Connect with us

អត្ថាធិប្បាយ

អត្ថាធិប្បាយ៖ ទំនោរកាន់កាប់ក្បាលម៉ាស៊ីនឃោសនាលើអ៊ីនធើណេត និង​អាជីពព័ត៌មាន​ដ៏រង្គោះរង្គើនៅកម្ពុជា

បានផុស

នៅ

ខណៈដែល​កម្ពុជា មានចុះបញ្ជីប្រព័ន្ធផ្សព្វផ្សាយប្រមាណ​ជា​៣១០ គេហទំព័រនិងទូរទស្សន៍​អន​ឡាញ​​ចំនួន ប្រមាណជា៤០០ ទូរទស្សន៍ចំនួន២០០ ស្ថានីយ៍វិទ្យុចំនួន២២១ និងមាន​ការិយាល័យតំណាងភ្នាក់ងារសារព័ត៌មានបរទេសចំនួន​២២ទីតាំងនោះ​ សំណួរធំនៅពេលនេះគឺថា តើបដិវត្តន៍បច្ចេកវិទ្យា បានជួួយជំរុញ ឬទាញទម្លាក់វិស័យផ្សព្វផ្សាយនៅកម្ពុជា?

របាយការណ៍របស់ statista.com បានបង្ហាញថា ចំនួន​អ្នកទិញ​ទូរសព្ទដៃមកប្រើនៅកម្ពុជា​ ក្នុងចំណោម​ការស្ទង់លើមនុស្ស​១០០នាក់ ដែលរកឃើញត្រឹម៨ភាគរយក្នុងឆ្នាំ​២០០៥ បានឡើងដល់ជាង១២៩% ក្នុងឆ្នាំ២០១៩។

ឥទ្ធិពលនៃព័ត៌មានអនឡាញ​ដែលភាគច្រើនដឹកនាំដោយក្រុមតូចៗខ្វះក្រមសីលធម៌ជំនាញវិជ្ជាជីវៈ

នៅពេលដែល​ក្រុមយុវវ័យ ទំនងជាក្លាយជាក្រុមសក្តានុពលបំផុត ក្នុងការ​នឹងពង្រឹងឥទ្ធិពលនៃសារព័ត៌មាន​អនឡាញនៅកម្ពុជា បែរជា​ភាគរយដ៏ច្រើនក្នុងចំណោមពួកគេ ប្រកាន់យកទស្សនវិស័យ ឱ្យតម្លៃលើវិធីសាស្ត្រទាក់ទាញ និង​ ការក្លែងបន្លំទទួលយកជោគជ័យ​ភ្លាមៗជាជាង ឱ្យតម្លៃលើមូលដ្ឋានគ្រឹះនៃវិជ្ជាជីវៈ។ យុវជនធ្វើការលើបណ្តាញសង្គម​៤នាក់ ក្នុងចំណោម​៥នាក់ដែលយើងបានសាកសួរ រមែងនិយាយអំពីជំនក់ចិត្ត​លើ់ការទាក់ទាញ Like និងshare ឬ Subscriber ជាជាង ការ​ខ្វល់ខ្វាយអំពីគុណភាព​នៃមាតិកា ដែលគួរតែ​បង្កើតឡើង។ ភាគច្រើន​នៃពួកគេ​មិនបាន​ឆ្លងកាត់ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រមសិលធម៌ក្នុងនាមជាអ្នកផ្សព្វផ្សាយ​ទេ ​ហើយអ្វីក៏ដោយ​ឱ្យតែបានចំណូល អាចនឹង​ត្រូវបាន​សាកល្បង។ ទាំងនេះ បានបង្កឱ្យមានសំណួរកាន់តែច្រើនឡើង​ អំពីទំនួលខុសត្រូវ​សម្រាប់ក្រុមហ៊ុនឬបុគ្គល​ ដែល​ផ្សាយព័ត៌មាន​អនឡាញចរាចរណ៍រាល់ថ្ងៃ។

លោកជីព ចិត្ត​និពន្ធនាយកវែបសាយហេឡូគ្រូពេទ្យ ដែលជាវែបសាយផ្តោតច្បាស់លើវិស័យវេជ្ជសាស្ត្របានបញ្ចេញយោបល់ថា «អ្នក​មិន​មាន​ចំណេះដឹង​មូលដ្ឋាន​ផ្នែក​សារព័ត៌មាន ​ពូ​កែ​ខាង​ Social Media គេ​មាន​វិធី​លួច​ចម្លងសាច់​រឿង​ពី​សារព័ត៌មាន​វិជ្ជាជីវៈ​នានា ហើយ​យល់​ច្បាស់​ពី​លក្ខខណ្ឌ​ ដែល​ខាង​បណ្ដាញ​សង្គម​ផ្ដល់​លុយកាក់ ​ពី​ការ​ចុច​ចូល​មើល​។ ការបន្លំ​សាច់រឿង (Clickbait) ដែល​ទាមទារ​ចំណាប់​អារម្មណ៍​មហាជន​ឲ្យ​ចុច​អាន ទាញ​ក្រម​សីលធម៌​សារព័ត៌មាន​ឲ្យ​ធ្លាក់​ថយក្រោយ​ ។​ លោកបន្ថែមថា «ម្ខាងវិញទៀត ទោះអ្នកនោះជាអ្នក​ចេះ ឆ្លង​កាត់​ការ​បណ្ដុះបណ្ដាល​ឬមាន​អាជីព​អ្នក​សារព័ត៌មានបទពិសោធន៍​ខ្លះ​៥ឆ្នាំ ខ្លះ​១០ឆ្នាំក៏ដោយ សុទ្ធ​តែ​មាន​វែបសាយ​ផ្ទាល់​ខ្លួន។ ភាគច្រើនមិនចេះឬមិន​ពូកែ​ផ្នែក​បច្ចេកទេស ឬ​តិចណូឡូជី​អីMonitize ពី​ Facebook ឬ​ Adsen ពី​Youtube កុំ​ថា​ឡើយ​ដល់​ជំនាញ​ផ្នែក​លក់ក៏មិនជោគជ័យដូចគ្នា។ តើ​ជំនាញ​រឹង​របស់​គាត់ មាន​ក្រៅ​ពីសារព័ត៌មាន​និងក្រុមការងារ​មាំទាំ​មាន​ជំនាញ​ឌីជីថលខ្លះទេ? ឌីជីថល វា​លើស​ពី​ការសរសេរ​ដាក់​លើ​វែបសាយ ហើយ​ស៊ែរ​ទៅ​Facebook ឬ​Boost។ ចុះ​ជំនាញ​លក់? ជំនាញ​ទីផ្សារ អាច​វាស់​ដឹង​ពី​ទំនោរ​ទីផ្សារ ទាំង​មាតិកា​រឿង​ត្រូវ​ផ្សាយ ឬ​មាតិកា​អ្នក​ចាយ​លុយ​ផ្សព្វផ្សាយ ជំនាញ IT/Web? ហើយ​ខ្ញុំ​ខ្លួន​ឯង​ហៅ​ទំនោរនេះថា អាជីវកម្ម​ប្រព័ន្ធ ផ្សាយ​មិន​ពេញ​លេញ ឬ​មិន​មាន​ទស្សនវិស័យ​ច្បាស់លាស់ដែលចុងក្រោយ​ក៏នឹង​ដួលអន្តរាយ»។

និន្នាការគំហុគនៃការ​បើកគេហទំព័រផ្ទាល់ខ្លួនសម្រាប់រកប្រាក់ចំណូល

មនុស្សជាច្រើនដែលចាប់ផ្តើម​បង្កើតសេវាកម្មផ្តល់ព័ត៌មាន​លើអនឡាញ មកតែពីជឿថា នឹង​អាច​រកលុយបាន​ពីការផ្សាយពាណិជ្ជកម្ម ការលក់មាតិកាបង់ប្រាក់(PR) ចំណូលពីGoogle Click និង face book instant (ទម្រង់នៃការ​បង្កើតអត្ថបទរហ័ស និងអន្តរកម្មជំរុញនិងលើកស្ទួយចរាចរណ៍ថ្នូរជាមួយប្រាក់)។ល។ ខ្លះទៀត​ជឿថា ​ប្រសិន​បើគេមានឥទ្ធិពលខ្លាំងលើបណ្តាញ​ គេនឹង​អាចរកចំណូលបានក្រែលនិងងាយស្រួល ពីក្រុមដែលចង់ប្រើប្រាស់ឥទ្ធិពលនោះក្នុងគោលបំណងផ្សេងៗ។ តែទោះយ៉ាងណា​ក្តី ក្នុងរូបភាពណាក៏ដោយ ប្រសិន​បើពួកអ្នកកាន់កាប់បណ្តាញទាំងនោះមិនយល់អំពីក្រមសិលធម៌វិជ្ជាជីវៈ ឬមានចេតនា​មិនគោរពតាម ប្រើមាត្រដ្ឋានប្រកួតប្រជែងដែលមិនសុចរិតដូចជា ការលួចចំលង ការវាយប្រហារត្មះតិះដៀលគ្នា ការកុហកបោកប្រាស់សាធារណជន ផលប៉ះពាល់លើសង្គមនឹង​ឈានដល់ដំណាក់កាលទុំជោរ ពិបាកផ្សាំ។

ភាពលេចធ្លោនៃព័ត៌មានវិបផតថលធំ ៗដែលប្រកាន់សីលធម៌វិជ្ជាជីវៈត្រូវទាញទម្លាក់ដោយអ្នកឧបត្ថម្ភធំៗ

បន្ទាប់ពីឥទ្ធិពលខ្លាំងឡើងៗនៃមាតិកាបំពេញចិត្ត ភាពភ្លើតភ្លើន ការបញ្ចេញជម្លោះ រឿងផ្ទាល់ខ្លួន ភាពកំប្លុកកំប្លែង​ទាញទម្លាក់សិលធម៌សង្គម និងការបង្អួតឡូយឆាយបង្កើន​ផ្នត់គំនិតសម្ភារៈនិយម បានជំរុញឱ្យវិស័យពាណិជ្ជកម្ម បំបែរប្រាក់ឧបត្ថម្ភរបស់ពួកគេ​មកលើមាតិកា​ដែលមាន​មនុស្ស​ចរាចរច្រើន​លើអនឡាញជាជាងខ្វល់ថា ប៉ះពាល់ដែរឬអ្វី។ គេហទំព័រដែលលួចចំលងមាតិកា ឬមិនមាន​គុណតម្លៃច្បាស់លាស់ជាស្ថាប័នព័ត៌មាន​ សឹង​ទទួលបានការឧបត្ថម្ភគាំទ្រច្រើនលើសលប់ ជាជាង​ស្ថាប័ន​ដែលមាន​ក្រមសីលធម៌វិជ្ជាជីវៈ ដោយសារ​ទស្សនវិស័យ​នៃផ្នែកពាណិជ្ជកម្មដែលភាគច្រើនកំណត់ថា ទីណាមាន​មនុស្ស​ច្រើន គេដាក់ស្លាកសញ្ញានៃផលិតផល ឬសេវាកម្មនៅទីនោះ។

លោក មៃ សុខលីម និពន្ធនាយកវែបសាយកម្ពុជាថ្មី បានលើកឡើងចំពោះចំណុចនេះ​ដែរថា កម្ពុជា​ត្រូវការ​ផ្លាស់ប្តូរគោលនយោបាយបន្ទាន់និងស៊ីជម្រៅមុនពេល វិបត្តិព័ត៌មាន​មិនពិត មិនមានគុណភាព នៅលើវិបផតថលឬបណ្តាញសង្គម​ដទៃ នឹងក្លាយជាដំបៅមហារីក ។

លោកថា៖ «នៅក្រោម​អំណាចនៃការ​រកប្រាក់មកបន្តដំណើរការស្ថាប័ន ម្នាក់ៗ ត្រួវបង្ខំប្រែប្រួលទៅតាម​អំណាចនៃហិរញ្ញវត្ថុដោយជៀសមិនរួច។ ការ​បង្កើតច្បាប់ សម្រាប់ពិនិត្យលើទំនោរ​ទទួលខុសត្រូវ នៃ​ប្រព័ន្ធផ្សព្វផ្សាយអនឡាញ ឬអ្នកឃោសនា​គ្រប់ប្រភេទ គួរតែជាបញ្ហា​អទិភាព។»

ពេលមួយដែលមនុស្សជាច្រើនប្រជែងគ្នាប្រញាប់ប្រញាល់បង្កើតកម្មវិធីទូរស័ព្ទចល័ត App

ការមាន​កម្មវិធីApp ពិតណាស់ថា ជាក្តីសង្ឃឹមនៃអនាគត​ ព្រោះផតថលនឹងក្លាយជាប្រពៃណីដូចគ្នា។ តែ​នឹងទាក់ទាញអតិថិជនមក Download ឬជាវ ច្រើន ជារឿងគ្មានអ្នកណាម្នាក់ចេះឆ្លើយនៅឡើយទេ។ ការប៉ុនប៉ងចង់មាន​ Appព័ត៌មាន​មួយ ដែលមានឥទ្ធិពល​បម្រើមធ្យោបាយចំណេញប្រាក់ បង្ខំយកប្រាក់ឬ គម្រាម​យកប្រាក់ ឬប្រយោជន៍​ទុច្ចរិតផ្សេងៗផង នឹងជាន់ពន្លេចវិស័យនេះ​ឱ្យទៅជាមហិច្ឆិតាបុគ្គល វង្វេងចេញពី​គុណតម្លៃពិតប្រាកដ រហូតសឹងមនុស្សស្រទាប់មានចំណេះដឹង លែងជឿឬមិនចង់ចំណាយពេលវេលា ដើម្បីអានអត្ថបទព័ត៌មានលើអនឡាញ ដូចជាការធុញទ្រាន់លើហ្វេសប៊ុកនាពេលបច្ចុប្បន្ននេះដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកស្រី ម៉ីសន​ សុធារី អ្នកនិពន្ធ និងជាអ្នកសារព័ត៌មានមានបទពិសោធន៍ បានសង្កត់បញ្ជាក់ត្រង់ណេះថា ទោះបីជានៅក្នុងទម្រង់បែបណាក៏ដោយ​ ការប្រើឌីជីថលជាមធ្យោបាយរកប្រាក់ ទាមទារ​ពេលវេលា​និងជំនឿចិត្ត​លើទីផ្សារ​ តាមរយៈការប្រឹងតស៊ូកសាងស្លាកយីហោ និងបង្កើតការជឿទុកចិត្ត។ ចង់បានរបស់ទាំង២ យើងត្រូវយល់អំពីគុណតម្លៃពិតនៃវិជ្ជាជីវៈរបស់ខ្លួន អាជីវកម្មអនឡាញរបស់ខ្លួន។ អ្នកស្រីពន្យល់បែបនេះថា « ប្រសិនបើ​យើងធ្វើមាតិកាមួយ​ តម្រូវចិត្ត​ក្រុមណាម្នាក់ តាមអ្វី​ដែលគេចង់ដឹងចង់ស្តាប់ ការផ្គាប់ចិត្ត​ក្រុមណាមួយយើងមិនមែន​ជាសារព័ត៌មាន​ទេ យើងជាអ្នកPR (Public Relation ). ជាទូទៅ PRបានលុយ តែក្រុមហ៊ុន​ PR ដែលស្ថិតស្ថេរយូរអង្វែងមែន​ ទាល់តែសរសេរផ្អែកការពិត មិនមែន​យកមនុស្ស​មិនកើតមកសរសេរថា​កើត​ យកផលិតផលអន់ៗមកសរសេរថាលេខមួយ យកតារាដែលគ្មានទេពកោសល្យម្នាក់មកសរសេរថា មានទេពកោសល្យ​នោះឡើយ។ ចំណែក​សារព័ត៌មាន​ ដែលមា​នតួនាទីជាអ្នកផ្តល់ដំណឹង តែងដឹងថា ដំណឹង​តែងតែមិនអាចធ្វើឱ្យគ្រប់គ្នាសប្បាយចិត្ត​បាននោះទេ ចំណែក​កាលដែលហ៊ាន​លុប ឬកែដំណឹង​តាមការស្នើសុំជាថ្នូរលុយកាក់​ ឬព្រោះបក្សពួក បនភឿន ដែលឧបត្ថម្ភខ្លួន គឺយើងលែងមានគុណតម្លៃជាសារព័ត៌មាន​ទៀតហើយ គួរមកធ្វើជាអ្នកPR ដូចខ្ញុំនិយាយមុននេះ»។

នៅក្នុងជំពូក ២ មាត្រា ៧ នៃច្បាប់សារព័ត៌មានឆ្នាំ ១៩៩៥ ចែងថា អ្នកសារព័ត៌មាន ហាមលួចចម្លងគំនិត ស្នាដៃរបស់អ្នកដទៃមកដាក់ថា ជារបស់ខ្លួន ឬបន្លំឲ្យគេយល់ខុស ដូចជាការសរសេបញ្ឆិតបញ្ឆៀង ដើម្បីឲ្យអ្នកអានមានការសង្ស័យលើបុគ្គល ឬក្រុមណាមួយ ព្រមទាំងការមួលបង្កាច់ បរិហារកេរ្តិ៍ និងការជេរប្រមាថ ជាដើម។ ក្រសួងជំនាញ​នេះក៏កំពុងពិចារណា ធ្វើវិសោធនកម្មច្បាប់សារព័ត៌មានឲ្យសមស្របនឹងស្ថានភាពបច្ចុប្បន្នដែរ។

វង្ស បុត្រា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម