ព័ត៌មានអន្ដរជាតិ
លោក ពូទីន ចោទប្រទេសលោកខាងលិចជា«ភេរវករ» រដ្ឋអាជ្ញាត្រូវឆ្លើយតបបន្ទាន់
នៅថ្ងៃចន្ទ ទី២៥ ខែមេសា លោកប្រធានាធិបតីរុស្ស៊ី វ្លាឌីមៀរ ពូទីន បានចោទប្រកាន់ប្រទេសលោកខាងលិចពីបទព្យាយាមបំផ្លាញរុស្ស៊ី ដោយបានស្នើដល់រដ្ឋអាជ្ញាប្រកាន់យកខ្សែបន្ទាត់តឹងរ៉ឹងជាមួយអ្វីដែលលោកបានចោទប្រកាន់ថាជាផែនការបង្កឡើងដោយចារកម្មបរទេសដើម្បីបំបែកប្រទេស និងបង្ខូចកេរ្តិ៍ឈ្មោះកងកម្លាំងប្រដាប់អាវុធរបស់ខ្លួន។
ថ្លែងទៅកាន់រដ្ឋអាជ្ញាកំពូលរបស់រុស្ស៊ី លោក ពូទីន បានចោទប្រកាន់ប្រទេសលោកខាងលិចជាអ្នកញុះញង់អ៊ុយក្រែនឲ្យរៀបផែនការវាយប្រហារលើអ្នកកាសែតរុស្ស៊ី ប៉ុន្តែការចោទប្រកាន់ត្រូវបានរដ្ឋាភិបាលទីក្រុងកៀវបដិសេធ។

លោក ពូទីន មានប្រសាសន៍ថា អ្នកស្នងតំណែងសំខាន់ពីសម័យកាលសូវៀត KGB គឺសេវាសន្តិសុខសហព័ន្ធ (FSB) បានរារាំងការប៉ុនប៉ងធ្វើឃាតដោយក្រុមភេរវកម្មមួយលើអ្នកកាសែតទូរទស្សន៍រុស្ស៊ី លោក Vladimir Solovyev។
«ពួកគេជាភេរវករ ដោយត្រៀមធ្វើឃាតលើអ្នកកាសែតរបស់យើង»។ លោក ពូទីន មានប្រសាសន៍សំដៅលើប្រទេសលោកខាងលិច។
លោកប្រធានាធិបតី ពូទីន ដែលជាអតីតចារកម្ម KGB ម្នាក់ដែលបានគ្រប់គ្រងប្រទេសរុស្ស៊ីជាមេដឹកនាំដ៏សំខាន់តាំងពីឆ្នាំ១៩៩៩ មិនបានផ្តល់ភស្តុតាងភ្លាមៗទេដើម្បីគាំទ្រដល់ការអះអាងរបស់លោក ហើយទីភ្នាក់ងារសារព័ត៌មាន Reuters ក៏មិនអាចទាក់ទងដើម្បីបំភ្លឺជុំវិញការចោទប្រកាន់ដែរ។
ប្រធាន FSB លោក Alexander Bortnikov បាននិយាយថា ជនជាតិរុស្ស៊ីជាអ្នកជាតិនិយម៦នាក់បានរៀបចំផែនការសម្លាប់លោក Solovyev ដែលជាអ្នកកាសែតទូរទស្សន៍ និងវិទ្យុដ៏ល្បីល្បាញរបស់រុស្ស៊ី តាមការបញ្ជារបស់សេវាសន្តិសុខរដ្ឋរបស់ប្រទេសអ៊ុយក្រែន (SBU)។
យ៉ាងណា SBU បានបដិសេធចំពោះការចោទប្រកាន់នោះ។ អង្គភាពនេះបាននិយាយថា វាជាការរវើរវាយដែលប្រឌិតឡើយទីក្រុងមូស្គូ។ SBU គ្មានផែនការធ្វើឃាតលោក V Solovyev ទេ។
លោក ពូទីន មានប្រសាសន៍ថា ប្រទេសលោកខាងលិចបានដឹងថា អ៊ុយក្រែនមិនអាចយកឈ្នះរុស្ស៊ីនៅក្នុងសង្គ្រាម ដូច្នេះបានជារៀបចំផែនការផ្សេងៗដើម្បីបំផ្លាញរុស្ស៊ី។
«កិច្ចការផ្សេងទៀតបានកើតមានឡើងគឺដើម្បីបំបែកសង្គមរុស្ស៊ី និងបំផ្លាញរុស្ស៊ី»។ លោកពូទីនបានបញ្ជាក់ និងបន្ថែមថា «វាមិនដំណើរការទេ»។
លោកបន្តថា ស្ថាប័នព័ត៌មានបរទេស និងបណ្តាញទំនាក់ទំនងសង្គមត្រូវបានប្រើប្រាស់ដោយចារកម្មរបស់ប្រទេសលោកខាងលិចដើម្បីបញ្ឆោត បង្កហេតុ ប្រឆាំងនឹងកងកម្លាំងរុស្ស៊ី។
លោក ពូទីន បាននិយាយថា រដ្ឋអាជ្ញាគួរមានប្រតិកម្មយ៉ាងឆាប់រហ័សចំពោះព័ត៌មានក្លែងក្លាយ និងរបាយការណ៍ដែលបំផ្លាញសណ្តាប់ធ្នាប់ ប៉ុន្តែលោកមិនបានផ្តល់ឧទាហរណ៍ជាក់លាក់ណាមួយឡើយ។
«ជារឿយៗពួកគេត្រូវបានរៀបចំជាចម្បងពីបរទេសដែលត្រូវបានរៀបចំតាមរបៀបផ្សេងៗគ្នា – ទាំងព័ត៌មានមកពីទីនោះ ឬលុយ»។ លោកពូទីនបានបន្ថែម និងប្រាប់ថា រដ្ឋអាជ្ញាគួរតែប្រយុទ្ធប្រឆាំងនឹងភាពជ្រុលនិយម កាន់តែសកម្ម»៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


