ព័ត៌មានជាតិ
ក្រសួងសុខាភិបាល បង្ហាញពីវិធីការពារសុខភាព និងរក្សាសុវត្ថិភាព អំឡុងទស្សនាការប្រកួតកីឡាស៊ីហ្គេម
ក្រសួងសុខាភិបាល បានបង្ហាញពីវិធីការពារសុខភាព និងរក្សាសុវត្ថិភាព អំឡុងពេលទស្សនាការប្រកួតកីឡាស៊ីហ្គេមលើកទី ៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី ១២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

នៅក្នុងសេចក្ដីណែនាំរបស់ក្រសួងសុខាភិបាល ចុះថ្ងៃទី ២៧ មេសា លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានណែនាំដល់ប្រជាពលរដ្ឋ ត្រូវចេះរក្សាសុខភាពផ្ទាល់ខ្លួនឲ្យបានល្អ ដោយចូលរួមការពារទប់ស្កាត់ការចម្លងរោគនានា និងការពាររាករូស ឬពុលចំណីអាហារ ដោយអនុវត្តវិធានការថែរក្សាអនាម័យស្អាត ធានានូវសុវត្ថិភាព ចំណីអាហារ បរិភោគចំណីអាហារឆ្អិនល្អ និងពិសាទឹកស្អាត ឬទឹកដាំពុះ ជាពិសេស សូមកុំច្រាន ឬប្រជ្រៀតគ្នា ដើម្បីទប់ស្កាត់នូវការដួលសន្លប់ដែលអាចកើតមានជាយថាហេតុ ហើយបើបងប្អូនវិលមុខ ឬស្រវាំងភ្នែក សុំអង្គុយចុះ និង ហៅរកអ្នកជួយសង្គ្រោះ។

លោករដ្ឋមន្ត្រី បានក្រើនរំលឹកដល់ពលរដ្ឋទាំងអស់ បន្តចូលរួមការពារការចម្លងរោគដូចជា ជំងឺអេដស៍ ជំងឺផ្ដាសាយ រលាកបំពង់ក រលាកផ្លូវដង្ហើម ជាពិសេសត្រូវចេះការពារខ្លួនពីការចម្លងវីរុសកូវីដ-១៩ និងវីរុសផ្តាសាយបក្សីជាដើម ដែល ក្រសួងសុខាភិបាល តែងតែបានចេញផ្សាយជាហូរហែរួចមកហើយ។
លោករដ្ឋមន្ត្រី បានពន្យល់ថា ការរាករូស រាកមូល ចុកពោះ ចង្អោរក្អួត ភាគច្រើនបណ្ដាលមកពីការបរិភោគចំណីអាហារ ការពិសាម្ហូបអាហារមិនស្អាត ដោយមានមេរោគ ចំណីអាហារមិនមានសុវត្ថិភាពល្អ ឬអាចធ្វើឲ្យពុលចំណីអាហារតែម្ដង ឬ ដោយសារអាហារ ស្រា ភេសជ្ជៈណាមួយមានសារជាតិពុល។

លោករដ្ឋមន្ត្រី បានណែនាំដល់អ្នកមានជំងឺឡើងសម្ពាធឈាម ត្រូវប្រុងប្រយ័ត្នផ្ទាល់ខ្លួន កុំនៅកន្លែងចង្អៀត ឬប្រជ្រៀតនៅកន្លែងចង្អៀត អាចធ្វើឲ្យសម្ពាធឈាមឡើង។ ត្រូវចេះអធ្យាស្រ័យឲ្យគ្នាទៅវិញទៅមក ប្រសិនបើមានការប៉ះទង្គិចគ្នាបន្តិចបន្តួច ហើយចៀសវាងការប្រើអំពើហិង្សា បាញ់បោះ ឬ វាយប្រតប់គ្នា ជាដើម។
លោករដ្ឋមន្ត្រី បានបញ្ជាក់ថា ប្រសិនបើមានបញ្ហាសុខភាព អាចស្វែងរកសេវារថយន្ត គិលានសង្គ្រោះ និងការពិនិត្យព្យាបាលនៅតាមទីតាំងដូចបានផ្សព្វផ្សាយរួចហើយ។

លោករដ្ឋមន្ត្រីក្រសួងសុខាភិបាល សង្ឃឹមថា ប្រជាពលរដ្ឋទាំងអស់ នឹងចូលរួមអនុវត្តតាមការណែនាំដោយស្មារតីទទួលខុសត្រូវខ្ពស់ និងសូមសប្បាយរីករាយមានសុខសុវត្ថិភាពក្នុងការទស្សនាកីឡាស៊ីហ្គេមលើកទី ៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី ១២ នាពេលខាងមុខនេះ។
គួរបញ្ជាក់ថា សម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម ក្រសួងសុខាភិបាល បានត្រៀមរថយន្តគិលានសង្គ្រោះចំនួន ១១៤ គ្រឿង ក្នុងនោះមានរថយន្ត ៧២ គ្រឿង សម្រាប់រាជធានីភ្នំពេញ និង ៤២ គ្រឿងទៀត នៅខេត្តព្រះសីហនុ កំពត កែប និងខេត្តសៀមរាប។ រថយន្តគ្លីនិកចល័ត ៩ គ្រឿង មាន ៦ គ្រឿង នៅរាជធានីភ្នំពេញ និង ២ គ្រឿងទៀត នៅតាមខេត្ត។ ត្រៀមមន្ទីរពេទ្យរដ្ឋចំនួន ៧ ក្នុងរាជធានីភ្នំពេញ និងនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ព្រះសីហនុ កំពត និងកែប ព្រមទាំងត្រៀមបុគ្គលិកពេទ្យ ៨៣៣ នាក់ ក្នុងនោះនៅរាជធានីភ្នំពេញ ៤៥៧ នាក់៕
អត្ថបទ ៖ សំអឿន


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


