ព័ត៌មានជាតិ
បើគ្មានអាហារូបករណ៍ ក្តីស្រមៃរបស់សិស្សនិទ្ទេស B ម្នាក់នៅកំពង់ចាម នឹងត្រូវបញ្ចប់ ព្រោះគ្មានលុយរៀនត
កញ្ញា ឌឿន ស្រីឡាវ គឺជាសិស្សស្រីម្នាក់ក្នុងចំណោមសិស្សស្រីរាប់រយ រាប់ពាន់នៅក្នុងប្រទេសកម្ពុជាដែលប្រឡងបាក់ឌុបទទួលបាននិទ្ទេស B។ ប៉ុន្តែ បើក្រឡេកទៅមើលស្ថានភាពជីវភាពរស់នៅវិញ គឺសិស្សស្រីរូបនេះ ប្រហែលជាខុសពីគេឆ្ងាយណាស់ ដោយសាររស់នៅក្នុងគ្រួសារក្រីក្រខ្លាំង។ ត្បិតទទួលបាននិទ្ទេស B មែន តែក្តីស្រមៃចង់ក្លាយជាគ្រូបង្រៀនរបស់ស្រីឡាវ អាចនឹងត្រូវបញ្ចប់ត្រឹមនេះ បើមិនទទួលបានអាហារូបករណ៍ទេនោះ។
យុវសិស្ស ឌឿន ស្រីឡាវ ជាសិស្សថ្នាក់ទី ១២A នៃវិទ្យាល័យ ហ៊ុន សែន ស្គន់។ នាងកើតជា និងរស់នៅភូមិដំណាក់អំពិល ឃុំស្ដើងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម មានបងប្អូនស្រី ៤នាក់ ហើយជាកូនស្រីទី៤ នៅក្នុងគ្រួសារ។ ស្រីឡាវ មានបងស្រីម្នាក់ដែលកើតជំងឺសរសៃប្រសាទ ដែលតម្រូវឲ្យម្តាយរបស់នៅចាំមើលថែជាប់ជានិច្ច ដូច្នេះហើយបន្ទុករកប្រាក់ចិញ្ចឹមគ្រួសារ គឺស្ថិតនៅលើស្មាឳពុកនាងតែម្នាក់។ ឳពុករបស់ស្រីឡាវ គឺជាកសិករធ្វើស្រែចំការ ហើយក្រៅស្រែចំការ គាត់ ក៏ឆ្លៀតទៅស៊ីឈ្នួលលេងភ្លេងការឲ្យគេ ធ្វើសំណង់ដែលរកចំណូលបានត្រឹមតែពី១០០ដុល្លារ ទៅ ២០០ដុល្លារប៉ុណ្ណោះសម្រាប់ផ្គត់ផ្គង់គ្រួសារ។
រំលឹកទៅដល់ជំងឺបងស្រីរបស់ខ្លួន ស្រីឡាវ បានពោលឡើងថា៖«នៅពេលខ្លះ ប្រសិនជាជំងឺសរសៃប្រសាទរបស់បងខ្ញុំរើឡើង គឺខ្ញុំមិនអាចរៀនបានទេ។ ដូច្នេះ ខ្ញុំត្រូវចេញទៅរៀននៅក្រោមដើមស្វាយនៅមុខផ្ទះ ដើម្បីជាការទន្ទេញមេរៀន ដោយយកពិលបំភ្លឺជាដើម”។ នេះ គឺជាឩបសគ្គមួយសម្រាប់ការរៀបសូត្ររបស់ស្រីឡាវ ប៉ុន្តែ វាមិនអាចបញ្ឈប់ដំណើរទៅមុខរបស់នាងបានឡើយ។
បញ្ហាជំងឺបងស្រី និងបញ្ហាគ្រួសារក្រីក្រ មិនមែនតែជាបញ្ហាតែម្យ៉ាងដែលរំខាន និងញាំញីដល់ដំណើររៀនសូត្ររបស់ស្រីឡាវទេ ប៉ុន្តែ សាលារៀននៅឆ្ងាយពីផ្ទះ ក៏ជាបញ្ហាដ៏លំបាកមួយសម្រាប់យុវតីរូបនេះផងដែរ។ ជារៀងរាល់ព្រឹក ស្រីឡាវ ត្រូវងើបពីដេកនៅម៉ោង៤ទៀបភ្លឺ ដើម្បីដាំបាយ និងធ្វើម្ហូបយកទៅទុកបរិភោគនៅសាលារៀន ព្រោះនាងគ្មានលុយសម្រាប់បាយបរិភោគដូចសិស្សដទៃទៀតឡើយ។ ស្រីឡាវ ត្រូវចេញពីផ្ទះនៅម៉ោង៥កន្លះ ដើម្បីទៅឲ្យទាន់ម៉ោងចូលរៀន។
ដោយសារតែជីវភាពរស់នៅខ្វះខាតខ្លាំង ក្រៅពីម៉ោងរៀន ស្រីឡាវ បានទៅស៊ីឈ្នួលច្រូតស្មៅ ច្រូតស្រូវ ទៅតាមរដូវកាល ហើយជួនកាល ទៅស៊ីឈ្នួលមើលថែកូនក្មេងឲ្យគេ ដើម្បីបានកម្រៃខ្លះៗមកផ្គត់ផ្គង់ការរៀនសូត្រ និងទិញសម្ភារៈសិក្សារបស់ខ្លួនមួយចំនួន។ មិនតែប៉ុណ្ណោះ ប្រាក់ដែលស្រីឡាវ បានពីការស៊ីឈ្នួលធ្វើការឲ្យគេ ក៏ត្រូវយកទៅទិញអង្ករសម្រាប់បរិភោគមួយចំណែកផងដែរ។
ដោយក្តីអាណិតអាសូរ លោកគ្រូ អ្នកគ្រូមួយចំនួននៅសាលារៀនបានឱ្យស្រីឡាវ រៀនគួរបំប៉នដោយមិនបង់ប្រាក់នូវមុខវិជ្ជាណាដែលខ្លួនរៀនបានជាប់លាប់។ ក៏ប៉ុន្តែ ចំពោះមុខវិជ្ជាភាសាអង់គ្លេស ស្រីឡាវ មិនមានឱកាសសិក្សាបានជាប់លាប់ដូចសិស្សឯទៀតឡើយ គឺរៀនបានអាស្រ័យលើប្រាក់ដែលខ្លួនអាចរកមកបានតែប៉ុណ្ណោះ។ សម្រាប់ថ្ងៃអាទិត្យ ជាថ្ងៃដែលសិស្សគ្រប់រូបទៅរៀនគួរបំប៉នបន្ថែម បែរជាស្រីឡាវ ខកខានឱកាសនេះ ព្រោះត្រូវធ្វើការដើម្បីរកប្រាក់កម្រៃមួយចំនួនផ្គត់ផ្គង់គ្រួសារ និងការរៀនសូត្ររបស់ខ្លួន។
ភាពក្រលំបាកមិនអាចទាញបង្អាក់ដំណើរទៅមុខរបស់ស្រីឡាវបានឡើយ ដោយនៅក្នុងការប្រឡងបាក់ឌុបឆ្នាំ២០២២នេះ ស្រីឡាវ ប្រឡងទទួលបាននិទ្ទេស B។ ជាមួយនិទ្ទេសល្អនេះ ស្រីឡាវ បានដាក់អាហារូបករណ៍នៅសាកលវិទ្យាល័យចំនួន ២ គឺនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងអាហារូបករណ៍នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ)។ ប៉ុន្តែ ជារឿងគួរឱ្យសោកស្តាយដែលយុវតីរូបនេះ បានបោះបង់ឱកាសប្រឡងចូលវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ដោយសារតែខ្លួនគ្មានថវិការគ្រប់គ្រាន់សម្រាប់ជួលបន្ទប់ និងធ្វើដំណើរមកប្រឡងនៅភ្នំពេញបាន។ ចំពោះលទ្ធផលអាហារូបករណ៍នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក៏ស្រីឡាវមិនបានជាប់ដូចគ្នា។ ទាំងនេះគឺជាកង្វល់ដ៏ធំរបស់នាង ព្រោះខ្លួន ពុំមានលទ្ធបង់ថ្លៃសិក្សាដោយខ្លួនឯងឡើយ។
កញ្ញា ឌឿន ស្រីឡាវ បានប្រាប់«កម្ពុជាថ្មី»ថា នាងចង់មកបន្តការសិក្សានៅភ្នំពេញ ថ្នាក់បរិញ្ញាបត្រ ជំនាញគណិតវិទ្យា ព្រោះនៅថ្ងៃអនាគត ស្រីឡាវ មានបំណងចង់ធ្វើជាគ្រូបង្រៀនមុខវិជ្ជាគណិតវិទ្យា ចង់ជួយបង្រៀនដល់សិស្សដែលមានជីវភាពលំបាក និងក្រីក្រដូចខ្លួន ដើម្បីឱ្យពួកគេមានឱកាសបានទទួលការអប់រំបានល្អ។ ប៉ុន្តែ ក្តីស្រមៃចង់ក្លាយជាគ្រូបង្រៀនគណិតវិទ្យានេះ អាចនឹងត្រូវបញ្ចប់ត្រឹមនេះ បើសិនស្រីឡាវ មិនទទួលបានអារូបករណ៍ណាមួយទេនោះ។ នេះ ក៏ព្រោះនាង និងគ្រួសារ ពុំមានលទ្ធភាពអាចបន្តការសិក្សានៅសាកលវិទ្យាល័យដោយខ្លួនឯងបាន នៅពេលដែលខ្លួនមិនបានទទួលអាហារូបករណ៍បែបនេះ៕
ដោយ៖ អុន ស្រីមាន
-
កីឡា៥ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
តាសក់ផ្អែម ៥ តោន របស់ កសិករម្នាក់ លក់ចេញអស់ ក្រោយសហគមន៍កសិកម្មជួយរកទីផ្សារ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាឡិកា ៦ គ្រឿងរបស់កូនពៅសេដ្ឋី ឥណ្ឌា ដែលខំសន្សំទុក មានមួយមេ Facebook ទាក់ចិត្តខ្លាំង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ