Connect with us

ព័ត៌មានជាតិ

សម្តេចតេជោ ផ្ដល់គន្លឹះ៧ចំណុច ដើម្បីលើកកម្ពស់វិស័យកីឡាកម្ពុជា និងត្រៀមខ្លួនសម្រាប់ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣

បានផុស

នៅ

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ដល់នូវទស្សនៈ និងគន្លឹះ​៧ចំណុច ដើម្បីលើកកម្ពស់ជម្រុញវិស័យកីឡាកម្ពុជា និងត្រៀមខ្លួនសម្រាប់ការប្រកួតស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ រៀបចំកីឡាជាតិលើកទី៣ និងកីឡាជាតិជនពិការលើកទី១ ឆ្នាំ២០២២ ដែលទើបតែប្រារព្ធពិធីបិទបញ្ចប់ជាផ្លូវការនាល្ងាចថ្ងៃទី៣០​ខែវិច្ឆិកា ឆ្នាំ២០២២ នេះ នាវិមានពហុកីឡដ្ឋានជាតិមរតកតេជោ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដើម្បីលើកកម្ពស់ជម្រុញវិស័យកីឡាកម្ពុជា និងត្រៀមខ្លួនសម្រាប់ការប្រកួតស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម​ ឆ្នាំ២០២៣​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ផ្ដល់នូវទស្សនៈ និងចំណុចគន្លឹះមួយចំនួនដូចខាងក្រោម៖

១ ក្រសួងស្ថាប័ន និងអាជ្ញាធររាជធានី-ខេត្ត ដែលមិនទាន់មានក្រុមកីឡាចូលរួម ត្រូវបង្កើតអង្គភាពកីឡា ឬសមាគមកីឡាប្រចាំក្រសួង ស្ថាប័ន អាជ្ញាធររាជធានី-ខេត្ត របស់ខ្លួនដោយមានយន្ដការគ្រប់គ្រងច្បាស់លាស់ មានតម្លាភាពក្នុងការគ្រប់គ្រង និងបង្កើនសមត្ថភាពកីឡាករ-កីឡាការិនីរបស់ខ្លួនជាប្រចាំ ដើម្បីចូលរួមការប្រកួតកម្រិតជាតិ និងអន្តរជាតិ។

២ ក្រសួង ស្ថាប័ន និងអាជ្ញាធររាជធានី-ខេត្ត ត្រូវយកចិត្តទុកដាក់នូវការបង្កើតក្រុមកីឡាដែលមានឧត្តមភាព និងត្រូវរៀបចំការប្រកួតក្នុងក្របខណ្ឌផ្ទៃក្នុង តាមពេលវេលាសមស្របសម្រាប់ពង្រឹងសមត្ថភាពកីឡាករ-កីឡាការិនី ដើម្បីចូលរួមក្នុងការប្រកួតកីឡាជាតិ លើកទី៤ និងកីឡាជាតិជនពិការ លើកទី២ឲ្យកាន់តែច្រើន។

៣ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ២០២៣ ត្រូវជម្រុញល្បឿននៃការត្រៀមខ្លួនឲ្យបានគ្រប់ជ្រុងជ្រោយជាស្រេច ដើម្បីធានាបាននូវជោគជ័យក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាកម្រិតអន្តរជាតិដ៏ធំជាប្រវត្តិសាស្ត្រនេះ។

៤ គ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធររាជធានី-ខេត្ត ត្រូវពង្រីកកិច្ចសហការឲ្យបានជិតស្និត និងប្រកបដោយការទទួលខុសត្រូវខ្ពស់ និងស្របតាមអភិក្រម នៃប្រព័ន្ធតួអង្គតែមួយ ដើម្បីដោះស្រាយនូវរាល់បញ្ហាប្រឈមនានាជាបន្ទាប់ សំដៅធានាប្រសិទ្ធិភាពការដឹកនាំ ការគ្រប់គ្រង និងការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាដ៏ធំ នៅក្នុងឆ្នាំ២០២៣។

៥ ខ្ញុំសូមអំពាវនាវដល់វិស័យឯកជន ក្រុមហ៊ុន សហគ្រាស និងសប្បុរសជនទាំងអស់សូមចូលរួមដល់មូលនិធិកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ២០២៣ ដើម្បីរួមចំណែកដល់ភាបជោគជ័យ នៃការរៀបចំការប្រកួតកីឡាកម្រិតអន្តរជាតិនេះ។

៦ ខ្ញុំសូមអំពាវនាវដល់ប្រជាជនទាំងអស់ សូមប្រកាន់ខ្ជាប់នូវស្មារតីប្រជាជនម្នាក់ ជាម្ចាស់ផ្ទះម្នាក់ ពិសេសប្រជាជននៅតាមរាជធានី-ខេត្ត ដែលត្រូវត្រៀមទទួលរៀបចំការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣។ សូមរៀបចំអនាម័យ ថែរក្សាបរិស្ថានឲ្យបានល្អ និងរៀបចំតុបតែងលម្អដើម្បីលើកកម្ពស់សោភណភាពមូលដ្ឋានរបស់ខ្លួន សម្ដៅលើកមុខមាត់កម្ពុជា និងទាក់ទាញការចាប់អារម្មណ៍របស់ប្រតិភូកីឡា និងភ្ញៀវអន្តរជាតិទាំងអស់ដែលនឹងអញ្ជើញមកចូលរួមការប្រកួតនៅកម្ពុជា ឆ្នាំ២០២៣ ខាងមុខ។

៧ ខ្ញុំសូមលើកទឹកចិត្តឲ្យបន្តរៀបចំកម្មវិធីយុទ្ធនាការអប់រំសង្គម មានអ្វីលើសពីការប្រកួតកីឡា របស់សហភាពសហព័ន្ធយុវជនកម្ពុជា ដើម្បីបង្កើនការយល់ដឹងអំពីបញ្ច័យជាវិជ្ជមាននៃការធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កីឡាដ៏ធំជាប្រវត្តិសាស្ត្រនេះសម្រាប់ព្រះរាជាណាចក្រកម្ពុជា។

ជាចុងបញ្ចប់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានកោតសរសើរដល់កីឡាករ-កីឡាការិនី និងវាយតម្លៃខ្ពស់ចំពោះក្រសួងអប់រំ យុវជន និងកីឡា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងស្ថានប័នពាក់ព័ន្ធ ដែលបានសហការរៀបចំការប្រកួតកីឡាជាតិលើកទី៣ និងកីឡាជាតិជនពិការ លើកទី១ ឆ្នាំ២០២២ ឲ្យប្រព្រឹត្តិទៅដោយរលូន និងទទួលបានជោគជ័យ៕

អត្ថបទ៖ មន្នីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម