Connect with us

សេដ្ឋកិច្ច

​អ្នកជំនាញមើលឃើញគោលដៅបីនៃទីផ្សារអចលនទ្រព្យរស់រវើកឡើងវិញនៅឆ្នាំ ២០២៣

បានផុស

នៅ

អ្នកជំនាញអចលនទ្រព្យមើលឃើញថា គោលដៅចំនួនបីអាចនឹងមានទីផ្សារអចលនទ្រព្យរស់រវើកឡើងវិញ នៅឆ្នាំ ២០២៣ខាងមុខ។ គោលដៅទាំងបីនោះ រួមមាន នៅខេត្តព្រះសីហនុ សៀមរាប និងជាយរាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឡោ វិចិត្រ ប្រធានសមាគមអចលនទ្រព្យសកល រាជធានីភ្នំពេញ បានប្រាប់អ្នកយកព័ត៌មានកម្ពុជាថ្មីថា ទឡ្ហីករណ៍ដែលនាំឱ្យតំបន់ទាំងបីនេះ មានចរន្តទីផ្សារអចលនទ្រព្យរស់រវើក ដោយសារគោលដៅទាំងបីជាតំបន់​សក្តានុពល និងមានគម្រោងធំៗជាច្រើន បានលេចរូបរាងឡើង ដូចជាការសាងសង់ព្រលានយន្តហោះថ្មី គម្រោងសាងសង់ស្ពាន និងគម្រោងផ្សេងៗជាច្រើនទៀត។

លោក គូសបញ្ជាក់ថា រាជរដ្ឋាភិបាលអភិវឌ្ឍតំបន់ប៉ូលទាំងបីនេះ គឺមានបង្កប់អត្ថន័យជាច្រើននៅក្នុងនោះ។ បើនិយាយអំពីខេត្តព្រះសីហនុ រដ្ឋាភិបាល​កម្ពុជា ​កំពុង​ធ្វើ​ការ​ប្រែក្លាយ ​​ខេត្ត​មួយនេះ ​ទៅ​ជា​តំបន់​សេដ្ឋកិច្ច​ពិសេស​ពហុ​បំណង​។ តំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ គឺជាតំបន់សេដ្ឋកិច្ចដ៏ធំបំផុតរបស់កម្ពុជារួចទៅហើយ ដែលរួមចំណែក​ដល់​កម្លាំងសេដ្ឋកិច្ចរបស់ក្រុង រួមជាមួយនឹងរាជធានីភ្នំពេញ និងខេត្តសៀមរាប។ ស្ថានភាពថ្មីរបស់ខេត្តក្រុងព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសពហុបំណង ឆ្លុះបញ្ចាំងពីមហិច្ឆតារបស់រដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍន៍ខេត្ត និងក្រុង ឱ្យក្លាយជាតួអង្គសំខាន់មួយ សម្រាប់ការផលិត និងពាណិជ្ជកម្មដែលជំរុញការនាំចេញ។

លោក ឡោ វិចិត្រ ទទួលដំណឹងថា រដ្ឋាភិបាល ក៏មានគោលនយោបាយដោះស្រាយអគារដែលជាប់គាំ នៅខេត្តព្រះសីហនុ ក្នុងឆ្នាំ ២០២៣ផងដែរ។

ដោយឡែកនៅខេត្តសៀមរាប អ្នកជំនាញអចលនទ្រព្យរូបនេះ មើលឃើញថា ខេត្តមួយនេះបានស្រូបទាញភ្ញៀវ​ទេសចរទាំងជាតិ និងអន្តរជាតិយ៉ាងច្រើន ដែលជាផ្នែកមួយជួយជំរុញកំណើនភោជនីយដ្ឋាន និងសណ្ឋាគារកើនឡើង។ កំណើននេះច្បាស់ណាស់ថា នឹងមានតម្រូវការទីតាំងដើម្បីសាងសង់ភោជនីយដ្ឋាន ឬសណ្ឋាគារ ដែលជួយឱ្យចរន្ត​នៃវិស័យអចលនទ្រព្យមានកំណើនផងដែរ។ លោកថា« មិនមែនសុខៗក្រុមហ៊ុនវិនិយោគមកទិញ​ដីនៅខេត្តសៀមរាប​នោះទេ ដោយសារគេឃើញកំណើនទេសចរ និងកង្វះនៃការផ្គត់ផ្គត់ផ្នែកម្ហូបអាហារ ភោជនីយដ្ឋាន និងសណ្ឋាគារ ដូច្នេះពួកគេនឹងទិញឬជួលដីរយៈពេលវែងដើម្បីវិនិយោគ»។ លើសពីនេះទៀត ខេត្តសៀមរាបក៏បាន​និងកំពុង​សាងសង់ព្រលានយន្តហោះថ្មី មានទីតាំងនៅស្រុកសូទ្រនិគម មានចម្ងាយប្រមាណ៥១គីឡូមែត្រពីក្រុងសៀមរាប និងប្រហែលជា ៤០គីឡូម៉ែត្រពីប្រាសាទអង្គវត្តផងដែរ។

គោលដៅទីបី ដែលអ្នកជំនាញមើលឃើថា វិស័យអចលនទ្រព្យនឹងងើបឡើងវិញនាឆ្នាំ ២០២៣ដែរនោះ គឺជាយរាជ​ធានីភ្នំពេញ។ នៅតំបន់ជាយក្រុងភ្នំពេញ មានការអភិវឌ្ឍខ្លាំងគ្រប់ទីកន្លែង មានទាំងការបង្កើតផ្សារទំនើប ព្រលាន​យន្តហោះថ្មី និងគម្រោងសាងសង់ស្ពានឆ្លងទន្លេជាដើម។ ជាក់ស្តែងលោក ឡោ វិចិត្រ បានលើកឡើងថា នាថ្ងៃអនាគត​នៅពេលដែលមានស្ពានតភ្ជាប់ឆ្លងទន្លេទៅតំបន់អរិយក្សត្រ តម្លៃអចលនទ្រព្យនឹងមានកំណើនកាន់តែខ្ពស់។ លោកបានបង្ហាញហេតុផលទៀតថា តំបន់ជាយក្រុងកាន់តែរីកឥតឈប់ឈរ ពោលគឺប៉ុន្មានឆ្នាំមុន មានប្រជាជនរស់​នៅប្រមាណ២លាននាក់ ហើយមកដល់បច្ចុប្បន្ននេះ មានចំនួនជាង ៣លាននាក់ និងមានការព្យាករថា​ នៅឆ្នាំ ២០៣០ ប្រជាជនក្នុងរាជធានី នឹងកើនដល់ ៤លាន ៥សែននាក់។ លោកបន្តថា« ពីឥឡូវទៅដល់ឆ្នាំ ២០៣០ មានរយៈពេល ៧ឆ្នាំទៀត នឹងមានកំណើនប្រជាជនជាង ១លាន ៥សែននាក់។ កំណើននៃប្រជាជននេះ នឹងមានតម្រូវការអចលន​ទ្រព្យខ្ពស់។ ដូច្នេះពលរដ្ឋដែលមានចំណូលមធ្យម និងខ្ពស់ប្រាកដណាស់ថា នឹងរស់នៅកណ្តាលក្រុង ដោយឡែងអ្នក​មានចំណូលទាបនឹងទិញផ្ទះ ឬដីនៅជាយរាជធានី»។

បើតាមលោក ឡោ វិចិត្រ អ្នកវិនិយោគគម្រោងផ្ទះល្វែង ឬដី នៅជាយរាជធានីភ្នំពេញ អាចនឹងមានទីផ្សាររយៈពេល​ពីរទៅបីឆ្នាំ​ខាងមុខ។

តាមរយៈហេតុផលខាងលើ លោក ឡោ វិចិត្រ ចង់បង្ហាញថា តំបន់គោលដៅសក្តានុពលទាំងបី នឹងផ្តល់ផលវិជ្ជមាន​ច្រើន​សម្រាប់អ្នកវិនិយោគវិស័យអចលនទ្រព្យ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម