ព័ត៌មានជាតិ
អ្នកណាខ្លះ មានតួនាទីស្ដារល្បែងប្រជាប្រិយខ្មែរឱ្យរស់បន្ត?
“ល្បែងប្រជាប្រិយ” គេច្រើនតែគិតរួមតូចមកសំដៅតែល្បែងលេងក្នុងឱកាសចូលឆ្នាំខ្មែរ ដោយរាប់ចាំមាត់ដូចជា ចោលឈូង ទាញព្រ័ត្រ លាក់កន្សែង វាយក្អម លោតបាវ ជាដើម។ ធាតុពិតមានល្បែងច្រើនជាងនេះ ហើយក៏ពុំមែនលែងតែក្នុងឱកាសចូលឆ្នាំដែរ ប៉ុន្តែល្បែងប្រជាប្រិយទាំងនោះហាក់ថមថយយកមកលេងកម្សាន្តពីយុវជនសម័យថ្មី។

លោក ហ៊ួន សាវង ជាអនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍វប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈមានប្រសាសន៍ប្រាប់ “កម្ពុជាថ្មី” ថា ការស្តារប្រជាប្រិយភាពល្បែងប្រជាប្រិយខ្មែរឡើងវិញ ពុំមែនជាភារកិច្ចដាច់មុខរបស់ក្រសួង មន្ទីរណាឡើយ។ ពោលគឺពលរដ្ឋម្នាក់ៗអាចចូលរួមទាំងអស់គ្នាដ្បិតល្បែងប្រជាប្រិយគឺជាសម្បត្តិរួម។
លោក ហ៊ួន សាវង មានប្រសាសន៍បន្ថែមថា៖ “ឧទាហរណ៍រាល់ពេលចូលឆ្នាំ តាមសាលារៀន តាមផ្សារទំនើប តាមក្រសួងមន្ទីរ តាមស្ថាប័ន អង្គការ ត្រូវដឹកនាំលេងឱ្យផុលផុសដូចការត្រាប់តាមល្បែង ឬ វប្បធម៌បរទេសដូចជា បុណ្យណូអែល ឬហាឡូវីន។ ខ្ញុំយល់ថា នោះជាដំណោះស្រាយមួយ”។
ទាក់ទងទៅនឹងករណីល្បែងប្រជាប្រិយខ្មែរត្រូវបានធ្លាក់ការគាំទ្រ ទន្ទឹមពេលមានការនិយមល្បែងស៊ីសងទៅវិញនោះ លោក ហ៊ួន សាវង លើកឡើងថា លោកពុំអាចដឹងច្បាស់អំពីមូលហេតុនៃការធ្លាក់ចុះប្រជាប្រិយភាពល្បែងប្រជាប្រិយទាំងនោះឡើយ។



លោក ហ៊ួន សាវង មានប្រសាសន៍បន្តថា៖ “ប៉ុន្តែខ្ញុំកាត់ស្មាន ដែលអាចខុសអាចត្រូវថា ដោយសារ កង្វះការយល់ដឹងរបស់មនុស្សពីមួយជំនាន់ទៅមួយជំនាន់។ មនុស្សចាស់មិននាំលេង ហើយក្មេងៗចូលចិត្តភាពផ្ទាល់ខ្លួន ការកម្សាន្តបែបម្នាក់ៗ វីវក់នឹងល្បែងអេឡិចត្រូនិចតាមទូរសព្ទជាអាទិ…”។
អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍វប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រូបនេះមានប្រសាសន៍ថា៖ “គួរនាំគ្នាយកចិត្តទុកដាក់នឹងវប្បធម៌ប្រពៃណីជាតិឱ្យបានកាន់តែខ្លាំងក្លាឡើងវិញ នោះទើបស័ក្តិសមជាអ្នកបន្តវេន។ ការបណ្តែតបណ្តោយឱ្យអ្វីៗដែលយើងធ្លាប់មានឱ្យវិនាសបាត់បង់ហិនហោចទៅ នោះជាកំហុសដ៏ធំរបស់យើងចំពោះជាតិ”។
គួររំលឹកថា រដ្ឋាភិបាល និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានគាស់កកាយឡើងវិញនូវល្បែងប្រជាប្រិយខ្មែរជាច្រើនប្រភេទនៅក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តកន្លងមកជាបន្តបន្ទាប់។ ក្នុងឆ្នាំ១៩៦៤ ក្រុមជំនុំទំនៀមទម្លាប់ខ្មែរបានប្រមូលចងក្រងល្បែងដែលខ្មែរធ្លាប់លេងបានមួយចំនួនតូចមានដូចជា ស្តេចចង់ ចោលឈូង ចាប់កូនខ្លែង លោតអន្ទាក់ លាក់កន្សែង បោះអង្គញ់ គោះត្រឡោក ទាញព្រ័ត្រ ទាត់សី រាវបង្កង លាក់ធ្យូង បាយខុំ ចត្រង្គ (អុក) ឱបត្រឡាច គ្របមាន់ បិទពួន វាយកូនគោលជាដើម។
ការលេងល្បែងនីមួយៗមានគុណសម្បត្តិ គឺត្រូវការមានគ្នាច្រើន ដែលនាំឱ្យយើងមានទំនាក់ទំនងល្អ មានមិត្តភាព មានអនុស្សាវរីយ៍។ ល្បែងខ្លះនាំឱ្យយើងអ្នកលេងត្រូវឈ្លាសវៃ រហ័សរហួន ពូកែគិត… ល្បែងខ្លះប្រៀបបាននឹងកីឡាប្រពៃណី ហើយល្បែងខ្លះ នៅស្រុកមួយចំនួនលេងក្នុងកិច្ចពិធីជាទំនៀមជាដើម។
គួរបញ្ជាក់ថា មិនមានឯកសារណាបញ្ជាក់ថា ល្បែងប្រជាប្រិយទាំងនោះចាប់កំណើត សតវត្សណាទេ ប៉ុន្តែគេគួរយល់ថា “ល្បែងប្រជាប្រិយ” កើតពេលមានមនុស្ស ដ្បិតវាកើតដោយសារមនុស្សលើកមកលេងកម្សាន្ត ឬលេងក្នុងកិច្ចណាមួយ។ ល្បែងខ្លះគេឃើញមានឆ្លាក់នៅលើចម្លាក់ប្រាសាទដែរ ដូចជាល្បែងវាយកូនគោល ល្បែងបោកចំបាប់ ល្បែងចត្រង្គ (អុក) ជាដើម៕
អត្ថបទ៖ ច័ន្ទ វីរៈ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


