អត្ថាធិប្បាយ
ក្រៅពី QUAD អាមេរិក បានដឹកនាំបង្កើត AUKUS មួយទៀត ដើម្បីទប់ទល់នឹងមហាយក្សចិន
ការប្រឈមមុខដាក់គ្នារវាងមហាយក្សចិន និងមហាអំណាចអាមេរិក ជាពិសេស ចំពោះបញ្ហានៅក្នុងតំបន់ ដែនសមុទ្រ និយាយឲ្យចំ បញ្ហានៅសមុទ្រចិនខាងត្បូងតែម្តង បានធ្វើឱ្យប្រទេសលោកខាងលិចមានការព្រួយបារម្ភចំពោះការពង្រីកឥទ្ធិពលរបស់ចិន។ ហេតុនេះ ប្រទេសធំៗចំនួន ៣ បានបង្កើតកិច្ចព្រមព្រៀងសម្ព័ន្ធត្រីភាគីដែលមានលក្ខណៈស្រដៀងគ្នានឹងឃ្វូដ(QUAD)ដែរ នោះគឺ អូឃឺស៍(AUKUS )។ សម្ព័ន្ធមិត្តនេះ អាចលេចជារូបរាងបាន ដោយសារតែនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ។

តើអូឃឺស៍គឺជាអ្វី ?
អូឃឺស៍ មានពាក្យពេញជាភាសាអង់គ្លេសថា Australia, the United Kingdom, and the United States (AUKUS) គឺជាដៃគូសន្តិសុខត្រីភាគីរវាងសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងអូស្ត្រាលី ដើម្បីផ្តល់ឱ្យអូស្ត្រាលីនូវនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ កិច្ចព្រមព្រៀង អូឃឺស៍ ត្រូវបានបង្កើតឡើងនៅថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២១។ កិច្ចព្រមព្រៀងនេះ ត្រូវបានរៀបចំឡើងដើម្បីទប់ទល់នឹងឥទ្ធិពលរបស់ចិននៅក្នុងតំបន់ ជាពិសេស នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ សម្ព័ន្ធភាពនេះ គ្របដណ្ដប់លើកិច្ចសហប្រតិបត្តិការបច្ចេកវិទ្យា វិទ្យាសាស្ត្រ និងឧស្សាហកម្ម ព្រមទាំង កងកម្លាំងសន្តិសុខរួមគ្នា ដើម្បីនាំមកនូវសន្តិសុខសុវត្ថិភាពតំបន់ល្អជាងមុន និងនាំមកនូវអត្ថប្រយោជន៍រួមរវាងគ្នា។
គោលបំណងនៃការបង្កើតអូឃឺស៍
សម្ព័ន្ធអូឃឹស៍ បង្កើតឡើងក្នុងគោលបំណងធ្វើការរួមគ្នា ដើម្បីរក្សាសន្តិសុខ និងស្ថិរភាពនៅឥណ្ឌូប៉ាស៊ីហ្វិក និងទប់ស្កាត់គោលនយោបាយរបស់ចិន។ សម្ព័ន្ធអូឃឹស៍ ប្ដេជ្ញាបង្កើតឱ្យមានទំនាក់ទំនងកាន់តែជិតស្និទ្ធក្នុងចំណោមសម្ព័ន្ធមិត្តដែលឆ្លុះបញ្ចាំងពីទំនុកចិត្តដ៏ស៊ីជម្រៅនៃមិត្តភាព និងការកសាងកម្លាំងមួយឱ្យបានស្ថិតស្ថេរ ដើម្បីរក្សាគុណតម្លៃសេរីភាព និងលទ្ធិប្រជាធិបតេយ្យ។ ការកើនឡើងយ៉ាងឆាប់រហ័សនៃការគំរាមកំហែងរបស់ចិន បាននាំឱ្យមានការអំពាវនាវប្រមូលផ្ដុំនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ហើយចង់ឱ្យមានការអភិវឌ្ឍន៍កាន់តែល្អជាងមុន។ រដ្ឋាភិបាលទីក្រុងកង់បេរ៉ា ក៏បានយល់ឃើញដែរថា ទំនាក់ទំនងការពារជាតិជាមួយសហរដ្ឋអាមេរិកចាំបាច់ត្រូវតែពង្រឹង។

ទោះបីជាកន្លងមក អូស្ត្រាលី និងបារាំងមានបញ្ហាជាមួយគ្នាទៅលើការទិញនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរក៏ដោយ ក៏អូស្រ្តាលី មានគោលបំណងចង់ឲ្យបារាំងចូលរួមក្នុងការរៀបចំការការពារជាតិបែបថ្មីនេះដែរ។ បារាំងដែលបានផលិតនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរអស់រយៈពេលជាងកន្លះសតវត្សនោះ នឹងស្ថិតក្នុងទីតាំងមួយ ដើម្បីជួយក្នុងក្របខ័ណ្ឌការពារសន្តិសុខជាតិរួមគ្នា។ សម្ព័ន្ធអូឃឹស៍ នឹងរួមចំណែកដល់ការពង្រឹង និងបំពេញបន្ថែមដល់បណ្ដាញភាពជាដៃគូដែលកំពុងរីកចម្រើនក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ដែលរួមមាន សន្ធិសញ្ញាសន្តិសុខអូស្ត្រាលី នូវែលសេឡង់ និងសហរដ្ឋអាមេរិក ឬ «សន្ធិសញ្ញាអានហ្សឺស៍ » ។

ទំនាក់ទំនងរវាងអូឃឺស៍ និងអាស៊ាន
សម្ព័ន្ធមិត្តត្រីភាគី អូឃឺស៍ នឹងពង្រីកឥទ្ធិពលយោធារបស់ខ្លួននៅក្នុងសមុទ្រចិនខាងត្បូង និងជួយធ្វើទំនើបកម្មដល់ប្រទេសដែលមានដែនជម្លោះនៅក្នុងសមុទ្រចិន ក្រោមហេតុផលថា ការពារសេរីភាពនាវាចរ ខណៈដែលចិនយកការការពារដែនសមុទ្ររបស់ខ្លួន ដើម្បីជាមូលហេតុក្នុងការពង្រីក និងពង្រឹងកម្លាំងយោធានៅក្នុងសមុទ្រចិនខាងត្បូង។
ការប្រជែងយុទ្ធសាស្ត្ររវាងមហាអំណាចអាមេរិក និងចិនក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក នឹងនាំឱ្យមានការបែងចែកនយោបាយការទូតក្នុងតំបន់ ដោយមានរដ្ឋខ្លះស្និទ្ធនឹងចិន ហើយរដ្ឋខ្លះស្និទ្ធនឹងអាមេរិក ដូចសម័យសង្គ្រាមត្រជាក់អ៊ីចឹង។ ហេតុដូច្នេះ អាស៊ានស្ថិតនៅក្នុងទីតាំងយុទ្ធសាស្ត្រភូមិសាស្ត្រដ៏សំខាន់មួយដែលជាបេះដូងនៃ អូឃឺស៍ និង ឃ្វូដ ក៏ដូចជាយុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិក។

ការប្រឈមមុខដាក់គ្នារវាងចិន និងអាមេរិក អាចធ្វើឲ្យមានការប្រេះឆាផ្ទៃក្នុងនៃសមាជិកអាស៊ានមួយចំនួន ដែលប្រទេសមួយចំនួនគាំទ្រចិនដូចជាឡាវ និងកម្ពុជា ខណៈដែលប្រទេសផ្សេងទៀត ដូចជាវៀតណាម និងសិង្ហបុរី បានស្វាគមន៍យ៉ាងខ្លាំងខ្លាចំពោះវត្តមានរបស់សហរដ្ឋអាមេរិក ។ ក្នុងនោះ ប្រទេសមួយចំនួននៅតែមិនទាន់បង្ហាញគោលជំហររបស់ខ្លួននៅឡើយក្នុងការគាំទ្រមហាអំណាចមួយណា មានដូចជា ឥណ្ឌូនេស៊ី ថៃ និងម៉ាឡេស៊ី។ អូឃឺស៍ អាចជំរុញឱ្យសមាជិកអាស៊ានកាន់តែពិបាកនៅក្នុងការរក្សាតុល្យភាពរបស់ខ្លួន ក៏ព្រោះតែផលប្រយោជន៍ផ្នែកសេដ្ឋកិច្ច និងសន្តិសុខផ្សេងៗគ្នា។ ការចូលរួមរបស់ប្រទេសសមាជិកអាស៊ានជាមួយមហាអំណាចណាមួយ វាអាចនឹងធ្វើមហាអំណាចផ្សេងមួយទៀត ដាក់សម្ពាធ និងទណ្ឌកម្ម។ ពិតណាស់ថា សមាជិកអាស៊ានមួយចំនួនដែលមានបញ្ហាដែនជម្លោះជាមួយចិន ដូចជា វៀតណាម និងហ្វីលីពីន បានសាទរចំពោះវត្តមានសម្ព័ន្ធមិត្តត្រីភាគីអូឃឺស៍ ។
ដើម្បីជៀសវាងពីគ្រោះថ្នាក់ ឫក៏ប្រែក្លាយឱ្យទៅជាឪកាសចេញពីការប្រកួតប្រជែងមហាអំណាចនយោបាយនេះ ប្រទេសសមាជិកអាស៊ានគួរតែតម្កល់ផលប្រយោជន៍អាស៊ានជាធំ ហើយមិនគួរចូលរួមជាមួយមហាអំណាចមួយក្នុងការប្រឆាំងជាមួយមហាអំណាចមួយផ្សេងទៀតនោះទេ ព្រោះវាអាចប្រែក្លាយប្រទេសនោះទៅជាកូនអុក របស់ពួកមហាអំណាចនៅក្នុងការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ៕
ដោយ៖ សេម វាសនា

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១៣ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី