សន្តិសុខសង្គម
នគរបាលខេត្តកំពត នឹងដាក់ពង្រាយកម្លាំងជាង១ពាន់នាក់ដើម្បីការពារសុវត្ថិភាព និងសណ្ដាប់ធ្នាប់ក្នុងឱកាសបុណ្យចូលឆ្នាំ
ស្នងការដ្ឋាននគរបាលខេត្តកំពត នឹងប្រើប្រាស់កម្លាំងប្រមាណជាង ១.០០០នាក់ រួមបញ្ចូលជាមួយមន្ត្រីសមត្ថកិច្ចចំណុះគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដើម្បីចល័ត និងឈរជើងតាមគោលដៅសំខាន់ៗនៅទូទាំងខេត្ត ដើម្បីការពារសុខសុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។

លោកវរសេនីយ៍ឯក ដាន វុត្ថា ស្នងការរង និងជាអ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តកំពត បានប្រាប់ឱ្យដឹងនៅថ្ងៃទី៤មេសា នេះថា ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលនឹងឈានចូលមកដល់នាពេលខាងមុខ ស្នងការដ្ឋាននគរបាលខេត្តនឹងប្រើប្រាស់កម្លាំងនគរបាលចំនួន ១.០១៨នាក់ សហការជាមួយមន្ត្រីសមត្ថកិច្ចចំណុះគណៈបញ្ជាការឯកភាពខេត្តដាក់ឈរជើង និងចល័តតាមគោលដៅសំខាន់ៗ ដើម្បីការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈជូនភ្ញៀវទេសចរដែលមកកម្សាន្ដ។

លោក ដាន វុត្ថា បន្តថា គោលដៅសំខាន់ៗនឹងត្រូវបែងចែកជា ៣ប្រភេទរួមមាន កន្លែងរៀបចំពិធីកម្សាន្តសប្បាយ តាមដងផ្លូវដែលឧស្សាហ៍កើតឡើងនូវករណីកកស្ទះចរាចរណ៍ និងគ្រប់រមណីយដ្ឋានទូទាំងខេត្ត។ ចំពោះតំបន់ត្រជាក់ត្រង់ចំណុចរង្វង់មូលរូបសំណាកផ្លែទុរេន អង្គភាពបង្ការ និងពន្លត់អគ្គិភ័យ នឹងប្រើប្រាស់រថយន្តចំនួន ៤គ្រឿង សម្រាប់បាញ់ទឹកជូនភ្ញៀវរាំលេងកម្សាន្តពេញរយៈពេល៣ថ្ងៃ។

អ្នកនាំពាក្យរូបនេះបន្ថែមថា ក្រៅពីកិច្ចសហការជាមួយកម្លាំងកងរាជអាវុធហត្ថ ប្រជាការពារ មន្ត្រីសុខាភិបាល មន្ត្រីអគ្គិសនី និងគ្រប់ផ្នែកពាក់ព័ន្ធនៅលើដីគោក កម្លាំងស្នងការដ្ឋាននគរបាលខេត្ត នឹងចូលរួមសហការជាមួយសមត្ថកិច្ចនគរបាលការពារព្រំដែនទឹករង់ចាំឃ្លាំមើល និងល្បាតតាមដងព្រែក លើផ្ទៃសមុទ្រដើម្បីត្រៀមជួយអ្នកធ្វើដំណើរកម្សាន្តតាមផ្លូវទឹកផងដែរ។ ជាគ្នាមួយនេះ មន្ត្រីជំនាញក៏បានណែនាំដល់ប្រតិបត្តិករទេសចរណ៍ ពិសេសម្ចាស់អាជីវកម្មទូកដឹកភ្ញៀវឱ្យប្រុងប្រយ័ត្នខ្ពស់ដោយមានការបំពាក់ឧបករណ៍បរិក្ខារការពារសុវត្ថិភាព និងហាមឃាត់ដាច់ខាតនូវការផ្ទុកលើសចំណុះ។

ក្នុងនាមតំណាងឱ្យលោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកំពត លោកសូមអំពាវនាវដល់អ្នកបញ្ជាយានយន្តគ្រប់ប្រភេទ ត្រូវគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន និងមានការយោគយល់អធ្យាស្រ័យគ្នាដើម្បីបញ្ចៀសករណីគ្រោះថ្នាក់ ឬការខាតបង់ទ្រព្យធនផ្សេងៗ។ យ៉ាងណាមិញ ក្រុមយុវជនគ្រប់រូបត្រូវរក្សាភាពថ្លៃថ្នូរជាមួយការកម្សាន្តតាមបែបប្រពៃណីជាតិ ហើយបញ្ចៀសឱ្យបាននូវទង្វើមិនគប្បីដែលនាំឱ្យមានទោសទណ្ឌដល់ខ្លួន និងទុក្ខកង្វល់សម្រាប់ក្រុមគ្រួសារក្នុងការលេងល្បែងដែលមិនសមរម្យ ឬធ្វើឱ្យមានគ្រោះថ្នាក់ផ្សេងៗទៀត៕
អត្ថបទ៖ សឹង រ៉ាត់





-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


