Connect with us

ព័ត៌មានជាតិ

មន្ត្រី​ជាន់​ខ្ពស់​ថា គ​.​ជ​.​ប ប្ដេជ្ញា​ការពារ​ឲ្យ​បាន​នូវ​វិជ្ជាជីវៈ និង​អនុវត្ត​ការងារ ដោយ​គោរព​តាម​រដ្ឋធម្ម​នុញ្ញ​

បានផុស

នៅ

ការ​បញ្ជាក់​របស់ លោក ម៉ុក ដា​រ៉ា​ អគ្គលេខាធិការ​រង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បាន​ធ្វើ​ឡើង​នៅ​ក្នុង​ពិធី​បិទ​វគ្គ​បណ្ដុះបណ្ដាល ស្ដីពី “​ប្រសិទ្ធភាព​ នៃ​ការ​បណ្ដុះបណ្ដាល ការអប់រំ ការ​ផ្សព្វផ្សាយ​ព័ត៌មាន ការ​ដាក់ ការ​ទទួល និង​ការ​ដោះស្រាយ​ពាក្យបណ្ដឹង​ក្នុង​ដំណើរការ​បោះ​ឆ្នោត​” ជូន​មន្ត្រីរាជការ គ​.​ជ​.​ប ក្រុង​ព្រៃវែង ខេត្ត​ព្រៃវែង កាលពី​រសៀល​ថ្ងៃ​ទី​២៩ ខែ​តុលា ឆ្នាំ​២០២០​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ថ្លែង​ក្នុង​ពិធី​នោះ លោក ម៉ុក ដា​រ៉ា លើក​ឡើង​ថា នេះ​ជា​ព្រឹត្តិការណ៍​មួយ​ដ៏​សំខាន់ និង​ជា​ឱកាស​មួយ​សម្រាប់​មន្ត្រីរាជការ គ​.​ជ​.​ប ទាំងអស់ ទទួល​បាន​នូវ​ចំណេះដឹង​បន្ថែម​ទៀត ពាក់ព័ន្ធ​នឹង​ជំនាញ​របស់​ខ្លួន ដើម្បី​ធ្វើជា​មូលដ្ឋាន​ក្នុង​ការ​អនុវត្ត​ការងារ​ឲ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព និង​មាន​គុណភាព​ខ្ពស់​។

​លោក​បាន​វាយតម្លៃ​ខ្ពស់ និង​កោតសរសើរ​យ៉ាង​ខ្លាំង ដល់​មន្ត្រីរាជការ គ​.​ជ​.​ប ទាំងអស់ ដែល​បាន​ខិត​ខំ​ក្រេប​យកចំណេះ​ដឹង​ក្នុង​រយៈពេល​៤​ថ្ងៃនេះ​ប្រកបដោយ​ភាព​ជោគជ័យ​។ លោក​បន្តថា គ្រប់​ការ​បោះឆ្នោត គ្រប់ការ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ការ​ចុះឈ្មោះ​បោះឆ្នោត គ​.​ជ​.​ប តែងតែ​បើក​វគ្គ​បណ្ដុះ​បណ្ដាល​ដល់​មន្ត្រី​របស់​ខ្លួន​គ្រប់​លំដាប់​ថ្នាក់ អំពី​ច្បាប់ បទបញ្ជា និង​នីតិវិធី ក្រមសីលធម៌ និង​សេចក្ដី​ណែនាំ​ផ្សេងៗ​ដែល​ពាក់ព័ន្ធ​នឹង​ជំនាញ ដើម្បី​ត្រៀមលក្ខណៈ​អនុវត្ត​ការងារ​ឲ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព​។​

​តាម​ លោក ម៉ុក ដា​រ៉ា គ​.​ជ​.​ប មិនមែន​ត្រឹមតែ​ជា​ស្ថាប័ន​កំពូល ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​តែ​ប៉ុណ្ណោះ​ទេ។ គ​.​ជ​.​ប ត្រូវ​ការពារ​ឲ្យ​ខាងតែបាន​នូវ​អ្វី​ដែល​ជា​វិជ្ជាជីវៈ​ភាពជា​របស់​ខ្លួន ហើយ​គ្មាន​ជម្រើស​ផ្សេង​ក្រៅតែពី​អនុវត្ត​ការងារ​របស់​ខ្លួន ដោយ​គោរព​រដ្ឋធម្មនុញ្ញ គោរព​ច្បាប់ នោះ​ទេ ពីព្រោះ​ស្ថាប័ន គ​.​ជ​.​ប ជា​ស្ថាប័ន​បច្ចេកទេស​។​

​សូមបញ្ជាក់ថា វគ្គ​បណ្ដុះបណ្ដាល​នេះ ធ្វើឡើង​ភ្លាមៗ​បន្ទាប់ពី​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះ​ឈ្មោះ​បោះឆ្នោត ឆ្នាំ​២០២០ រយៈពេល​១៩​ថ្ងៃ បាន​បញ្ចប់​ទៅ​ជាមួយនឹង​លទ្ធផល​ល្អប្រសើរ​។

ទន្ទឹម​នឹង​លទ្ធផល​នេះ គ​.​ជ​.​ប បាន​សង្កេតឃើញថា ការអនុវត្ត​បទបញ្ជា និង​នីតិវិធី​នៅមាន​ភាពខ្វះ ចន្លោះ​នៅឡើយ ទើប គ​.​ជ​.​ប បាន​ចាត់​ឲ្យ​រៀបចំ​វគ្គ​បណ្ដុះបណ្ដាល​ជូន​ដល់​មន្ត្រីរាជការ គ​.​ជ​.​ប និង​មន្ត្រី​លេខាធិការដ្ឋាន​រាជធានី ខេត្ត​រៀបចំ​ការបោះឆ្នោត​។

​នេះ​ជាការ​ពង្រឹង​បន្ថែម​សមត្ថភាព​មន្ត្រីរាជការ គ​.​ជ​.​ប។ គ​.​ជ​.​ប នឹង​ប្រមូល​រាល់​អនុសាសន៍​របស់​ល​ធ​.​ខ​ប ទាំង ២៥ ចំពោះ​មេរៀន និង​បទពិសោធន៍ ដែល​បាន​ជួបប្រទះ​ក្នុងពេល​ថ្មីៗ​នេះ ដើម្បី​ស្នើសុំ​ធ្វើ​វិសោធនកម្ម និង​ដាក់ជូន​ភាគី​ពាក់ព័ន្ធ​ទាំង ១១ ពិនិត្យ មុននឹង គ​.​ជ​.​ប ចេញផ្សាយ​ជា​សាធារណៈ ។ បន្ថែម​ពី​នោះ ដើម្បីឲ្យ​​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការ​ចុះឈ្មោះ​បោះឆ្នោត ក៏ដូចជា​ការបោះឆ្នោត​នៅ​ពេល​ខាងមុខ កាន់តែ​ប្រសើរ​ថែមទៀត​។

​នេះ​ជា​លើក​ទី​២​ផង​ដែរ ដែល​នាយកដ្ឋាន​បណ្ដុះបណ្ដាល និង​អប់រំ​អ្នកបោះឆ្នោត បាន​រៀបចំ​វគ្គ​បណ្ដុះ​បណ្ដាល​នេះ​ឡើង ដោយមាន​រយៈពេល​៤​ថ្ងៃ ចាប់ពី​ថ្ងៃទី​២៦ ដល់​ថ្ងៃទី​២៩ ខែតុលា ឆ្នាំ​២០​២០ ដែលមាន​សិក្ខាកាម​ចូលរួម​សរុប​ចំនួន​ប្រមាណ​១៣១​នាក់។ ក្នុងនោះ​មាន​ស្រី​ចំនួន​២៣​នាក់ ដែល​ជា​មន្ត្រី​ មកពី​ទីស្ដីការ គ​.​ជ​.​ប និង​លេខាធិការដ្ឋាន​រាជធានី/ខេត្ត​រៀបចំ​ការបោះឆ្នោត ទាំង​២៥​។

​វគ្គ​បណ្ដុះបណ្ដាល​ បាន​បញ្ចប់​ទៅ​ដោយ​រលូន និង​ជោគជ័យ ហើយ​សិក្ខាកាម​ទាំង​អស់​ ក៏បាន​ប្ដេជ្ញា​ថា នឹង​នាំ​យក​ចំណេះដឹង​ដែល​ទទួល​បាន​ពី​គ្រូ​ឧទ្ទេស​នីមួយៗ ទៅ​ចែករំលែក​ទៅដល់​មន្ត្រី​បោះ ឆ្នោត​ផ្សេងទៀត ដែល​មិនបាន​ចូលរួម​ក្នុង​វគ្គ​បណ្ដុះបណ្ដាល​នេះ​៕

អត្ថបទ ៖ កោះ​កែវ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម