សេដ្ឋកិច្ច
ទីផ្សារក្រពើជាប់គាំងខណៈអ្នកចិញ្ចឹមបាត់បង់ចំណូលនិងត្រូវចំណាយលើចំណីក្រពើជាប្រចាំ
អ្នកចិញ្ចឹមក្រពើកំពុងជាប់គាំងទីផ្សារ បានអំពាវនាវដល់សាធារណជន និងស្ថាប័នពាក់ព័ន្ធ ជួយរកដំណោះស្រាយ និងជួយទិញសាច់ក្រពើធ្វើជាអាហារ ដើម្បីឱ្យពួកគាត់បានចំណូលខ្លះ ទ្រទ្រង់ជីវភាព និងចំណាយលើចំណីក្រពើប្រចាំខែ។

លោក គង់ ចន្ថា ម្ចាស់កសិដ្ឋានក្រពើជាង ១៣០០ ក្បាលនៅស្រុកពួក ខេត្តសៀមរាប បានលើកឡើងពីបញ្ហាប្រាប់ “កម្ពុជាថ្មី” ថា ទីផ្សារក្រពើដែលនាំចេញ គឺមានតែទៅវៀតណាមប៉ុណ្ណោះ។ អស់រយៈពេលជាង ៣ ឆ្នាំ មកហើយ ដែលការនាំចេញក្រពើត្រូវបានគាំងរហូតមកដល់បច្ចុប្បន្ន។ លោកថ្លែងថា« ពីមុន ទីផ្សារក៏មាននាំចេញទៅថៃដែរ តែបច្ចុប្បន្នថៃបានបិទទាំងស្រុង មិនឱ្យមានការនាំចូលទៀតឡើយ ដើម្បីលើកស្ទួយផលិតផល ក្នុងស្រុករបស់ពួកគេ»។
ម្ចាស់កសិដ្ឋានរូបនេះ បានបន្តថា ឈ្មួញវៀតណាម ទិញកូនក្រពើ និងស្បែកក្រពើ ដើម្បីយកកែច្នៃ នាំចេញទៅលក់បន្ត លើទីផ្សារចិន និងប្រទេសផ្សេងទៀត។ នៅពេលវៀតណាមមានបញ្ហានោះក្រពើខ្មែរ ក៏ជាប់គាំងដូចគ្នា។

ជាមួយបទពិសោធន៍ជាង ២០ឆ្នាំនៃការចិញ្ចឹមក្រពើ ទើបតែរយៈពេល ៣ឆ្នាំចុងក្រោយមកនេះ ធ្វើឱ្យលោក គង់ ចន្ថា និងម្ចាស់កសិដ្ឋានជាច្រើនទៀត ខាតបង់យ៉ាងខ្លាំង ដោយត្រូវចំណាយទៅលើការចិញ្ចឹមអស់ថវិកាជាច្រើន តែបែរជាគ្មានចំណូលគ្មានទីផ្សារ។
«ពីមុនពេលមានទីផ្សារ ក្រពើមេមួយក្បាល តម្លៃដល់ ១២០០ដុល្លារ ឯកូនលក់បានខ្ទង់៧ទៅ ១៥ ដុល្លារ តែបច្ចុប្បន្ន ទីផ្សារកូនក្រពើចុះសល់ត្រឹម ២ពាន់រៀលប៉ុណ្ណោះ»។ នេះជាការបន្ថែមរបស់លោក គង់ ចន្ថា។ ម្ចាស់កសិដ្ឋានចិញ្ចឹមក្រពើរូបនេះ បានសម្រេចចិត្តលក់ក្រពើរបស់ខ្លួន ទៅឱ្យឈ្មួញ វៀតណាម ក្នុងតម្លៃទាបបំផុត ដើម្បីបានចំណូលមកវិញខ្លះ និងកាប់សាច់លក់ សម្រាប់ជាអាហារ ដោយមួយក្បាល លក់បានតម្លៃខ្ទង់ ៣៥ដុល្លារ ទៅ ៥០ដុល្លារ ទៅតាមទំហំក្រពើ។

លោក គង់ ចន្ថា បានសង្កត់ធ្ងន់ថា បើសិនជាទីផ្សារនៅតែធ្លាក់ថ្លៃ និងគ្មានដំណោះស្រាយណាមួយ នោះមិនថាតែរូបលោកឡើយ ម្ចាស់កសិដ្ឋានដទៃទៀត នឹងបោះបង់មុខរបរមួយនេះ។
ដូចគ្នានេះដែរ លោក ញ៉ែម បូរាណ ម្ចាស់កសិដ្ឋានចិញ្ចឹមក្រពើនៅនៅឃុំរលួស ស្រុកបាគង ខេត្តសៀមរាប បានប្រាប់កម្ពុជាថ្មី ថា បច្ចុប្បន្ន កូនក្រពើលក់បានមួយក្បាលតម្លៃ ២ពាន់រៀលប៉ុណ្ណោះ ខណៈពីមុនលក់បានចន្លោះពី ៧ដុល្លារ ទៅ ១៥ដុល្លារ និងកាលពីឆ្នាំ ២០១៥លក់បាន ៣០ដុល្លារ ក្នុងមួយក្បាល។ ចំណែក មេក្រពើលក់បានមួយក្បាលចន្លោះពី ៣០ដុល្លារទៅ ៤០ដុល្លារ ប៉ុន្តែក៏មិនសូវមានទីផ្សារនោះដែរ។ លោកបញ្ជាក់ថា មេក្រពើពូជ ទិញចូលពីក្រៅប្រទេសមានតម្លៃជាង ១ពាន់ដុល្លារ។

លោក បូរាណ អស់កម្លាំងចិត្តក្នុងការចិញ្ចឹម ដោយសារខ្វះទីផ្សារ និងចំណីឡើងថ្លៃ។ បើតាមលោក បូរាណ ក្នុងមួយឆ្នាំត្រូវចំណាយ ៥០ដុល្លារ សម្រាប់ក្រពើមួយក្បាល។ ពោលគឺ ក្នុងមួយខែត្រូវដាក់ចំណីឱ្យក្រពើស៊ីពីរដង ឬបួនដងតាមលទ្ធភាព។ ចំណីរបស់ក្រពើរួមមាន កំពិសសម្រាប់កូនក្រពើ និងត្រីសម្រាប់មេក្រពើ។
សៀមរាបជាខេត្តមួយដែលមានអ្នកចិញ្ចឹមក្រពើច្រើនជាងគេ។ មន្រ្តីជលផល ធ្លាប់ប្រាប់សារព័ត៌មានថា កសិដ្ឋានចិញ្ចឹមក្រពើនៅខេត្តសៀមរាបមានចំនួនជិត ៣០០ កន្លែង ក្នុងនោះ មានសមាគមអ្នកចិញ្ចឹមក្រពើចំនួនពីរ។ អ្នកចិញ្ចឹមក្រពើធ្លាក់ទឹកចិត្ត រហូតអ្នកខ្លះ បានបោះបង់អាជីពមួយនេះ ដោយមិនស្តាយស្រណោះ ព្រោះតែគ្មានទីផ្សារជាប់ៗគ្នា នាប៉ុន្មានឆ្នាំចុងក្រោយនេះ។ ពួកគេលើកឡើងថា បើទីផ្សារក្រពើនៅតែបន្តធ្លាក់ចុះបែបនេះ នឹងអស់អ្នកចិញ្ចឹមក្រពើ៕
អត្ថបទ៖ នាង រតនៈ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៩ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


