Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន អំពាវនាវឲ្យជឿជាក់លើសមត្ថភាព មន្ទីរពេទ្យព្យាបាលជំងឺកូវីដនៅតាមបណ្ដាខេត្ត

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន​ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់​ សូមមានការជឿជាក់លើសមត្ថភាព របស់មន្ទីរ​ពេទ្យព្យាបាលជំងឺកូវីដ-១៩​ នៅតាមបណ្ដាខេត្ត ដោយពុំគួរបញ្ជូនអ្នកជំងឺមកព្យាបាល នៅរាជធានីភ្នំពេញទៀត​នោះ​ទេ។

តាមរយៈសារជាសំឡេងផ្ញើជូនជនរួមជាតិ នៅព្រឹកថ្ងៃទី១៩​ ខែតុលានេះ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍​ថា កន្លងទៅនេះ គឺមានការបញ្ជូនអ្នកជំងឺកូវីដ-១៩ យ៉ាងច្រើនមកព្យាបាលនៅរាជធានីភ្នំពេញ ក្នុងពេលដែល​រាជ​រដ្ឋាភិបាល បានពង្រឹងសមត្ថភាពព្យាបាលនៅតាមបណ្ដាខេត្ត និងនៅតាមភូមិភាគ ដែលអាចឆ្លើយតបបាន​ទៅ​នឹង​ការព្យាបាលអ្នកជំងឺ នៅតាមបណ្ដាខេត្តនោះហើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចតេជោនាយករដ្ឋមន្ត្រី មានប្រសាសន៍បន្តថា ការពង្រឹងសមត្ថភាព មន្ត្រីជំនាញព្យាបាលជំងឺកូវីដ-១៩ នៅ​តាម​​បណ្ដាខេត្តនេះ ក៏បានធ្វើឡើងជាច្រើនខែមកហើយ និងបានឆ្លើយតបទៅលើការដោះស្រាយបញ្ហា នៅតាម​បណ្ដាខេត្តទាំងហើយដែរ។ ក៏ប៉ុន្តែជាទម្លាប់របស់ប្រជាពលរដ្ឋយើង គឺមិនទាន់ទុកចិត្តទាំងស្រុង នៅមើលមន្ទីរពេទ្យ​ខេត្តនោះទេ ទើបបានពួកគាត់បានបញ្ជូនក្រុមគ្រួសារ ដែលបានកើតជំងឺកូវីដ-១៩ មកព្យាបាលនៅរាជធានី​ភ្នំពេញ។

សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា «ការបញ្ជូនអ្នកជំងឺកូវីដ មកកាន់ទីក្រុងភ្នំពេញ គឺមិនមែនជាវិធីដ៏ល្អ​សម្រាប់ស្រោចស្រង់អាយុជីវិតរបស់អ្នកជំងឺ ដែលជាសាច់ឈាម សាច់ញាតិរបស់យើងនោះទេ តាមការប្រជុំរបស់​ព្រះករុណាខ្ញុំ បានធ្វើជាមួយនឹងបណ្ដាខេត្ត ក៏ដូចជាថ្នាក់ដឹកនាំពីម្សិលមិញនេះ បានរកឃើញនូវចំណុចនេះ ខេត្ត មន្ទីរសុខាភិបាល របស់ខេត្ត ឬក៏ថ្នាក់ខេត្ត មិនបានចាត់បញ្ជូនអ្នកជំងឺទាំងនេះ មកកាន់ខេត្តទេ ក៏ប៉ុន្តែក្រុមគ្រួសារ​ទេ ដែលជាអ្នកបញ្ជូនអ្នកជំងឺ មកកាន់ទីក្រុងភ្នំពេញ»។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានលើកឡើងបន្តថា យើងអាចយល់បានថា រាជធានីភ្នំពេញ ពិតជាមានសមត្ថភាព លើសពីបណ្ដាខេត្តនានា តែសម្រាប់ករណីជំងឺកូវីដ-១៩ យើងបានពង្រឹងអស់រយៈពេលជាង ១ឆ្នាំរួចមកហើយ នូវ​សមត្ថភាពពិនិត្យព្យាបាលនៅតាមបណ្ដាខេត្ត ហើយក៏មានការចូលរួមពីសំណាក់គ្រូពេទ្យថ្នាក់កណ្ដាលផងដែរ។ ដូច្នេះ ប្រសិនបើមានការចាត់បញ្ជូនពីតាមបណ្ដាខេត្ត មកកាន់រាជធានីភ្នំពេញ នឹងនាំឲ្យមានគ្រោះថ្នាក់ទៅវិញទេ  ដោយសម្ដេចតេជោ បានស្នើឲ្យមានការយកចិត្តទុកដាក់អំពីបញ្ហានេះ។

ប្រមុខរាជរដ្ឋាភិបាល បានលើកឡើងទៀតថា យោងតាមការស្រាវជ្រាវវិទ្យាសាស្រ្ដ របស់គ្រូពេទ្យ បានបង្ហាញឲ្យ​ឃើញ​​ថា ប្រសិនបើអ្នកជំងឺធ្វើដំណើរផ្លូវឆ្ងាយ តាមរថយន្តហើយបើកម៉ាស៊ីនត្រជាក់ទៀតនោះ នឹងធ្វើឲ្យអ្នកជំងឺជួប​បញ្ហាកាន់តែធ្ងន់ធ្ងរទៅវិញ ហើយពិបាកស្រោចស្រង់ថែមទៀត។ ចំណុចទាំងនេះ សម្ដេចតេជោ ហ៊ុន សែន បាន​អំពាវនាវបងប្អូនជនរួមជាតិ ទុកចិត្តទៅលើមន្ទីរពេទ្យនៅតាមបណ្ដាខេត្ត ដែលរាជរដ្ឋាភិបាលបានខិតខំកសាង និងពង្រឹងសមត្ថភាពព្យាបាល នាពេលកន្លងមក។

សម្ដេចតេជោ ហ៊ុន សែន ការអនុវត្តតាមវិធីដូច្នេះ គឺដើម្បីចៀសវាងការកកកុញនៅតាមមន្ទីរពេទ្យ និងមណ្ឌល​​ព្យាបាល​​អ្នកជំងឺកូវីដ-១៩ នៅរាជធានីភ្នំពេញ តែនេះជាបញ្ហាបន្ទាប់បន្សំនោះទេ។ ប៉ុន្តែអ្វីដែលជាបញ្ហាសំខាន់នោះ គឺការការពារអាយុជីវិតរបស់អ្នកជំងឺទៅវិញទេ ដែលអាចកើតឡើងដោយសារតែការចាត់បញ្ជូន ដោយមិនមាន​ការ​ទទួលខុសត្រូវច្បាស់លាស់ ហើយធ្វើឲ្យមានគ្រោះថ្នាក់ទៅដល់អ្នកជំងឺនោះវិញ តាមរយៈការបញ្ជូនមក​រាជធានី​ភ្នំពេញដោយគ្មានការចាំបាច់ ខណៈដែលមន្ទីរពេទ្យនៅតាមបណ្ដាខេត្ត មានសមត្ថភាពនៅក្នុងការព្យាបាល៕

អត្ថបទ៖ ឃួន សុភ័ក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម