ខុន ស៊ីចាន់ ដែលជាសិស្សគុននៅក្លិបប្រដាល់អប់រំកាយនិងកីឡាស្រុកអន្លង់វែង និងហាត់គុនចម្រុះនៅ Phmom Penh MMA បានប្រាប់អំពីគោលដៅនៅឆ្នាំ២០២១ និង ការងារដែលបានធ្វើនៅឆ្នាំ២០២០ កន្លងទៅ។
បុរសកូនបីមកពីស្រុកអន្លង់វែងខេត្តឧត្តរមានជ័យ បានបង្ហើបឲ្យដឹងថា «ក្នុងឆ្នាំ ២០២១ ខាងមុខ ខ្ញុំអាចនឹងឡើងចុះទៅប្រកួតនៅភ្នំពេញច្រើនជាងឆ្នាំ២០២០ ព្រោះថាឥឡូវនេះខាងស្ថានីយទូរទស្សន៍មួយបានប្រាប់មកខ្ញុំឲ្យត្រៀមខ្លួនដើម្បីវ៉ៃក្នុងកម្មវិធីម៉ារ៉ាតុន។ នៅឆ្នាំ២០២០ ខ្ញុំឡើងប្រកួតក្នុងស្រុកបាន ៥ ដងប៉ុណ្ណោះ និងនៅសង្វៀន ONE Championship បានម្ដងគត់ មុនពេលស្ថានភាពមិនល្អដោយសារកូវីដ-១៩»។
ស៊ីចាន់ រងបរាជ័យត្រឹមទឹកទី១ក្នុងការ ប្រកួតរយៈពេលជិត៤នាទីដោយថ្វីដៃកីឡាករជម្រើសជាតិចំបាប់ឥណ្ឌូណេស៊ី Eko Roni Saputra កាលថ្ងៃទី ៧ ខែ កុម្ភៈ នៅព្រឹត្តិការណ៍ ONE:WARRIOR’S CODE។ នេះជាការការប្រកួតចុងក្រោយរបស់គេនៅសង្វៀនធំបំផុតប្រចាំទ្វីបអាស៊ី។ បែបណាក្ដី ស៊ីចាន់ បានបន្តហ្វឹកហាត់នៅខេត្តឧត្តរមានជ័យ និងឡើងចុះដើម្បីមកប្រកួតនៅសង្វៀននៅភ្នំពេញរហូតដល់ ៤ លើកដែរមុនដាច់ឆ្នាំ ២០២០ នេះ បន្ទាប់ពីចាញ់ Saputra។
នៅឆ្នាំ ២០២១ ខាងមុខ បុរសវ័យ ៣៣ ឆ្នាំនឹងឡើងមកហ្វឹកហាត់នៅក្លិបខ្លារខិនមានរិទ្ធិញឹកញាប់ ពេលរូបគេប្រកួតនៅភ្នំពេញ និងឆ្លៀតពេលហ្វឹកហាត់ក្បាច់ MMA នៅពេលល្ងាចទៀតផងដើម្បីត្រៀមឱកាសទៅប្រកួតនៅសង្វៀន ONE នាឆ្នាំ២០២១។ អ្នកលេងគុនខ្មែររូបនេះសង្ឃឹមថា រូបគេនឹងទទួលបានការប្រកួតនៅសង្វៀនក្នុងស្រុកច្រើនជាងឆ្នាំ២០២១និងបង្កើនសមត្ថភាពប្រយុទ្ធកាន់តែប្រសើរឡើង។
បែបណាក្ដី លោក Alan Mccune ដែលជាគ្រូបង្វឹកគុនចម្រុះផ្ទាល់បានថ្លែងនាពេលថ្មីៗនេះថា «ស៊ីចាន់ ទើបទទួលបានចំណងដៃកូនប្រុសមួយទៀតនៅខេត្តឧត្ដរមានជ័យ ជិតមួយខែមកនេះ និងត្រូវការមើលថែគ្រួសាររបស់គេ។ ដូច្នេះ បើមានការចាប់គូប្រកួត នោះអាចនឹងកើតឡើងនៅពាក់កណ្ដាលឆ្នាំ២០២១ នៅសង្វៀន ONE»។
គួរដឹងថា ខុន ស៊ីចាន់ បានចាប់ផ្ដើមហ្វឹកហាត់គុនចម្រុះនៅឆ្នាំ២០១៣ ពេលស្ថានីយទូរទស្សន៍ មួយបង្កើតកម្មវិធីប្រកួតដាក់ទ្រុង ឬ គុនចម្រុះ ក្រោមការបង្ហាត់ក្បាច់គុនចម្រុះពីសំណាក់លោកគ្រូ Alan Mccune និងគ្រូបង្វឹកផ្សេងៗច្រើនទៀត នារដូវកាលដំបូង។ ក្នុងរដូវកាលបើកឆាកនេះ ស៊ីចាន់ ឈ្នះជើងឯក Khmer Warrior Challenge ទម្ងន់ Flyweight និងក្លាយជាកីឡាករដំបូងគេដែលឈ្នះជើងឯកគុនចម្រុះនៅកម្ពុជា។ សរុបក្នុងអាជីពគុនចម្រុះ ស៊ីចាន់ ឡើងសង្វៀនបាន ១០ ដងក្នុងនោះ ឈ្នះ ៣ ដង និងចាញ់ ៧ ដង៕