Connect with us

ព័ត៌មានជាតិ

សម្ដេច​តេជោ​ ហ៊ុន សែន​មិនយក​ទោស​ អ្នក​ព្រម​​ប្រគល់​ដីព្រៃលិច​ទឹក​មក​ឱ្យ​រដ្ឋវិញ​

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី ០២ ខែធ្នូ ឆ្នាំ ២០២១ បានថ្លែងបញ្ជាក់​មិនយកទោសពៃចំពោះនរណា ដែលព្រមប្រគល់ដីព្រៃលិចទឹក នៅតំបន់បឹងទន្លេសាប​មកឱ្យ​រដ្ឋវិញ ខណៈដែលមានមន្ត្រី និងប្រជាជន ១៣ រូប នៅខេត្តកំពង់ឆ្នាំងបានស្ម័គ្រចិត្តប្រគល់ដីជាង ២ ពាន់​ហិក​តាមកឱ្យរដ្ឋវិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចតេជោលើកឡើងក្នុងពិធីសម្ពោធហេដ្ឋារចនាសម្ព័ន្ធផ្លូវ ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ និងសមិទ្ធផលនានា ក្នុងខេត្តព្រះសីហនុថា “បើរឹងទទឹងវ៉ៃខ្នោះភ្លាម អត់មានឱ្យរញ៉េរញ៉ៃទេ ឥឡូវឭថា ចុះហត្ថលេខ​ប្រគល់ដី ប្រគល់រួចខ្លួន អ្នកណាមិនចេញសារភាពតាមវ៉ៃខ្នោះ”។

លោក ស៊ុន សុវណ្ណារិទ្ធ អភិបាលខេត្តកំពង់ឆ្នាំង បានប្រាប់ឱ្យដឹងថា មានមន្ត្រី និងប្រជាពលរដ្ឋចំនួន ១៣ នាក់ បាន​ស្ម័គ្រ​ចិត្តប្រគល់ដីព្រៃ​លិចទឹកដែលពួកគេបានកាន់កាប់​នៅតំបន់បឹងទន្លេសាបសរុប ជាង ២ ពាន់ហិកតា (២០៥៨.៥) មក​ឱ្យរដ្ឋគ្រប់​គ្រង​វិញ។

ដោយឡែក នៅខេត្តកំពង់ធំ អាជ្ញាធរកំពុងចុះសិក្សាស្រាវជ្រាវ ករណីទន្ទ្រានដីព្រៃលិច​ទឹកនៅ​ជាប់​បឹង​ទន្លេសាប ដោយមិនទាន់កំណត់ពីទិន្ន័យនៃការលួច​កាន់កាប់ជាក់លាក់បាននៅឡើយទេ។

ចំណែកឯខេត្តបាត់ដំបង អាជ្ញាធរបានរកឃើញ​ការ​កាប់​ទន្ទ្រាន​ព្រៃ​លិច​ទឹក​បឹង​ទន្លេសាប​ចំនួន​ ២៩​ទីតាំង ​សរុប​ផ្ទៃ​ដី​ ស្មើ​ជាង ១ ម៉ឺនហិកតា (១២.២២១)​ ក្នុងស្រុក​មោង​ឫស្សី ​ស្រុក​សង្កែ ​ ស្រុក​ឯក​ភ្នំ និងស្រុក​ថ្មគោល។

រីឯខេត្តសៀមរាប ថ្នាក់ដឹកនាំខេត្ត បានដឹកនាំក្រុមការងារចម្រុះចុះពិនិត្យតំបន់ការពារបឹងទន្លេសាប តាមបណ្តាក្រុង-ស្រុក ទាំង០៦ ដោយបាន​ស្រាវជ្រាវលើករណីជនល្មើសដែល​បានកាប់ទន្ទ្រាន​រំលោភ​យកដីព្រៃលិចទឹកធ្វើជាកម្មសិទ្ធ។

គណៈបញ្ជាការឯកភាពខេត្ត និងក្រុមការងារចម្រុះ បានចុះពិនិត្យតំបន់ការពារបឹងទន្លេសាប នៅក្នុងភូមិសាស្រ្តស្រុកជីក្រែង ខេត្តសៀមរាប (តំបន់៣ នៃអជ្ញាធរបឹងទន្លេសាប)។

ក្នុងនោះផ្ទៃដីព្រៃលិចទឹកដែលបានកាត់ឆ្វៀលកន្លងមក ក្នុងមូលដ្ឋានស្រុកជីក្រែង ដោយផ្អែក​តាមនិ​យាមការ នៃអនុក្រឹត្យ១៩៧ ផ្ទៃដីព្រៃលិចទឹកតំបន់៣ មានទំហំជិត ៤ ពាន់ហិកតា (៣,៩៧៩) គ្រប​ដណ្តប់លើ ឃុំចំនួន៧ នៃស្រុកជីក្រែង ខេត្តសៀមរាប។

ទិន្ន័យបឋម ដែលកម្ពុជាថ្មីទទួលបាន ពីអាជ្ញាធរខេត្តកំពង់ឆ្នាំង ខេត្តបាត់ដំបង និងខេត្តសៀមរាប គិតត្រឹមថ្ងៃនេះ អាជ្ញាធរខេត្តជាប់បឹងទន្លេសាប បានដកហូតដីព្រៃលិចទឹក ដែលជនខិលខួចទន្ទ្រានកាន់កាប់ ប្រមាណជិត ២ ម៉ឺនហិកតាមកគ្រប់គ្រងវិញ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម