ភ្នំពេញ ៖ មានការភ្ញាក់ផ្អើលមួយរវាងម្ចាស់សាឡាងដឹកខ្សាច់ និងអ្នកជួល ព្រមទាំងម្ចាស់ប្រេង ក្រោយពីម្ចាស់សាឡាងរំលោភកិច្ចសន្យាចាក់ប្រេងមិនឲ្យលុយរួចបើកសាឡាងរត់ហើយជនរងគ្រោះបើក កាណូតដេញចាប់ បាននៅកំពង់ដស្វាយជ្រុំ ក្នុងឃុំស្វាយជ្រុំ ស្រុកខ្សាច់កណ្តាលខេត្តកណ្តាល។
ការឃាត់សាឡាងនេះ បង្កឲ្យមានការភ្ញាក់កាលពីវេលាព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០ បន្ទាប់ពីព្យាយាមបើកគេចតាំងពីស្ពានលេខ៧ ក្នុងសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
បន្ទាប់ពីឃាត់បានសាឡាង ក៏លេចមុខ ម្ចាស់បំណុលជាបន្តបន្ទាប់ ក៏បានទៅដាក់ពាក្យបណ្តឹង នៅសាលាឃុំ ស្វាយជ្រុំ ឲ្យជួយអន្តរាគមន៍ ទប់ស្តាប់មិនឲ្យម្ចាស់ លក់ដូរ បញ្ចាំ ឬ ហ៊ីប៉ូតែក ផ្ទេរសិទ្ធិធ្វើអំណោយ ធ្វើបណ្តាំមរកតជួល ទៅឲ្យអ្នកដទៃទៀត ដើម្បីដោះស្រាយ សងបំណុលសិន។
សាឡាងដែលមានបញ្ហានោះ មានពាក់ស្លាកលេខ ភព៦. ៨៣៦១និងលេខ សំគាល់AB៤៥ ពណ៌ខៀវ ដែលមានម្ចាស់ឈ្មោះ ផាង សុវីរះ ភេទប្រុស អាយុ៣៤ឆ្នាំ ជាមន្ត្រីនគរបាលនៅមន្ទីរប្រឆាំងគ្រឿងញៀន មានលំនៅផ្ទះលេខ ៤៣២ផ្លូវព្រះមុនីវង្សសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមនរាជធានីភ្នំពេញ។
បើតាមប្រភពឲ្យដឹងថា សាឡាងនោះ ត្រូវបានឈ្មោះ ម៉ិញ ជឿន ភេទប្រុសអាយុ៣៤ឆ្នាំមានលំនៅសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅជួលពីឈ្មោះ ផាង សុវីរះ ដែលជាម្ចាស់ ក្នុងតម្លៃ ១៦០០០ដុល្លារ ក្នុង១ខែ ដោយកុងត្រា រយៈពេល ១ឆ្នាំ និងកក់លុយមុន ១ខែចំនួន ១៦០០០ដុល្លារ ហើយបង់លុយដើមខែ។
បន្ទាប់ពី ដំណើរការ ដឹកខ្សាច់មិនទាន់បានមួយខែផង ស្រាប់តែម្ចាស់ ផ្ញើសារមកបញ្ចប់កិច្ចសន្យា កាលពីព្រឹកថ្ងៃទី១៩ខែ ធ្នូឆ្នាំ ២០២០ ដោយអះអាងភាគីអ្នកជួលមិនគោរពកិច្ចសន្យា។
បន្ទាប់ពីបញ្ចប់កិច្ចសន្យា ស្រាប់តែនៅវេលារសៀល អ្នកបើកបរ ឈ្មោះគឹម ហឿន បានទៅចាក់ប្រេង១២០០លីត្រហើយបើករត់តែម្តង។ ពេលដឹងថា បើករត់ រូបគាត់(ម្ចាស់ប្រេង)ក៏ចេញកាណូតតាមភ្លាមៗផងដែរ ហើយតាមទាន់ និងឃាត់នៅចំណុចកំពង់ដស្វាយជ្រុំក្នុងឃុំស្វាយជ្រុំ ស្រុកខ្សាច់កណ្តាល។
តាមព័ត៌មានឲ្យដឹងទៀតថា បន្ទាប់ពីឃាត់បានសាឡង់ ម្ចាស់ប្រេង និងអ្នកជួល ក៏បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ បាក់ខែង ខណ្ឌជ្រោយចង្វារ។ ដោយឡែក ទន្ទឹមនោះក៏មាន ម្ចាស់បំណុល ក៏បានទៅដាក់ពាក្យ បណ្តឹង នៅសាលាឃុំស្វាយជ្រុំ ដើម្បីអោយអាជ្ញាធរ ជួយឃាត់សាឡាងនោះទុក ដោះស្រាយតាមផ្លូវតុលាការ។
តាមព័ត៌មានឲ្យដឹងថា ម្ចាស់សាឡាង កាលពីសីហាឆ្នាំ២០២០បានទៅទិញខ្សាច់ពី ឈ្មោះប៉េង ឃាង ហើយជំពាក់ថ្លៃ អ៊ូនិងខ្សាច់ចំនួន ១៩៦០០ដុល្លារ។ ក្រៅពីនោះ នៅមានជំពាក់គេផ្សេងៗជាច្រើនទៀតផងដែរ។
តាមពាក្យបណ្តឹង របស់ លោក ប៉េង ឃាង មានលំនៅ សង្កាត់កាកាប ខណ្ឌពោធិ៍ សែនជ័យ ក៏បានប្តឹងស្នើ សុំឲ្យ អាជ្ញាធរ ឃុំស្វាយជ្រុំជួយទប់ស្កាត់ហាមឃាត់ឈ្មោះផាង សុវីរះ មិនឲ្យធ្វើការលក់បញ្ចាំ ឬហ៊ីប៉ូតែក ផ្ទេរសិទ្ធិ ធ្វើអំណោយ ធ្វើបណ្តាំមរតក ជួលដាក់ធានាទៅអ្នកដទៃធ្វើអាជីវកម្មបំផ្លាស់ទីនូវចលនវត្ថុ(សាឡាងដឹកខ្សាច់) ដែលមានពាក់ស្លាកលេខ ភព៦ ៨៣៦១ពណ៌ខៀវ នៅកំពង់ដស្វាយជ្រុំជាបណ្ដោះអាសន្នសិន៕
ដោយ ៖ ឌីរៀ