Connect with us

ព័ត៌មានជាតិ

ដល់ថ្ងៃសម្ដែងសៀកជាតិប្រចាំឆ្នាំហើយ ទើបមានភ្ញៀវជាវសំបុត្រទស្សនា បានជាង ១០ ភាគរយ

បានផុស

នៅ

រយៈពេល ៣ថ្ងៃ ចាប់ពីល្ងាចនេះ ថ្ងៃទី១៦ ១៧ ១៨ ខែធ្នូ ឆ្នាំ២០២២ នឹងមានព្រឹត្តិការណ៍ សម្ដែងសៀកជាតិ របស់សាស្ត្រាចារ្យ និង ក្រុមសិល្បករ សិល្បការនីសៀក នៃសាលាវិចិត្រសិល្បៈ។ ប៉ុន្តែដល់ថ្ងៃសម្ដែងទៅហើយ សំបុត្រទស្សនា ទើបតែលក់បាន ជាង ១០ ភាគរយ ប៉ុណ្ណោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សំនៀង ករុណា អ្នកស្ម័គ្រចិត្តជួយក្រុមសៀក បានឱ្យ “កម្ពុជាថ្មី” ដឹងនៅថ្ងៃនេះថា ការសម្ដែងផ្ដោតលើទម្រង់សិល្បៈសៀកជាតិ ក្នុងនោះមានការសម្ដែងទម្រង់របាំប្រពៃណី ១ទម្រង់ ដោយមាន សិល្បៈករ និងសិល្បៈការនី សរុបចំនួន ២៦នាក់។ អ្នកសម្ដែង គឺជា គ្រូ និងជាសិស្សសាលាសៀក នៃសាលាមធ្យមសិល្បៈ ដែលបានសិក្សារហូតជាង ១០ឆ្នាំ។

លោក សំនៀង ករុណា លើកឡើងបន្ថែមថា៖ “មកដល់ពេលនេះ មានការកក់ និងជាវសំបុត្របានត្រឹម ១០ភាគរយ។ សម្រាប់ព្រឹត្តិការណ៍សម្ដែងសៀកនេះ ក្រុមសិល្បករ សិល្បការិនី បានត្រៀម ហ្វឹកហាត់អស់រយៈពេល ៣ខែ គឺចាប់តាំងពីខែ ៩ (ខែកញ្ញា) មក ជាការចូលរួម Workshop របស់សិល្បករជនជាតិម៉ិចស៊ិចកូ ដែលចង់មកជួយសហការបង្កើតឱ្យសិល្បៈជាតិខ្មែរមានទីផ្សារ ជាស្នាដៃបង្កើតថ្មីក្នុងទម្រង់សហសម័យ”។

លោក សំនៀង ករុណា បានឱ្យដឹងបន្ថែមថា ការសម្ដែងសរុបមានរយៈពេលជាង ១ម៉ោង ប៉ុន្តែការសម្ដែងគោលគឺជាការសម្ដែងសៀកសហសម័យ ឈ្មោះថា “អនុស្សាវរីយ៍នៃខ្យល់” ដែលមានវេលា ៣០នាទី។ អត្ថន័យចង់បង្ហាញអំពី ការចាប់ផ្ដើម ការវិវត្ត ការមិនមានលំនឹងក្នុងការរួបរួម ការពុះពារឧបសគ្គ ក្នុងទម្រង់សៀកឆ្ពោះទៅកាន់គោលដៅមួយ។ ការដោះស្រាយគឺចាប់ផ្ដើមពីចំនុចដែលធ្វើនេះដើម្បីលទ្ធផលបន្តបន្ទាប់។

លោក សំនៀង ករុណា បញ្ជាក់ថា៖ “ពួកគាត់ខំហាត់ណាស់។ ការសម្ដែងសហសម័យ រយៈពេលជាង ៣០ នាទី នឹងធ្វើឱ្យទស្សនិកជន សប្បាយរីករាយផង រំភើប និងរន្ធត់ផង ព្រោះក្រុមសិល្បៈករមានការហក់ និងបោះប្លោងគ្នាទៅមក ខ្ពស់ៗ ខ្ញុំក៏ផើតប្រហោងពោះជំនួសពួកគាត់ដែរ។ មកដល់ពេលនេះ មានការកក់ និងជាវសំបុត្របានត្រឹម ១០ភាគរយ។ ការរំពឹងតិចតួចថានឹងមានអ្នកចូលរួមទស្សនាក្នុងរយៈពេល ៣ថ្ងៃតាមគ្រោងទុក។ ប៉ុន្តែសិល្បៈករនៅតែខិតខំ ទោះបីដឹងថា មានរំពឹងតិចតួចទៅលើចំនួនទស្សនាក្ដី”។

លោក សំនៀង ករុណា សំណូមសូមឱ្យមានការចូលរួមគាំទ្រគ្រប់មជ្ឈដ្ឋានជាតិ និងអន្តរជាតិ ដើម្បីឱ្យសិល្បៈករសៀកមានកម្លាំងចិត្តចូលរួមថែរក្សាសម្បត្តិវប្បធម៌ដូនតាខ្មែរដែលមានតាំងពីសម័យមហានគរមក ដោយយើងមានចម្លាក់ជាតឹកតាងផងដែរ។ សិល្បៈសៀកមិនមែនជាសិល្បៈបែបបច្ចឹមប្រទេសទាំងអស់ យើងក៏មានអត្តសញ្ញានជាតិផងដែរ។

គួរបញ្ជាក់ថា តម្លៃសំបុត្រទស្សនាសៀកជាតិ សម្រាប់ភ្ញៀវខ្មែរ មានតម្លៃ ២ ម៉ឺនរៀល ចំណែកសិស្ស គឺតម្លៃតែ ១ ម៉ឺនរៀល។ សម្រាប់ភ្ញៀវបរទេស ៤ ម៉ឺនរៀល ឬ ២ សំបុត្រ មានតម្លៃ ៦ ម៉ឺនរៀល និងឥតគិតថ្លៃចំពោះកុមារអាយុក្រោម ៦ឆ្នាំ។ កាលបរិច្ឆេទសម្ដែងនៅ ថ្ងៃទី១៦ ១៧ និង១៨ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង ៦:៣០ នាទី ល្ងាច ទីតាំងនៅ មជ្ឈមណ្ឌលសិល្បៈសៀក និងទស្សនីយភាព ទល់មុខ រដ្ឋសភាជាតិ។

ការចូលរួមរបស់អ្នកទាំងអស់គ្នាគឺជាកម្លាំងចិត្តដ៏មានតម្លៃដល់ក្រុមសិល្បករ សិល្បការនីសៀករបស់ខ្មែរយើងដើម្បីលើកទឹកចិត្តពួកគាត់ក្នុងការព្យាយាមហ្វឹកហាត់ និងកែច្នៃសម្រិតសម្រាំងនូវទស្សនីយភាពជាទីចាប់អារម្មណ៍បន្តទៀត។ ជាពិសេសជាការបន្តការគាំទ្រ អភិវឌ្ឍន៍វិស័យសិល្បៈដែលជាចំណែកមួយដ៏សំខាន់ក្នុងការសាបព្រួសវប្បធម៌ប្រពៃនៃសង្គមកម្ពុជា៕

អត្ថបទ៖ ច័ន្ទ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

លោកស្រី ធី សុវណ្ណថា បធិសេធការចុះហត្ថលេខាដកតួនាទីប្រធានភូមិបាលក្រុងអរិក្សត្រ ដែលលោកស្រីអះអាងថា ជាហត្ថលេខាក្លែងក្លាយ

ព័ត៌មានជាតិ៩ ម៉ោង មុន

រដ្ឋមន្ត្រី និងអភិបាលខណ្ឌពោធិសែនជ័យ រៀបចំអាហារសាមគ្គីជាមួយប្រតិភូបុគ្គលិក ជិត ១០០ រោងចក្រ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ធនាគារបរទេស ២ ប្ដឹងជំទាស់ការលក់អគារតម្លៃរាប់លានដុល្លាររបស់អតីត​សេដ្ឋិនី វៀតណាម ដែលរងទោសប្រហារជីវិត

សេដ្ឋកិច្ច១០ ម៉ោង មុន

សមាគមធនាគារនៅកម្ពុជា បដិសេធ ការចុះផ្សាយថា ការទូទាត់តាមប្រព័ន្ធឌីជីថល ធ្លាក់ចុះ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

កម្ពុជា ជាមេកន្ទ្រាញគ្រងលើអត្រាស្ទុះងើបឡើងវិញនៃវិស័យទេសចរណ៍​ខ្ពស់ជាងគេនៅអាស៊ាន

Sokha Hotels

ព័ត៌មានពេញនិយម