ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត ​បញ្ជា​ឲ្យ​ផ្អាក​សកម្មភាព​ចាប់​ម៉ូតូ​ មាន​បំពង់​ស៊ីម៉ាំង​ឮ​ខ្លាំង​បណ្តោះអាសន្ន​សិន​
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត ​បញ្ជា​ឲ្យ​ផ្អាក​សកម្មភាព​ចាប់​ម៉ូតូ​ មាន​បំពង់​ស៊ីម៉ាំង​ឮ​ខ្លាំង​បណ្តោះអាសន្ន​សិន​

Published

on

​បន្ទាប់ពី​មានការ​មន្ត្រីនគរបាល​មួយ​ចំនួន អនុវត្ត​លើស​តាម​បទបញ្ជា​ធ្វើ​ឲ្យ​មាន​ប្រជាពលរដ្ឋ​ខ្លះ​ មានការ​ថ្នាំងថ្នាក់​នោះ ​ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត បញ្ជា​ឲ្យ​នគរបាល​រាជធានី​ភ្នំពេញ ផ្អាក​សកម្មភាព​ចាប់​ម៉ូតូ ​ដែល​មាន​បំពង់​ស៊ី​ម៉ាំង​​ឮ​​ខ្លាំង​ជា​បណ្តោះអាសន្ន​សិន​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ក្នុង​សារ​សំឡេង​ផ្ញើ​ទៅកាន់​នគរបាល​រាជធានី​ភ្នំពេញ ​កាលពី​រសៀល​ថ្ងៃ​ទី​១១ ខែ​មករា​ ឆ្នាំ​២០២១ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត បាន​ថ្លែង​បញ្ជាក់ថា ​កងកម្លាំង​នគរបាល​ទាំង​១៤​ខណ្ឌ​ក្នុង​រាជធានី​ភ្នំពេញ​ ត្រូវ​ផ្អាក​សកម្មភាព​ចាប់​ម៉ូតូ​ធំ​ ដែល​មាន​បំពង់​ស៊ី​ម៉ាំង​ឮ​ខ្លាំង បង្ក​ការ​រំខាន​ដល់​ប្រជាពលរដ្ឋ​ជា​បណ្ដោះអាសន្ន​សិន រង់ចាំ​ទទួលបញ្ជា​ថ្មី​ពី​នាយ​ឧ​ត្ត​ម​សេនីយ៍ សន្ដិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ដើម្បី​ចៀសវាង​នូវ​ការ​ថ្នាំងថ្នាក់​ជាមួយ​ប្រជាពលរដ្ឋ ព្រោះ​ម៉ូតូ​ខ្លះ​មិនបាន​កែច្នៃ​នោះ​ទេ ពោល​មាន​សំណុំដើម​មកពី​រោងចក្រ​តែម្ដង។ ក្រោយ​មាន​បទបញ្ជា​ពី​សម្ដេច​ក្រឡាហោម ស ខេង​ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ និង​នាយ​ឧ​ត្ត​ម​សេនីយ៍​សន្ដិ​បណ្ឌិត នេ​ត សាវឿន ឲ្យ​ចាប់​ម៉ូតូ​កែច្នៃ​បំពង់​ស៊ី​ម៉ាំង​ឮ​ខ្លាំង​បង្ក​ការ​រំខាន​នោះ មាន​មន្ដ្រី​មួយ​ចំនួន​បាន​អនុវត្ត​លើស​ពី​ការណែនាំ ហើយ​មាន​រូបភាព​ខ្លះ ចូល​ចាប់​ដល់​ក្នុង​ផ្ទះ​តែម្ដង ដែល​ជា​ការ​ខុស​ពី​បទ​បញ្ជា ខណៈ​ឯកឧត្ដម​ក៏បាន​មិនបាន​បញ្ជា​ឲ្យ​អនុវត្ត​បែបនេះ​នោះ​ដែរ​។

​គួរ​បញ្ជាក់​ថា ការ​ចេញ​បទបញ្ជា​ឲ្យ កម្លាំង​នគរបាល បើក​ស្រាវជ្រាវ​កំណត់​អត្តសញ្ញាណ​ម៉ូតូ​ធំ ដែល​បង្ក​សំឡេង​រំខាន​ដល់​ប្រជាពលរដ្ឋ​របស់ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ កាលពី​ព្រឹក​ថ្ងៃ​ទី​៨ ខែ​មករា​កន្លងទៅ និង ការ​ចេញ​បទ​ឲ្យ​ផ្អាក​សកម្មភាព​ចាប់​ម៉ូតូ​ ដែល​មាន​បំពង់​ស៊ី​ម៉ាំង​ឮ​ខ្លាំង​នេះ ធ្វើឡើង បន្ទាប់ពី មាន​ករណី​ក្មេង​ទំនើង​មួយ​ចំនួន​ជិះ​ម៉ូតូ​ធំ កែច្នៃ​បំពង់​ស៊ី​ម៉ាំង ខុស​លក្ខណៈ​បច្ចេកទេស​នៃ​ទ្រង់ទ្រាយ​ដើម ហើយ​មាន​សំឡេង​ឮ​ខ្លាំង​បង្ក​ការ​រំខាន​ដល់​ប្រជាពលរដ្ឋ ពិសេស​ថ្នាក់ដឹកនាំ​ជាន់​របស់​រាជរដ្ឋាភិបាល ដោយ​សំឡេង​បំពង់​ស៊ី​ម៉ាំង​នេះ ​ផង​ដែរ​។

​លោក សាន សុខ​សីហា អ្នកនាំពាក្យ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹងថា រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ សមត្ថកិច្ច​គន​របាល​រាជធានី​ភ្នំពេញ បាន​ចាប់​ឃាត់​ម៉ូតូ​កែច្នៃ​ស៊ី​ម៉ាំង ឬ​ម៉ូតូ​ដែល​មាន​សំឡេង​បំពង​ខុស​លក្ខណៈ​បច្ចេកទេស បង្ក​ការរំខាន​ដល់​ដំណេក​របស់​ប្រជាពលរដ្ឋ​ចំនួន​៦៤ គ្រឿង ដើម្បី​ធ្វើការ​ណែនាំ និង​អប់រំ​។ លោក បាន​បន្តថា នេះ​មិនមែនជា​យុទ្ធនាការ​ថ្មី​នោះទេ ពីព្រោះ​សកម្មភាព​នេះ​ សមត្ថកិច្ច​រាជធានី​ភ្នំពេញ ​បាន​ធ្វើជា​បន្តបន្ទាប់​យូរហើយ ប៉ុន្តែ​ចំនួន​៦៤​គ្រឿង​នេះ គឺ​យើង​គិត​ចាប់​ពីថ្ងៃ​ ដែល​សម្ដេច​ក្រឡាហោម ស ខេង បាន​អំពាវនាវ​ជាថ្មី​កាលពី​ប៉ុន្មាន​ថ្ងៃមុន​នេះ​។ លោក​បញ្ជាក់​ថា ម៉ូតូ​ទាំងអស់​ដែល​បាន​ចាប់​ឃាត់​នោះ ត្រូវ​បាន​រក្សាទុក​នៅ​តាម​ខណ្ឌ ដែល​ជា​អ្នក​បង្ក្រាប​នោះ ហើយ​ហៅ​ម្ចាស់​មក​ណែនាំ​អប់រំ​។ ប្រសិនបើ​ម៉ូតូ​ទាំងនោះ ជា​ម៉ូតូ​ច្នៃ​បំពង់​ស៊ី​ម៉ាំង គឺ​ត្រូវ​ឲ្យ​ដោះចេញ ហើយ​យក​បំពង់​ស៊ី​ម៉ាំង​ដើម​មក​ដាក់​វិញ​។

​លោក សាន សុខ​សីហា បាន​បញ្ជាក់ដែរថា កន្លងមក​សមត្ថកិច្ច​មិនបាន​ធ្វើការ​ពិន័យ​អ្វី​នោះទេ គឺ​គ្រាន់តែ​ចាប់​ឃាត់ និង​ធ្វើ​ការណែនាំ​អប់រំ ហើយ​យក​បំពង់​ស៊ី​មុំាង​អូ​រី​ជីណ​ល (Original) នោះ យកមក​ដាក់​វិញ​ប៉ុណ្ណោះ រួចហើយ​ហៅ​ឪពុកម្ដាយ​ឲ្យ​មក​ធ្វើ​ការធានា ដើម្បី​យក​ត្រឡប់​ទៅវិញ​។ ​លោក​អះអាងថា កន្លងមក​បើទោះបីជា​មិនមាន​ការពិន័យ​ធ្ងន់ធ្ងរ​អ្វី​ក៏ដោយ ក្រោយពី​មាន​សកម្មភាព​របស់​សមត្ថកិច្ច​លើ​បញ្ហា​នេះ ក៏មាន​ការកាត់បន្ថយ​ច្រើន​ដែរ ទាក់ទង​ទៅនឹង​ក្មេង​ទំនើង ដែល​តែងតែ​កែច្នៃ​ម៉ូតូ បង្ក​ការរំខាន​ដល់​ប្រជាពលរដ្ឋ​នោះ ដូច្នេះ​វា​មាន​ប្រសិទ្ធភាព​ច្រើន​ដែរ មិនបាន​រំខាន​ទៅដល់​ប្រជាពលរដ្ឋ​ដែល​សម្រាក​នៅ​ពេល​យប់ និង​ថ្ងៃ​៕

អត្ថបទ៖ ​សំអឿន

សូមចុចអាន៖ ​ម៉ូតូ​កែច្នៃ​ស៊ី​ម៉ាំង​រំខាន​ប្រជាពលរដ្ឋ​ចំនួន​៦៤​គ្រឿង ត្រូវបាន​សមត្ថកិច្ច​ចាប់​ឃាត់​ធ្វើ​ការណែនាំ និង​អប់រំ

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services