ព័ត៌មានជាតិ
អាជ្ញាធរខេត្តសៀមរាប នឹងប្រើវិធានការច្បាប់ បើសិនលោក ខឹម វាសនា មិនធ្វើតាមការសន្យា
អាជ្ញាធរខេត្តសៀមរាប បានព្រមានថា គេនៅរង់ចាំពេលវេលាកំណត់ត្រឹមតែម៉ោង០០យប់ថ្ងៃទី៣០ ខែសីហា ប៉ុណ្ណោះ
ប្រសិនបើហួសពេលនេះ ក្រុមលោក ខឹម វាសនា និងប្រជាពលរដ្ឋដែលមកកកកុញគ្នានៅជើងភ្នំគូលែនមិនព្រមរំសាយទេ គឺអាជ្ញាធរនឹងចាត់វិធានការតាមច្បាប់។

លោក តេង ចាន់ណាត ស្នងការនគរបាលខេត្តសៀមរាប មានប្រសាសន៍នៅព្រឹកថ្ងៃច័ន្ទទី២៩ ខែសីហា នេះថា សមត្ថកិច្ចកំពុងរង់ចាំមើលថា តើលោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធ(LDP) ដើម្បីប្រជាធិបតេយ្យ នឹងធ្វើតាមកិច្ចសន្យារបស់គាត់ដែរឬក៏យ៉ាងណា។ លោកស្នងការនគរបាលខេត្ត បង្ហើបទៀតថា ប្រសិនបើដល់ថ្ងៃកំណត់នៃការសន្យាហើយ
បែរជាក្រុមប្រជាពលរដ្ឋដែលមកជួបជុំគ្នាមិនព្រមរំសាយ ហើយលោក ខឹម វាសនា នៅតែមិនបញ្ឈប់សកម្មភាពប្រមូលផ្ដុំទៀតនោះ គឺសមត្ថកិច្ចនឹងចាត់វិធានការតាមច្បាប់។

លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី មានប្រសាសន៍ថា រហូតមកដល់ព្រឹកថ្ងៃទី២៩ ខែសីហា នេះ ប្រជាពលរដ្ឋចំនួនជិត២ម៉ឺននាក់ដែលកំពុងមកប្រមូលផ្ដុំគ្នានៅភូមិសាស្ត្រឃុំត្បែង ស្រុកបន្ទាយស្រី ក្នុងដីចំការម្រេចរបស់លោក ខឹម វាសនា នោះ គឺនៅដដែលមិនទាន់មានការចាកចេញទៅកាន់ទីលំនៅដ្ឋានរៀងៗខ្លួនទេ។ លោក ឃឹម ហ្វីណង់ បន្តថា នៅព្រឹកថ្ងៃទី២៩ខែសីហា នេះ គណបញ្ជាការឯកភាពខេត្តសៀមរាប បានកោះប្រជុំជាបន្ទាន់មួយដើម្បីជជែកជុំវិញចំណាត់ការទៅលើករណីជួបជុំរបស់ក្រុមលោក ខឹម វាសនា នេះ ប្រសិនបើមិនព្រមរំសាយ គឺធ្វើតាមច្បាប់ហើយ។

សូមបញ្ជាក់ថា តាំងតែពីថ្ងៃទី២៣ ខែសីហា រហូតមកដល់ថ្ងៃទី២៩ ខែសីហា នេះ លោក ខឹម វាសនា មេបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បានសរសេរនៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់ខ្លួនថា តាមការធ្វើវិបស្សនារបស់លោកឃើញថា
ភពផែនដីនឹងត្រូវជន់លិចនៅពេលខាងមុខ ហើយលោកអំពាវនាវឲ្យអ្នកដែលគាំទ្រទៅជួបជុំគ្នានៅលើដីចម្ការរបស់លោក
ឯជើងភ្នំគូលែននៃខេត្តសៀមរាប ទើបអាចរួចផុតពីគ្រោះមហន្តរាយនេះ ។

បន្ទាប់ពីការសរសេរលើបណ្ដាញសង្គមរបស់មេបក្សរូបនោះមក ក៏មានពលរដ្ឋជិត២ម៉ឺននាក់បាននាំក្រុមគ្រួសារ ទាំងចាស់ទាំងក្មេងធ្វើដំណើរខ្លះតាមរថយន្ត ខ្លះតាមម៉ូតូ ខ្លះតាមគោយន្តទៅកាន់តំបន់ជើងភ្នំគូលែន។ ចំណែកពលករខ្មែរខ្លះ
ដែលកំពុងធ្វើការនៅក្រៅប្រទេសក៏ប្រញាប់ប្រញាល់វិលត្រឡប់មកកម្ពុជា ដោយបោះបង់ចោលការងាររបស់ខ្លួនដែរ។
លោក ទៀ សីហា អភិបាលខេត្តសៀមរាប បានចាត់ទុកសកម្មភាពរបស់លោក ខឹម វាសនាថា កំពុងធ្វើឲ្យពលរដ្ឋចលាចល និងខាតបង់ប្រយោជន៍ផ្ទាល់ខ្លួនយ៉ាងធ្ងន់ធ្ងរ។

សូមរម្លឹកថា កាលពីថ្ងៃទី២៧ ខែសីហា កន្លងទៅ ឯកឧត្តម ហ៊ុន ម៉ានិត អគ្គនាយកនៃអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ចនៃក្រសួងការពារជាតិ និងលោក ទៀ សីហា អភិបាលខេត្តសៀមរាប បានចុះទៅពិនិត្យម្ដងមកហើយ ព្រមទាំងបានឲ្យលោក ខឹម វាសនា បញ្ឈប់សកម្មភាពជួបជុំ និងប្រមូលផ្ដុំក្រុមប្រជាពលរដ្ឋនោះជាបន្ទាន់ ក៏ប៉ុន្តែត្រូវបានលោក ខឹម
វាសនា បដិសេធ ហើយស្នើសុំពន្យាពេលរហូតដល់ថ្ងៃទី៣០សីហា៕
អត្ថបទ៖ កុសល
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


