Connect with us

ព័ត៌មានជាតិ

សម្ដេច ហ៊ុន ម៉ាណែត ថា គ្មានការកាត់ចំណាយពីវិស័យអប់រំ និងសុខាភិបាល ទៅបង្កើនឱ្យវិស័យការពារជាតិឡើយ

បានផុស

នៅ

ពីកម្មវិធីរបស់ក្រសួងអប់រំនាព្រឹកថ្ងៃពុធនេះ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា រដ្ឋពុំមានផែនការកាត់ចំណាយរបស់វិស័យអប់រំ និងសុខាភិបាល ដើម្បីទៅបង្កើនឱ្យការចំណាយវិស័យការពារជាតិឡើយ។ តាមសម្ដេចនាយករដ្ឋមន្ត្រី វិស័យអប់រំ និងសុខាភិបាល នៅតែជាអាទិភាពចម្បងមុនគេ ហើយសម្រាប់ផែនការចំណាយលើវិស័យទាំងពីរនេះ នឹងបន្តកើនឡើង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចធិបតី បានមានប្រសាសន៍ថា «រាជរដ្ឋាភិបាលមិនមានការកាត់បន្ថយចំណាយវិស័យអប់រំ និងវិស័យសុខាភិបាល ទៅបំពេញឱ្យតម្រូវការវិស័យការពារជាតិទេ បើទោះវិស័យការពារជាតិត្រូវកើនក៏ដោយ»។ ប្រសាសន៍របស់សម្ដេចធិបតីដូច្នេះ គឺជាការឆ្លើយតបទៅនឹងសារព័ត៌មានមួយចំនួន ដែលបានផ្សព្វផ្សាយថា រាជរដ្ឋាភិបាលកម្ពុជា នឹងកាត់ចំណាយទៅលើវិស័យអាទិភាពមួយចំនួន ដូចជាវិស័យអប់រំ និងវិស័យសុខាភិបាល ដើម្បីយកទៅបំពេញឱ្យវិស័យការពារជាតិ។

ព័ត៌មាននេះ ត្រូវបានសម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រកាសបដិសេធ ហើយបានអះអាងថា «អត់មានការដកលុយពីអប់រំ និងសុខាភិបាល យកទៅបង្កើនឱ្យកងទ័ពនោះទេ»។

សម្ដេចនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ក្នុងពិធីសម្ពោធសមិទ្ធផល និងប្រគល់សញ្ញាបត្រដល់គរុសិស្ស-គរុនិស្សិតអប់រំកាយ នាព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦នេះថា អប់រំ និងសុខាភិបាល នៅតែជាវិស័យអាទិភាពចម្បងបំផុតរបស់រាជរដ្ឋាភិបាល បើទោះរាជរដ្ឋាភិបាលបង្កើនចំណាយទៅលើវិស័យការពារជាតិក៏ដោយ។ សម្ដេចបញ្ជាក់ច្បាស់ៗថា វិស័យទាំងពីរនេះ គឺមានតែបង្កើនបន្ថែមសម្រាប់ឆ្នាំ២០២៧ ដល់ឆ្នាំ២០២៩។

ដោយឡែកវិស័យការពារជាតិ សម្ដេចធិបតី ថា ក៏ជាអាទិភាពសំខាន់សម្រាប់ការពង្រឹងខឿនការពារប្រទេស ដែលត្រូវតែបង្កើនការចំណាយផងដែរ សម្រាប់ការអនុវត្តច្បាប់កាតព្វកិច្ចយោធា និងការកំណែទម្រង់កងទ័ព។ ក្នុងន័យនេះ សម្ដេចអះអាងថា រដ្ឋមានថវិកាគ្រប់គ្រាន់សម្រាប់បង្កើនការចំណាយលើវិស័យដែលមានសារៈសំខាន់ ហើយចាំបាច់ ពោលគឺមិនទាន់មានតម្រូវការដកការចំណាយចេញពីវិស័យអប់រំ និងសុខាភិបាលឡើយ៕

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម