ព័ត៌មានជាតិ
អាជ្ញាធរស្រុកស្រែអំបិល បន្តដាស់តឿនពលរដ្ឋកុំចោលសំរាមនៅទីសាធារណគ្មានសណ្តាប់ធ្នាប់
អាជ្ញាធរស្រុកស្រែអំបិល នៅតែបន្តដាស់តឿនដល់ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធសូមកុំចោលកាកសំណល់សំរាមគ្រប់ប្រភេទនៅតាមទីសាធារណគ្មានសណ្តាប់ធ្នាប់ដែលជាការបំពុលបរិស្ថានយ៉ាងធ្ងន់ធ្ងរ។

ក្នុងន័យលើកកម្ពស់ការយល់ដឹងជាសាធារណអំពីការគ្រប់គ្រងសំរាម និងសំណល់ប្លាស្ទិក លោក ជា ច័ន្ទកញ្ញា អភិបាលស្រុកស្រែអំបិល ទទូចជាថ្មីអំពីការរៀបចំទុកដាក់សំរាមឱ្យមានរបៀបត្រឹមត្រូវក្នុងធុងសំរាម ដោយមិនត្រូវបោះចោលពាសវាលពាលកាលនោះទេដែលជាហេតុនាំឱ្យប៉ះពាល់ផ្នែកបរិស្ថាន និងសុខភាពរស់នៅប្រចាំថ្ងៃ។

ក្នុងទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥មិថុនា ២០២៥នេះ ក្រោមប្រធានបទ«ប្រយុទ្ធប្រឆាំងការបំពុលដោយប្លាស្ទិក» លោកអភិបាលស្រុកស្រែអំបិល បន្តថា ការគ្រប់គ្រងគុណភាពបរិស្ថានសំដៅលើកកម្ពស់សុខភាពសាធារណៈ កិច្ចគាំពារ បរិស្ថាន ការអភិរក្សជីវៈចម្រុះ ការគ្រប់គ្រងធនធានធម្មជាតិប្រកបដោយនិរន្តរភាព។ ដូច្នេះអាជ្ញាធរស្រុក តែងបំផុសស្មារតីដល់ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងអស់ចូលរួមសំអាតអនាម័យបរិស្ថានកែលម្អសោភ័ណ្ឌភាពទីក្រុង ទីប្រជុំជន ជនបទ ភូមិឋាន សាលារៀន វត្តអារាម មន្ទីរពេទ្យ រោងចក្រ ទីផ្សារ និងមជ្ឈមណ្ឌលសេដ្ឋកិច្ច។ល។

លោក ជា ច័ន្ទកញ្ញា បន្តទៀតថា បច្ចុប្បន្នអាជ្ញាធររបស់លោក បានយកចិត្តទុកដាក់ខ្ពស់យ៉ាងខ្លាំងក្នុងគាំពារបរិស្ថាន ដើម្បីលើកកម្ពស់បរិស្ថានក្នុងមូលដ្ឋានដោយធ្វើសកម្មភាពជាច្រើនលើបុព្វហេតុការពារគុណភាពបរិស្ថាន និងការអភិរក្សធនធានធម្មជាតិ។ កន្លងទៅ រដ្ឋបាលស្រុកស្រែអំបិល សហការជាមួយបណ្តាលមន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្ត ចូលរួមដាំដុះកូនឈើនៅតាមទីសាធារណៈ ព្រមទាំងតំបន់ការពារធម្មជាតិ ក្នុងគោលដៅថែរក្សា អប់រំផ្សព្វផ្សាយ និងលើកទឹកចិត្តក្នុងការចូលរួមចំណែកអភិរក្សធនធានធម្មជាតិលើផែនដីអាចរស់នៅបានដោយសុខសុវត្ថិភាព និងយូរអង្វែង។

តាមរយៈទិវាបរិស្ថាននេះដែរ លោកអភិបាលស្រុកស្រែអំបិល ជឿជាក់ថាគ្រប់ភាគីទាំងអស់មិនថារដ្ឋ ឯកជន អង្គការដៃគូ និងពលរដ្ឋនោះទេ ពោលគឺបន្តចូលរួមគាំពារបរិស្ថាន អភិរក្សធនធានធម្មជាតិប្រកបដោយនិរន្តរភាព ក្នុងគោលបំណងសម្រេចបាននូវបេសកម្មរួមគ្នា គឺពិភពលោកមានភាពស្អាត ភាពបៃតង និងចីរភាព ស្របតាមពាក្យស្លោក «កម្ពុជាស្អាត ខ្មែរធ្វើបាន»៕
អត្ថបទ៖ សិរីវឌ្ឍនៈ



-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


