មន្ទីរអប់រំ យុវជន និងកីឡា ខេត្តកណ្តាល បើកការប្រកួតកីឡាតេក្វាន់ដូWT និងកីឡាចំបាប់ ជ្រើសរើសជើងឯកថ្នាក់ខេត្ត ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០។ ក្នុងនោះ ដើម្បីចម្រាញ់រកកីឡាករមានសមត្ថភាពតំណាងឲ្យខេត្តកណ្តាល ត្រៀមទៅចូលរួមការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិនាពេលខាងមុខ។
លោក ពៅ វណ្ណា ប្រធានការិយាល័យកីឡាខេត្តកណ្តាលមានប្រសាសន៍ថា ដោយបានការអនុញ្ញាតពីថ្នាក់ដឹកនាំខេត្តកណ្តាល មន្ទីរអប់រំ យុវជន និងកីឡាខេត្ត ក៏បានបើកការប្រកួតកីឡាតេក្វាន់ដូWT និងកីឡាចំបាប់ជ្រើសរើសជើងឯកថ្នាក់ខេត្តរបស់ខ្លួន ដើម្បីចម្រាញ់រកកីឡាករមានសមត្ថភាពតំណាងឲ្យខេត្តកណ្តាលចូលរួមការប្រកួតថ្នាក់ជាតិ។ ចំពោះកីឡាតេក្វាន់ដូWT គឺធ្វើឡើងនៅទីក្រុងតាខ្មៅ ដែលមានកីឡាករ-កីឡាការិនីចំនួន៤៦នាក់ មកពី៦ក្លិប នៅទូទាំងខេត្តកណ្តាល លើ៧វិញ្ញាសា។
លោកបន្តថា ចំណែកកីឡាចំបាប់ជ្រើសរើសជើងឯកថ្នាក់ខេត្ត ប្រព្រឹត្តឡើងនៅវិទ្យាល័យស្រុកវិហារសួគ៌ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០ ក៏ដើម្បីចម្រាញ់រកកីឡាករមានសមត្ថភាពដែរ ក្រោយពីបញ្ចប់ ខេត្តនឹងរៀបចំការប្រកួតមហាជនទៀតផង។
សម្រាប់ការប្រកួតកីឡាតេក្វាន់ដូWT មានក្លិបកីឡាតេក្វាន់ដូWTបក្សីដែក ក្លិបកីឡាតេក្វាន់ដូWTLCDI ក្លិបកីឡាតេក្វាន់ដូWTអាស៊ី ក្លិបកីឡាតេក្វាន់់ដូWT KA ក្លិបកីឡាតេក្វាន់់ដូWT OP1 ក្លិបកីឡាតេក្វាន់់ដូWT ខ្លាខ្មៅ និងក្លិបកីឡាតេក្វាន់ដូWTខ្លាស។
ចំពោះវិញ្ញាសាមេគុណរួមមាន ៖ កុមារីអាយុ១០-១៤ឆ្នាំ នារីអាយុ១៥-២៨ និងវិញ្ញាសាប្រយុទ្ធ ៖កុមារាអាយុ៦-៨ឆ្នាំ ក្រោម៤០គ.ក្រ កុមារាអាយុ៩-១១ឆ្នាំ ក្រោម៤១គ.ក្រ បុរសអាយុ១៣-១៧ឆ្នាំ ក្រោម៧៥គ.ក្រ នារីអាយុ១៣-១៤ ឆ្នាំ ក្រោម៥៥គ.ក្រ និងនារីអាយុ១៤- ១៧ឆ្នាំ ក្រោម៤៩គ.ក្រ៕
អត្ថបទ ៖ វិសិទ្ធ