៉ឺន​នាក់​ផ្សេងទៀត​។​

ឯកឧត្តម ទៀ សីហា មានប្រសាសន៍​ទៀតថា ការងារ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ ក្រោម​កិច្ចសហការ​រវាង​ក្រុមការងារ​ចម្រុះ​ពេទ្យ​ខេត្ត និង​ពេទ្យ​យោធា ក្នុងអំឡុងពេល​យុទ្ធនាការ​កន្លងមក​នេះ មិន​ត្រឹមតែ​បាន​ចាក់​ជូន​ប្រជាពលរដ្ឋ​ដែលមាន​អាយុ​ចាប់ពី​១៨​ឆ្នាំ​ឡើង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ត្រូវបាន​ចាក់​ជូន​កុមារ​អាយុ​១២​ឆ្នាំ ដល់​ក្រោម​អាយុ​១៨​ឆ្នាំ និងកុមារ​អាយុ​ចាប់ពី​៦​ឆ្នាំ​ដល់​ក្រោម​១២​ឆ្នាំ ដែល​គិត​ត្រឹម​ថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ​២០២១ ទទួលបាន​លទ្ធផល​ស​រុ​ប​ចំនួន​ជាង​៧៥​ម៉ឺន​នាក់ ស្មើនឹង៨០​ភាគរយ នៃ​ផែន​ការសរុប​ចំនួន​ជាង​៩៥​ម៉ឺន​នាក់​។​

មានប្រសាសន៍​នៅក្នុង​ឱកាស​នោះ លោកជំទាវ ឱ វណ្ណឌី​ន រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល និង​ជា​ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ក្នុង​ក្របខណ្ឌ​ទូទាំងប្រទេស បាន​បញ្ជាក់​ថា សមិទ្ធផល​នៃ​ការចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ មកដល់ពេលនេះ បើ​មិនមាន​វត្តមាន និង​ការខិតខំ​ប្រឹង​ប្រែង​ប្រកបដោយ​ភាពទន់ភ្លន់ និងការគិតគូរ​ដ៏​វៃឆ្លាតរបស់សម្តេច​តេ​ជោ ហ៊ុន សែន ប្រមុខ​នៃ​រាជរដ្ឋាភិបាល​ទេនោះ ប្រហែលជា​កម្ពុជា មិន​អាចមាន​វ៉ាក់សាំង​ចាក់​ជូន​ប្រជាពលរដ្ឋ សម្រាប់​ជួយ​សង្គ្រោះ​សុខភាព​ប្រជាពលរដ្ឋ​បាន​ទាន់ពេលវេលា​នោះឡើយ ខណៈ​នៅ​ថ្ងៃទី​០១ ខែសីហា ឆ្នាំ​២០២១​កន្លងទៅនេះ កម្ពុជា​ប្រកាស​បើក​យុទ្ធនា​ការចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​ចាប់ពី​អាយុ​១៨​ឆ្នាំ​ឡើង , នៅ​ថ្ងៃទី​១៧ ខែកញ្ញា រាជរដ្ឋាភិបាល​ប្រកាស​បើក​យុទ្ធនា​ការចាក់​វ៉ាក់សាំង ជូន​ដល់​កុមារ​និង​យុវវ័យ ចាប់ពី​អាយុ​១២​ឆ្នាំ​ដល់​ក្រោម​១៨​ឆ្នាំ និងថ្ងៃទី​១៧ ខែកញ្ញា ឆ្នាំ២០២១ សម្តេច​តេ​ជោ​ បាន​ប្រកាស​បើក​យុទ្ធនា​ការចាក់​វ៉ាក់សាំង​ជូន​កុមារ ចាប់ពី​អាយុ​៦​ឆ្នាំ ដល់​ក្រោម​១២​ឆ្នាំ ដែល​សកម្មភាព​នេះ​បានបង្ហាញ​ច្បាស់​ថា កម្ពុជា​ត្រូវបាន​បោះ​ជំ​ហ៊ាន​ទៅមុខ​ជានិច្ច លើ​ការងារ​ផ្តល់​ការចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ ដើម្បី​ពង្រឹង​ភាពស៊ាំ​ក្នុង​សហគមន៍ កាត់បន្ថយ​ហា​នី​ភ័យ​នៃ​ការ​រាតត្បាត​ដោយ​ជំងឺ​កូ​វីដ​-១៩ ។​

លោកជំទាវ ឱ វណ្ណឌី​ន មានប្រសាសន៍​ទៀតថា ការបិទ​បញ្ចប់​យុទ្ធនា​ការចាក់​វ៉ាក់សាំង​ជុំ​ទី​១ ជូន​ប្រជាពលរដ្ឋ​ចាប់ពី​អាយុ​១៨​ឆ្នាំ​ឡើង​នាពេលនេះ មិនមែន​មានន័យថា ត្រូវបាន​បញ្ឈប់​ការចាក់​វ៉ាក់​សាំង​ទាំងស្រុង​នោះឡើយ ប្រជាពលរដ្ឋ​ដែល​មិនទាន់បាន​ចាក់​វ៉ាក់សាំង​ដោយ​ប្រការ​ផ្សេងៗ និង​ពលករ​ចំណាកស្រុក​ជាដើម អាច​ទទួលយក​ការចាក់​វ៉ាក់សាំង​នេះ​បាន ដោយ​រដ្ឋបាលខេត្ត និង​មន្ទីរ​សុខាភិបាល​នៃ​រដ្ឋបាលខេត្ត បានរៀបចំ​ទីតាំង​ចំនួន​៣​កន្លែង រួម​មាននៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​សៀមរាប , មន្ទីរពេទ្យបង្អែក​ស្រុក​អង្គរជុំ និង​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​សូទ្រនិគម ជាពិសេស​ការ​ចាក់​វ៉ាក់សាំង​ដូ​ស​ទី​៣ ឬ​ដូ​ស​ជំរុញ​ជូន​ប្រជាពលរដ្ឋ សម្រាប់​ក្រុង​សៀមរាប នឹង​ចាប់ផ្តើម​ដំណើរការ​នៅ​ថ្ងៃទី​០២ ខែធ្នូ និង​បណ្តា​ស្រុក​នានា ចាប់ផ្តើម​ចាក់​ជូន​ប្រជាពលរដ្ឋ​នៅ​ថ្ងៃទី​០៦ ខែធ្នូ ឆ្នាំ​២០២១ តាម​ការកំណត់​ទីតាំង​ដោយ​រដ្ឋបាលខេត្ត​នៅពេល​ក្រោយ ។​

លោកជំទាវ ឱ វណ្ណឌី​ន មានប្រសាសន៍​បន្ថែមទៀត​ថា ការ​កាត់ផ្តាច់​ការឆ្លង​និង​ការចម្លង​ជំងឺ​កូ​វីដ​-១៩ ចាំបាច់​គឺ​មិនអាច​ខ្វះ​បាន​នូវ​ការចូលរួម​ពី​សហគមន៍ និង​មានការ​ទទួលខុសត្រូវ​ដោយ​ចាប់​ផ្តើម​ចេញពី​បុគ្គល​ម្នាក់ៗ​នោះទេ ក្នុងការ​ការពារ​ខ្លួន​កុំ​ឲ្យ​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ហេតុនេះ​វ៉ាក់សាំង​តែមួយ​មុខ គឺ​មិនអាច​ធានា​ការឆ្លង​បាន​នោះទេ វ៉ាក់សាំង​មានគុណ​តម្លៃ​សម្រាប់​បង្កើត​កងការពា​រ​សរីរាង្គ​មនុស្ស​ឲ្យ​រឹងមាំ ទប់ទល់​មិន​ឲ្យ​ឈានទៅរក​សភាព​ធ្ងន់ធ្ងរ​នៃ​ជំងឺ និង​កាត់បន្ថយ​បាន​អត្រា​មរណៈ​ដោយ​ការ​រាតត្បាត​នៃ​កូ​វីដ​ដូច្នេះ​រូបមន្ត បង្ការ​ជំងឺ​កូ​វីដ​-១៩ គឺ ៣​កុំ ៣​ការពារ និង ចាក់​វ៉ាក់សាំង​៕​

អត្ថបទ៖ គឿន​វេត​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services