អត្ថាធិប្បាយ
បទវិចារណកថា៖ តើនរណាជាម្ចាស់ពិតប្រាកដនៃគតិបណ្ឌិតនិងបទពិសោធសម្រាប់សង្គម?
នៅក្នុងសង្គមនាពេលបច្ចុប្បន្ន ឱ្យតែនិយាយដល់ពាក្យថា «បុគ្គលជោគជ័យ» ឬ «អ្នកមានគតិបណ្ឌិត» មនុស្សភាគច្រើនតែងតែក្រឡេកទៅមើលអ្នកដែលមានឋានៈខ្ពង់ខ្ពស់ អ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភ អ្នកមានសញ្ញាប័ត្រខ្ពស់ត្រដែត ឬអ្នកមានឈ្មោះល្បីល្បាញពេញបណ្តាញសង្គម។ ប៉ុន្តែ ប្រសិនបើយើងពិនិត្យឱ្យបានស៊ីជម្រៅតាមរយៈកែវភ្នែកនៃការណ៍ពិត តើបុគ្គលគ្រប់រូបដែលមាន «សម្បកក្រៅ» ដ៏ភ្លឺចិញ្ចាចទាំងនោះ សុទ្ធតែអាចក្លាយជាអ្នកចែករំលែកគតិបណ្ឌិតនិងបទពិសោធពិតប្រាកដដល់សង្គមបានដែរឬទេ?

ចម្លើយគឺ៖ មិនប្រាកដនោះទេ។ គតិបណ្ឌិតនិងបទពិសោធដែលមានតម្លៃពិត មិនមែនដុះចេញពីមាសប្រាក់ដែលបានមកដោយងាយ ឬបានមកពីការផ្ទេរមរតកនោះទេ ហើយវាក៏មិនមែនកើតចេញពីអំណាចដែលបានមកដោយការអែបអប ការទិញ ការធ្វើជាតំណាងរបស់គេ ឬការប្រព្រឹត្តអំពើទុច្ចរិតនោះដែរ។ សង្គមមួយអាចរីកចម្រើនទៅបាន គឺអាស្រ័យលើការរៀនសូត្រពីបុគ្គលដែល «កសាងខ្លួនចេញពីបាតដៃទទេនិងការខិតខំប្រឹងប្រែងពិតប្រាកដ»។
ស្នាមរបួសនិងញើសឈាម គឺជាគ្រឹះពិតនៃគតិបណ្ឌិត
មនុស្សដែលអាចចែករំលែកមេរៀនជីវិតដ៏មានតម្លៃបំផុតដល់សង្គម ជាពិសេស សម្រាប់យុវជន គឺជាមនុស្សដែលបានឆ្លងកាត់ការតស៊ូ និងការប្រឹងប្រែងដោយកម្លាំងញើសឈាមផ្ទាល់ខ្លួន។ ពួកគេចាប់ផ្តើមពីចំណុចសូន្យ ប៉ុន្តែពួកគេមានអាវុធពិសេសម្យ៉ាង គឺ «ការរៀនសូត្រ និងការអភិវឌ្ឍខ្លួនមិនចេះនឿយណាយ»។
- អ្នកកសាងខ្លួនពីបាតដៃទទទេ៖ ពួកគេស្គាល់ច្បាស់ណាស់នូវរសជាតិនៃការខ្វះខាត រសជាតិនៃការបដិសេធ និងការបរាជ័យ។ នៅពេលដែលពួកគេដួល ហើយក្រោកឈរឡើងវិញដោយខ្លួនឯង រាល់ស្នាមរបួសទាំងនោះហើយដែលបានក្លាយទៅជា«គតិបណ្ឌិត»។ ផ្ទុយទៅវិញ បុគ្គលដែលជោគជ័យដោយសារតែមរតកដូនតា ឬដោយសារខ្សែញាក់ពីក្រោយ ពួកគេស្គាល់តែ «លទ្ធផល» ប៉ុន្តែមិនស្គាល់ «ដំណើរការ» នោះទេ។ ដូច្នេះ អ្វីដែលពួកគេអាចចែករំលែកបាន មានត្រឹមតែទ្រឹស្តីស្ដួចស្តើង ការនិយាយស្មានៗ ឬការអួតអាងដែលគ្មានព្រលឹងឬអត្ថន័យស៊ីជម្រៅទេ។
- ការធ្វើការងារសុចរិត គឺជាខ្នាតតម្រង់ទិសដ៏សំខាន់បំផុត។ មនុស្សដែលបង្កើតសមិទ្ធផលដោយភាពស្មោះត្រង់ មិនពុករលួយ មិនកេងប្រវ័ញ្ច គឺជាមនុស្សដែលមានសន្តិភាពផ្លូវចិត្ត។ បទពិសោធរបស់ពួកគេគឺជា «ពន្លឺ» ជួយតម្រង់ផ្លូវអ្នកដទៃឱ្យដើរលើផ្លូវត្រូវ។ ចំណែកឯអ្នកដែលជោគជ័យលើគំនរទុក្ខរបស់អ្នកដទៃ ឬតាមរយៈផ្លូវងងឹត ដូចជា ការបោកប្រាស់តាមប្រព័ន្ធបច្ចេកវិទ្យា ជាដើម ពួកគេមិនអាចចែករំលែកអ្វីដែលជាប្រយោជន៍ពិតប្រាកដបានឡើយ ពីព្រោះសូម្បីតែសេចក្តីសុខពិតប្រាកដ ក៏ពួកគេមិនទាន់រកឃើញផង។
ទឡ្ហីករណ៍និងឧទាហរណ៍ជាក់ស្តែងនៃវីរភាពជីវិត
ដើម្បីឱ្យកាន់តែច្បាស់ យើងអាចក្រឡេកមើលបុគ្គលគំរូមួយចំនួនដែលពិភពលោក និងសង្គមយើងមិនអាចបំភ្លេចបាន៖
លោក អាប្រាហាំ លីនខុន (Abraham Lincoln)
អតីតប្រធានាធិបតីអាម៉េរិក រូបគាត់ចាប់កំណើតក្នុងគ្រួសារកសិករក្រីក្របំផុតនៅក្នុងផ្ទះឈើដំបូលស្លឹក។ គាត់មិនមានឱកាសរៀនសូត្រខ្ពង់ខ្ពស់ក្នុងសាលាថ្លៃៗនោះទេ ប៉ុន្តែគាត់បានអភិវឌ្ឍខ្លួនតាមរយៈការអានសៀវភៅដោយខ្លួនឯង និងការធ្វើការងារសុចរិតចាប់ពីអ្នកកាប់ឈើ រហូតដល់ក្លាយជាមេដឹកនាំរដ្ឋដ៏អស្ចារ្យដែលបានលុបបំបាត់របបទាសភាព។ បទពិសោធ និងការតស៊ូរបស់គាត់ គឺជាគតិបណ្ឌិតមិនចេះរីងស្ងួតសម្រាប់មនុស្សជាតិ។
លោក សូអ៊ីឈីរ៉ូ ហុងដា (Soichiro Honda)
ស្ថាបនិកក្រុមហ៊ុន Honda ដ៏ល្បីល្បាញ។ គាត់ចាប់ផ្តើមជីវិតជាកូនជាងជួសជុលឡាន ចំណេះដឹងក៏រៀនមិនបានខ្ពស់។ គាត់ធ្លាប់រងការបដិសេធ ធ្លាប់រងគ្រោះដោយសារគ្រាប់បែកក្នុងសង្គ្រាមលោក និងការរញ្ជួយដីរហូតដល់រលាយទ្រព្យសម្បត្តិអស់ពីខ្លួន។ ប៉ុន្តែដោយសារស្មារតីតស៊ូមិនបោះបង់ និងការស្រឡាញ់ការរៀនសូត្រ គាត់បានសាងខ្លួនឡើងវិញពីបាតដៃទទេ រហូតបង្កើតអាណាចក្រម៉ូតូនិងឡានដ៏ធំ។ ពាក្យស្លោករបស់គាត់បានដាស់តឿនយុវជនថា៖ «ភាពជោគជ័យតំណាងឱ្យ ១ភាគរយ នៃពលកម្មរបស់អ្នកដែលកើតចេញពី ៩៩ភាគរយនៃអ្វីដែលគេហៅថាការបរាជ័យ» ឬអាចនិយាយម្យ៉ាងទៀតថា «ភាពជោគជ័យ គឺជាផលផ្លែផ្ការបស់ពលកម្មត្រឹមតែ១ភាគរយប៉ុណ្ណោះ ប៉ុន្តែវាត្រូវបានចម្រាញ់ចេញពីបទពិសោធន៍ ៩៩ភាគរយ នៃអ្វីដែលមនុស្សលោកហៅថាការបរាជ័យ។»។
សង្គមយើងនឹងមានការអភិវឌ្ឍប្រកបដោយចីរភាពនិងគុណធម៌ លុះត្រាតែយើងចេះជ្រើសរើស «ប្រភពនៃគតិបណ្ឌិត»ឱ្យបានត្រឹមត្រូវ។
ដើម្បីក្រេបជញ្ជក់យកបទពិសោធជីវិតពិត និងគតិបណ្ឌិតដ៏មានតម្លៃពីអ្នកជំនាញ ឬបុគ្គលជោគជ័យ អ្នកសិក្សាត្រូវតែមានស្មារតីប្រុងប្រយ័ត្ន និងចេះវិនិច្ឆ័យឱ្យបានខ្ពស់បំផុត។
- សម្រាប់យុវជន៖ សូមកុំចាញ់បោក «ពន្លឺភ្លើងពណ៌» ឬ «សម្បកក្រៅ» នៃភាពជោគជ័យដែលគ្មានប្រភពច្បាស់លាស់។ ការគោរពកោតសរសើរបុគ្គលម្នាក់ មិនមែនមើលលើទំហំនៃឡានដែលគេជិះ ម៉ាកកាបូបដែលគេយួរ ឬចំនួនសញ្ញាប័ត្រដែលគេព្យួរនៅលើជញ្ជាំងនោះទេ ប៉ុន្តែត្រូវមើលលើ «ស្នាមមេដៃនៃការតស៊ូនិងគុណធម៌នៃសកម្មភាពរបស់គេ»ឬ«អ្វីដែលបន្សល់ទុកជាការចងចាំឬជាគំរូល្អសម្រាប់មនុស្សជំនាន់ក្រោយ» ។
- ចំពោះសង្គម៖ យើងត្រូវរួមគ្នាលើកកម្ពស់និងផ្តល់តម្លៃដល់មនុស្សដែលសាងខ្លួនដោយភាពសុចរិត។ ទោះបីជាពួកគេគ្រាន់តែជាកសិករគំរូ មេដឹកនាំសហគមន៍ លោកគ្រូអ្នកគ្រូនៅតំបន់ដាច់ស្រយាល ឬជាសហគ្រិនខ្នាតតូច ដែលតស៊ូដោះស្រាយជីវភាពដោយស្មោះត្រង់ក៏ដោយ ក៏ពួកគេទាំងនោះ គឺជា «ត្បូងពេជ្រពិត» ដែលមានបទពិសោធរស់រវើក អាចជួយបណ្តុះគំនិតយុវជនឱ្យស្គាល់ពីតម្លៃពិតនៃជីវិតដែរ។

សេចក្តីសន្និដ្ឋាន៖
គតិបណ្ឌិតពិត មិនមែនជាទំនិញដែលអាចទិញបានដោយលុយទុច្ចរិត ឬអំណាចបុណ្យសក្តិដែលបានមកពីការអែបអបនោះទេ។ វាគឺជាផលគ្រីស្តាល់ដែលចម្រាញ់ចេញពី«ការតស៊ូ ញើសឈាម ការរៀនសូត្រ និងសេចក្តីថ្លៃថ្នូរ»។ មនុស្សប្រភេទនេះហើយ ដែលសង្គមជាតិត្រូវការបំផុត ដើម្បីធ្វើជាត្រីវិស័យនាំផ្លូវយុវជនជំនាន់ក្រោយ ឆ្ពោះទៅរកភាពរីកចម្រើនពិតប្រាកដ រឹងមាំ និងមានកិត្តិយស៕
ដោយបណ្ឌិត ឈត ប៊ុនថង អ្នកជំនាញទស្សនវិជ្ជានិងសមាជិកបម្រុងនៃរាជបណ្ឌិត្យសភាកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


