ព័ត៌មានជាតិ
មជ្ឈមណ្ឌលភស្តុភារកម្ម និងកំពង់ផែពហុបំណងខេត្តកំពត នឹងក្លាយទៅជាមជ្ឈមណ្ឌលថាមពលរបស់កម្ពុជា
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអះអាងថា មជ្ឈមណ្ឌលភស្តុភារកម្ម និងកំពង់ផែពហុបំណងខេត្តកំពត នឹងក្លាយទៅជាមជ្ឈមណ្ឌលថាមពលរបស់កម្ពុជា ដែលមានកន្លែងស្ដុកប្រេងឥន្ធនៈ។

ការអះអាងនេះ បានធ្វើឡើងក្នុងពិធីបញ្ចុះបឋមសិលា បើកការដ្ឋានសាងមណ្ឌលភស្តុភារកម្ម និងកំពង់ផែពហុបំណងខេត្តកំពត នៅព្រឹកថ្ងៃទី ៥ ខែឧសភា ឆ្នាំ ២០២២នេះ ក្រោមអធិបតីភាពលោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តំណាងដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ គម្រោងវិនិយោគនេះ គឺជារបស់ក្រុមហ៊ុនកំពត ឡូជីស្ទីក អេន ផត ឯ.ក ស្ថិតនៅភូមិចង្ហោន សង្កាត់ព្រែកត្នោត ក្រុងបូកគោ ខេត្តកំពត។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល មានប្រសាសន៍យ៉ាងដូច្នេះថា «មួយទៀត គឺមណ្ឌលប្រេងឥន្ធនៈ មណ្ឌលថាមពល សព្វថ្ងៃសួរថាតើ យើងកន្លែងណាស្ដុកប្រេងទុកធំ ឬទេនៅកម្ពុជាយើង? យើងឆ្លើយថា ដូចមិនទាន់មានគ្រប់នៅឡើយទេ ហើយទីតាំងផងមិនអំណោយផល ហើយកំពង់សោមយើងមានហើយ នៅស្ទឹងហាវ-ល- ប៉ុន្តែកន្លែងនេះនឹងក្លាយទៅជាមជ្ឈមណ្ឌលថាមពលរបស់កម្ពុជា ដែលមានកន្លែងស្ដុកប្រេងឥន្ធនៈ LNG, LPG នៅកន្លែងចម្រាញ់ប្រេងឥន្ធនៈ នៅទីតាំងនេះ ដើម្បីសន្តិសុខជាតិរបស់យើង ចឹងសំខាន់ណស់ៗ»។

បើតាមលោករដ្ឋមន្ត្រី សព្វថ្ងៃនេះកំពង់ផែក្រុងព្រះសីហនុ ដើរតួនាទីដ៏សំខាន់ក្នុងការនាំទំនិញចេញ ឬចូលនៅកម្ពុជាប្រហែលជា ៦០ភាគរយហើយ។ ប៉ុន្តែសួរថា ហេតុអ្វីបានជាត្រូវសាងសង់ កំពង់ផែពហុបំណងកំពតនេះទៀត? គឺពីព្រោះតែរាជរដ្ឋាភិបាលកម្ពុជា កំពុងតែរៀបចំផែនការមេឲ្យខេត្តព្រះសីហនុ ក្លាយជាតំបន់សេដ្ឋកិច្ចពិសេសពហុបំណង ដែលការរៀបចំបែបនេះ នឹងធ្វើប្រទេសកម្ពុជា មានការរីកចម្រើនច្រើននៅថ្ងៃក្រោយ។

លោកថា «ដូច្នេះយើងត្រូវការកំពង់ផែមួយទៀត ដើម្បីជួយបំពេញបន្ថែមនូវអ្វីៗ ដែលកំពង់ផែក្រុងព្រះសីហនុលោកអត់មាន ឧទាហរណ៍ទីតាំងធំនៅកន្លែងនេះ អាចទៅជាតំបន់សេដ្ឋកិច្ចពិសេសផង កន្លែងចម្រោះប្រេងកាត-ល- ដូច្នេះបំពេញឲ្យគ្នាទៅវិញទៅមក»។
បើតាមលោក ស៊ុន ចាន់ថុល គម្រោងវិនិយោគមជ្ឈមណ្ឌល ភស្តុភារកម្ម និងកំពង់ផែពហុបំណងខេត្តកំពតនេះ ជាការវិនិយោគរបស់វិនិយោគិនជនជាតិខ្មែរ។ ប៉ុន្តែមានអ្នកវិនិយោគិនជនជាតិបរទេស កំពុងចរចាចង់ចូលភាគហ៊ុន។ គម្រោងនេះជំហានទីមួយ នឹងត្រូវចំណាយពេលសាងសង់ប្រមាណជាង ២ឆ្នាំ ពោលគឺនឹងត្រូវរួចរាល់នៅឆ្នាំ ២០២៥ ដែលអាចទទួលទំនិញប្រហែល ៣០០ពាន់។

សូមជម្រាបថា គម្រោងវិនិយោគនេះ មានផែនការអនុវត្ត ៣ដំណាក់កាល ជាមួយនឹងដើមទុនវិនិយោគសរុប ១,៥០០ លានដុល្លារអាមេរិក។ ក្នុងនោះ ផែនការដំណាក់កាលទីមួយ គឺមានប្រមាណ ២០០លានដុល្លារអាមេរិក ដែលគម្រោងនេះ នឹងរួមបញ្ចូលនូវទីលានកុងតឺនើ តំបន់សេដ្ឋកិច្ចពិសេស តំបន់ពាណិជ្ជកម្មសេរី មជ្ឈមណ្ឌលភស្តុភារកម្ម ឃ្លាំងផ្ទុកទំនិញគ្រប់ប្រភេទ ឃ្លាំងទំនិញគយ រោងចក្រផលិត និងចែកចាយ រោងចក្រចម្រុះប្រេងឥន្ធនៈ មជ្ឈមណ្ឌលប្រេងឥន្ធនៈ តំបន់លំនៅដ្ឋាន ចំណតនាវាដឹកអ្នកដំណើរទេសចរណ៍ ព្រមទាំងចំណតនាវាប្រភេទជាសាឡង់ ដែលភ្ជាប់ការដឹកជញ្ជូន ជាមួយកំពង់ផែស្វយ័តភ្នំពេញ ក្នុងករណីរាជរដ្ឋាភិបាលអភិវឌ្ឍន៍ គម្រោងផ្លូវនាវាចរ និងប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់។

ទីតាំងកំពង់ផែពហុបំណងនេះ មានជម្រៅទឹកប្រមាណ ១៥ម៉ែត្រ និងអាចឲ្យនាវាចំណុះ ១០ម៉ឺនតោន អាចចុះចតបាន។ កំពង់ផែនេះ នឹងមានសមត្ថភាពខ្ពស់ ក្នុងការលើកដាក់ទំនិញចេញ-ចូល បានចំនួនប្រមាណ ៣០០ពាន់ TEU នៅឆ្នាំ ២០២៥ និងប្រមាណជា ៦០០ពាន់ TEU នៅឆ្នាំ ២០៣០។ បើតាមលោក ស៊ុន ចាន់ថុល គម្រោងវិនិយោគមជ្ឈមណ្ឌលភស្តុភារកម្ម និងកំពង់ផែពហុបំណង នឹងក្លាយជាកំពង់ផែទឹកជ្រៅ ដែលធំមួយទៀតនៅក្នុងប្រទេសកម្ពុជា និងមានលក្ខណៈទំនើបលំដាប់អន្តរជាតិនៅក្នុងអាស៊ាន៕
អត្ថបទ៖ ឃួន សុភ័ក្រ



-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


