ព័ត៌មានជាតិ
ម្រេចកំពតដំណាំយុទ្ធសាស្រ្តរបស់កម្ពុជាលក់បានថ្លៃ ទទួលស្គាល់កម្រិតពិភពលោក
ម្រេចកំពតត្រូវបានទទួលស្គាល់កម្រិតអន្តរជាតិលើគុណភាព ហើយជាផលិតផលយុទ្ធសាស្រ្តរបស់កម្ពុជាដែលមានតម្លៃថ្លៃនៅលើទីផ្សារ ហើយបច្ចុប្បន្នបាននាំចេញទៅលក់លើទីផ្សារប្រទេសធំៗនៅអឺរ៉ុបក៏ដូចជានៅអាមេរិក។
“ម្រេចកំពត” ជាដំណាំសក្តានុពលនិងដំណាំយុទ្ធសាស្រ្តដ៏សំខាន់មួយសម្រាប់ការនាំចេញ។ ម្រេចកំពតមានគុណភាពជាលក្ខណៈអន្តរជាតិ ដោយសារការរួមបញ្ចូលគ្នានៃកត្តាធម្មជាតិ (អាកាសធាតុ ដី ជលសាស្ត្រ) និងកត្តាមនុស្ស (ចំណេះដឹង)។
ម្រេចកំពតត្រូវបានគេដាំនៅតាមស្រុកមួយចំនួនក្នុងខេត្តកំពតនិងខេត្តកែបដែលនៅជិតគ្នា។

ប្រវត្តិនៃដំណាំម្រេច
ដំណាំម្រេចនៅកម្ពុជាមានប្រវត្តិរាប់សតវត្ស ហើយតាមអ្នករុករកជនជាតិចិនឈ្មោះ ជីវ តាក្វាន់ ពិពណ៌នាអំពីការផលិតម្រេចនៅក្នុងប្រទេសកម្ពុជានៅដើមសតវត្សទី ១៣។
នៅសម័យអាណាព្យាបាលបារាំង ខេត្តកំពតត្រូវបានរកឃើញម្រេចដែលមានគុណភាពពិតប្រាកដ។ ជាមួយនឹងការមកដល់នៃអាណានិគមបារាំងនៅចុងសតវត្សទី ១៩ បានបង្កើនផលិតកម្មដំណាំម្រេច និងផលិតបានរហូតដល់ ៨០០០ តោនក្នុងមួយឆ្នាំនៅដើមសតវត្សន៍បន្ទាប់។
នៅពាក់កណ្តាលសតវត្សរ៍ទី ២០ ម្រេចកំពតឈានដល់ចំណុចកំពូលហើយម្រេចកំពតគឺជាគ្រឿងទេសនៃជម្រើសសម្រាប់ភោជនីយដ្ឋានបារាំងលំដាប់កំពូល។
ការបង្កើតសមាគមទ្រទ្រង់ម្រេចកំពត
សមាគមម្រេចកំពតបានចាប់ផ្ដើមបង្កើតនៅថ្ងៃទី ០៣ ខែតុលា ឆ្នាំង ២០០៨ លើផ្ទៃដីសរុប ២៩០ ហិកតានិងមានផលិតករចូលរួមចំនួន ៤៥៥ គ្រួសារ។
សមាគមលើកកម្ពស់ម្រេចកំពតមានសមាជិកអចិន្ត្រៃយ៍ចំនួន ១២ នាក់ ដែលត្រូវបានបោះឆ្នោតជ្រើសរើសរៀងរាល់ ៣ ឆ្នាំម្តង។ ប្រមុខរបស់សមាគមបច្ចុបប្បន្នគឺលោក ងួន ឡាយ។
ចក្ខុវិស័យសមាគមលើកកម្ពស់ម្រេចកំពត (KPPA)
«យើងកំពុងឈរនៅពីក្រោយអំណោយដ៏អស្ចារ្យបំផុតដែលបានមកពីទឹកដីរបស់ពួកយើង។ ពួកយើងការពារវានិងផ្សព្វផ្សាយវាដល់ពិភពលោកទាំងមូល។ ការគាំទ្រកសិដ្ឋានក្នុងស្រុកនិងកសិករគឺជាគោលដៅរបស់យើង»។
ម្រេចកំពតបែងចែកជា ៤ ប្រភេទ៖
ម្រេចខ្ចី (ម្រេចបៃតង)

ប្រមូលផលនៅពេលដែលនៅខ្ចី។ ម្រេចបៃតងកំពតគឺជាដៃគូដ៏ល្អឥតខ្ចោះសម្រាប់ជាគ្រឿងផ្សំសម្រាប់ធ្វើម្ហូបជាពិសេសឆាមឹកម្រេចខ្ចី។
ម្រេចខ្មៅ

ម្រេចខ្មៅកំពតផ្តល់ក្លិនក្រអូបខ្លាំងនិងឆ្ងាញ់។ រសជាតិរបស់វាអាចចាប់ពីហឹរខ្លាំងរហូតដល់ផ្អែមល្ហែម។ ម្រេចខ្មៅនេះស័ក្តិសមនឹងមុខម្ហូបគ្រប់ប្រភេទ ជាពិសេសជាមួយត្រីដុត។ លក្ខណៈពិសេសរបស់ម្រេចខ្មៅកំពតគឺភាពស្រស់និងក្លិននិងរសជាតិដ៏ពិសេសរបស់វា។
ម្រេចក្រហម

ម្រេចដែលមើលទៅមិនគួរឱ្យចាប់អារម្មណ៍នេះ ការប្រមូលផលនៅពេលផ្លែវាចាស់ទុំពេញលេញនៅលើដើម។ ម្រេចក្រហមកំពតផ្តល់នូវក្លិនក្រអូប។ រសជាតិរបស់វារួមបញ្ចូលគ្នានូវរសជាតិហឹរជាមួយផង ហើយរសជាតិផ្អែមផង ហើយបង្កើតជារសជាតិមួយដែលផ្អែមមុនទើបហឹរក្រោយ។
ម្រេចស

ម្រេចសខេត្តកំពតកម្រមានណាស់ដោយសារពិបាកប្រមូលផលដោយរង់ចាំរហូតម្រេចចាស់ហើយទុំ។ មានតែពីរបីរយគីឡូក្រាមប៉ុណ្ណោះដែលត្រូវបានផលិតជារៀងរាល់ឆ្នាំពីសំណាក់កសិករ។
ទទួលស្គាល់លើឆាកអន្តរជាតិ
ម្រេចកំពតគឺជាដំណាំដ៏មានសក្តានុពលរបស់កម្ពុជា ដែលជាផលិតផលសម្គាល់ភូមិសាស្ត្រ (GI) ដំបូងបំផុតរបស់កម្ពុជា ទទួលបានការការពារជាលក្ខណៈអន្តរជាតិនៅបណ្តាប្រទេសចំនួន ៣២ ក្រោមច្បាប់ទីក្រុងហ្សឺណែវប្រទេសស្វីស ដែលអ្នកផលិតជឿជាក់ថាការការពារនេះនឹងជួយពង្រឹងគុណភាពនិងពង្រីកទីផ្សារ។
ម្រេចកំពតក៏ទទួលបានកិច្ចការពារស្របច្បាប់មិនឱ្យភាគីទី ៣ ប្រើប្រាស់ដោយគ្មានការអនុញ្ញាត និងរំលោភបំពានចំពោះម៉ាកសម្គាល់ភូមិសាស្ត្រទំនិញក្នុងបណ្តាប្រទេសនានា។
ការនាំចេញទៅក្រៅប្រទេស
ម្រេចកំពត ត្រូវបាននាំចេញទៅក្រៅប្រទេសរាប់ពាន់តោនក្នុងមួយឆ្នាំ។ ទីផ្សារធំៗមាននៅប្រទេស អ៊ឺរ៉ុប និងអាមេរិក ហើយក៏មានទីផ្សារតូចៗផងដែរដូចជាប្រទេសជប៉ុន កូរ៉េខាងត្បូង ហុងកុង និងតៃវ៉ាន់។
ដំណាំម្រេចគឺជាកសិផលដំបូងគេរបស់កម្ពុជា ដែលត្រូវបានអនុញ្ញាតឱ្យនាំចេញទៅប្រទេសចិនក្នុងឆ្នាំ២០២៣ ហើយក៏ជាដំណាំគ្រឿងទេសដំបូងគេ ដែលត្រូវបានអនុញ្ញាតឱ្យនាំចេញទៅកាន់ទីផ្សារចិនដោយផ្ទាល់ផងដែរ៕



-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


