Connect with us

ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន ៖ កម្ពុជានៅតែមានការជឿជាក់យ៉ាងមុតមាំ លើយន្តការពហុភាគីនិយម

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ក្នុងបរិការណ៍នៃការកើនឡើង នូវនិន្នាការគាំពារនិយម និងបដិសកលភាវូបនីយកម្ម, កម្ពុជានៅតែមានការជឿជាក់យ៉ាងមុតមាំ លើយន្តការពហុភាគីនិយម ជាពិសេស ក្នុងបរិបទនៃការដោះស្រាយវិបត្តិនៃជំងឺកូវីដ-១៩ និងការជំរុញកំណើនសេដ្ឋកិច្ចឡើងវិញ។

សម្តេចតេជោនាយកដ្ឋមន្ត្រី បានសង្កត់ធ្ងន់ពីសារៈសំខាន់ នៃការកសាងទំនុកចិត្តក្នុងតំបន់ តាមរយៈកិច្ចសហប្រតិបត្តិការជាក់ស្តែង ស្របតាមគោលបំណង និងគោលការណ៍នៃទស្សនៈវិស័យអាស៊ាន ស្ដីពី ឥណ្ឌូ-ប៉ាស៊ីហ្វិកនិងគំនិតផ្តួចផ្តើមមហាសមុទ្រ ឥណ្ឌូ-ប៉ាស៊ីហ្វិករបស់ឥណ្ឌា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងបែបនេះ ទៅកាន់មេដឹកនាំអាស៊ាន និងឥណ្ឌា នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន ឥណ្ឌា​លើកទី១៨ ដែលបានប្រារព្ធធ្វើនៅរសៀលថ្ងៃទី២៨ ខែតុលានេះ តាមប្រព័ន្ធវីដេអូទល់មុខគ្នា ដែលប្រទេសប្រុយណេ ធ្វើជាម្ចាស់ផ្ទះ។ សម្តេចតេជោ ហ៊ុន សែន បានសម្ដែងនូវការគាំទ្រ ចំពោះការដាក់ចេញនូវសេចក្តីថ្លែងការណ៍រួមអាស៊ាន-ឥណ្ឌា ស្ដីពី កិច្ចសហប្រតិបត្តិការលើទស្សនវិស័យអាស៊ាន ស្តីពី ឥណ្ឌូ-ប៉ាស៊ី ហ្វិក ។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានលើកឡើងទៀតថា កិច្ចសហប្រតិបត្តិការអាស៊ាន-ឥណ្ឌា នឹងបន្តដើរតួនាទីយ៉ាងសំខាន់ ក្នុងការស្ដារឡើងវិញ នូវសកម្មភាពសេដ្ឋកិច្ច, ពាណិជ្ជកម្ម និងការវិនិយោគ។ ក្នុងស្មារតីនេះ, កម្ពុជាសូមស្វាគមន៍ ចំពោះគំនិតផ្ដួចផ្ដើមរៀបចំ និងធ្វើឲ្យប្រសើរឡើង នូវកិច្ចព្រមព្រៀងនានារវាងអាស៊ាន-ឥណ្ឌា ជាពិសេសការរៀបចំកិច្ចព្រមព្រៀង ពាណិជ្ជកម្មទំនិញអាស៊ាន-ឥណ្ឌា ឲ្យមានលក្ខណៈកាន់តែសាមញ្ញ និងសេរីជាងមុន។

ក្នុងបរិការណ៍ដែលអាស៊ាន ក៏ដូចជាសកលលោកទាំងមូល បាននិងកំពុងទទួលរងនូវឥទ្ធិពលពីវិបត្តិកូវីដ-១៩, សម្ដេច តេជោ ហ៊ុន សែន សូមសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលឥណ្ឌា ក្នុងការជួយរួមចំណែកប្រយុទ្ធនឹងជំងឺកូវីដ-១៩។

ជាមួយគ្នានេះសម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏សូមចូលរួមជាមួយថ្នាក់ដឹកនាំ នៃបណ្ដាប្រទេសសមាជិកអាស៊ានទាំងអស់ សម្ដែងនូវអំណរគុណចំពោះរដ្ឋាភិបាលឥណ្ឌា ដែលតែងតែគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់អាស៊ាន ដើម្បីសម្រេចនូវសមាហរណកម្មអាស៊ាន តាមរយៈគំនិតផ្ដួចផ្ដើមសមាហរណកម្មអាស៊ាន (IAI)និងសូមលើកទឹកចិត្តឲ្យឥណ្ឌាបន្តគាំទ្រ ដល់ការអនុវត្តន៍ផែនការការងារដំណាក់កាលទី៤ ឆ្នាំ២០២១- ២០២៥ នៃគំនិតផ្ដួចផ្ដើមនេះ ជាពិសេសជំរុញការអភិវឌ្ឍវិស័យតភ្ជាប់ផ្នែករូបវ័ន្ត និងឌីជីថលលូបនីយកម្ម ក្នុងវិស័យអប់រំ។

ជាទីបញ្ចប់សម្តេចតេជោ បានស្វាគមន៍ចំពោះសំណើរបស់ឥណ្ឌា ក្នុងការកំណត់យកឆ្នាំ២០២២ ជា «ឆ្នាំមិត្តភាពឥណ្ឌាអាស៊ាន-ឥណ្ឌា» ដើម្បីអបអរខួប៣០ ឆ្នាំ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ានឥណ្ឌា។ សម្តេចតេជោ ហ៊ុន សែន សង្ឃឹម ថាទំនាក់ទំនងអាស៊ានឥណ្ឌា នឹងកាន់តែមានភាពរឹងមាំ ហើយក្នុងនាមជាប្រធានអាស៊ាន នៅក្នុងឆ្នាំ២០២២ កម្ពុជាត្រៀមខ្លួនរួចជាស្រេច ក្នុងការសហការរៀបចំប្រារឰ និងអបអរសាទរឱកាស ដ៏វិសេសវិសាលនេះ៕

អត្ថបទ៖ ណារី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម