ព័ត៌មានជាតិ
អ្នកនាំពាក្យក្រសួងព័ត៌មាន៖ ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ មិនត្រូវស្ថិតត្រឹមលើបបូរមាត់ទេ តែត្រូវមានការវាស់វែង
កម្ពុជា បានបើកយ៉ាងទូលាយដល់បណ្តាអង្គភាពសារព័ត៌មាន និងអ្នកសារព័ត៌មាន ក្នុងការធ្វើសកម្មភាពប្រមូលព័ត៌មាន និងផ្សព្វផ្សាយព័ត៌មានពិតដល់សាធារណជន។ លោក ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មានបានអះអាងថា អង្គភាពសារព័ត៌មាន និងអ្នកសារព័ត៌មានជាច្រើននៅកម្ពុជា កំពុងធ្វើសកម្មភាពរបស់ខ្លួនដោយឯករាជ្យ និងផ្សព្វផ្សាយព័ត៌មានរបស់ខ្លួនដោយសេរី មិនមានការរិតត្បិត ឬគាបសង្កត់ណាមួយឡើយ។ មិនតែប៉ុណ្ណោះ លោកក៏គូសរំលេចឱ្យដឹងដែរថា ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ឬមិនឯករាជ្យ មិនមែនស្ថិតនៅលើមាត់ចេះតែថា ចេះតរែនិយាយនោះទេ ពោល គឺត្រូវមានការវាស់វែងត្រឹមត្រូវ។

បច្ចុប្បន្ន នៅកម្ពុជា ទាំងប្រព័ន្ធផ្សព្វផ្សាយរដ្ឋ និងឯកជន ដែលប្រកាន់ខ្ជាប់ក្រមសីលធម៌វិជ្ជាជីវៈ និងគោលការណ៍សុចរិតភាព សុទ្ធសឹងរួមចំណែកក្នុងការលើកកម្ពស់ការអភិវឌ្ឍវិស័យព័ត៌មាន និងចូលរួមយ៉ាងសកម្មក្នុងការលើកតម្កើងសិទ្ធិបញ្ចេញមតិ និងសេរីភាពសារព័ត៌មាននៅកម្ពុជា។ ជាក់ស្តែង អ្នកសារព័ត៌មានចំនួនប្រមាណ៨០% ក្នុងចំណោមអ្នកដែលបានចូលរួមសរុបក្នុងការស្ទង់មតិឆ្នាំ២០២៤ ស្តីពីស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា (របាយការណ៍_ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា FINAL_2.pdf) បានអះអាងថា ខ្លួនមានសេរីភាពពេញលេញក្នុងការប្រកបអាជីពជាអ្នកសារព័ត៌មាន ដោយមានភាពងាយស្រួល និងសុវត្ថិភាព និងដោយឯករាជ្យភាព ក្នុងការប្រមូលព័ត៌មានពីប្រភពផ្សេងៗសម្រាប់ការសរសេរ ផលិត និងផ្សព្វផ្សាយព័ត៌មានរបស់ខ្លួនដោយសេរី។ នេះ គឺជាគូសបញ្ជាក់របស់អ្នកនាំពាក្យក្រសួងព័ត៌មាន ការឆ្លើយតបទៅនឹងមតិមួយចំនួនតូចដែលបានបង្ហាញក្តីបារម្ភអំពីការធ្លាក់ចុះនូវសារព័ត៌មានឯករាជ្យ។

លោក ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មាន បានពន្យល់បន្ថែមថា ទិន្នន័យឆ្នាំ២០២៣របស់ក្រសួងព័ត៌មាន បានបង្ហាញថា កម្ពុជាសព្វថ្ងៃ មានអង្គភាពសារព័ត៌មានចំនួនជាងពីរពាន់អង្គភាព ហើយមានអ្នកសារព័ត៌មានចំនួនប្រមាណមួយម៉ឺននាក់ ទាំងប្រព័ន្ធផ្សព្វផ្សាយប្រពៃណី និងទំនើប បាន និងកំពុងអនុវត្តការងារចុះយកព័ត៌មាន ផលិត និងផ្សព្វផ្សាយព័ត៌មានគ្រប់ទម្រង់ ក៏ដូចជាធ្វើសេចក្ដីរាយការណ៍ព័ត៌មាននានាបានដោយសេរី គ្រប់ពេលវេលា ដោយសុវត្ថិភាព តាមវិជ្ជាជីវៈខ្លួនដោយតម្លាភាព ហើយទទួលបានការទុកចិត្ត និងការគាំទ្រពីសាធារណជនគ្រប់មជ្ឈដ្ឋានទាំងអស់។ សកម្មភាពទាំងនេះ បាន និងកំពុងចូលរួមយ៉ាងសកម្មក្នុងការធានាការទទួលព័ត៌មានរបស់ប្រជាជននៅទូទៅប្រទេស ប្រកបដោយគុណភាព និងសុវត្ថិភាព សម្រាប់ផ្តល់ព័ត៌មានពិត គ្រប់ជ្រុងជ្រោយ ព្រមទាំងផ្តល់ចំណេះដឹងសម្បូរបែបលើគ្រប់វិស័យក្នុងសង្គម ស្របតាមតម្រូវការប្រចាំថ្ងៃ និងគាំទ្រដល់ការធ្វើការសម្រេចចិត្តត្រឹមត្រូវក្នុងការលើកកម្ពស់ជីវភាពរស់នៅបានកាន់តែប្រសើរ។ នេះបើតាមអ្នកនាំពាក្យក្រសួងព័ត៌មាន។
នៅក្នុងឆ្នាំ២០២៤នេះ ក្រសួងព័ត៌មានបានចេញផ្សាយ«របាយការណ៍ស្តីពីស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា» ក្រោយពីក្រសួងបានចំណាយពេលវេលាក្នុងការសិក្សាយ៉ាងម៉ត់ចត់ ដោយផ្អែកលើមូលដ្ឋាន និងវិធីសាស្ត្រស្រាវជ្រាវបែបវិទ្យាសាស្ត្រដែលមានការទទួលស្គាល់ ព្រមទាំង មានការចូលរួមពីសំណាក់អ្នកសារព័ត៌មាននៅទូទាំងប្រទេស បុគ្គលសំខាន់ៗ និងតំណាងក្នុងវិស័យព័ត៌មានពីគ្រប់មជ្ឈដ្ឋានក្នុងប្រទេសកម្ពុជា។ ការសិក្សានេះ បានទទួលការសាទរពីស្ទើរគ្រប់មជ្ឈដ្ឋានក្នុងសង្គម ក៏ដូចជាពីសំណាក់ថ្នាក់ដឹកនាំក្នុងស្ថាប័ននីតិបញ្ញត្តិ និងរាជរដ្ឋាភិបាលទៀតផង។
លទ្ធផលនៃការសិក្សានេះ បានបង្ហាញថា អ្នកសារព័ត៌មានចំនួន ៧៩,៨% ក្នុងចំណោមអ្នកចូលរួមក្នុងការស្ទង់មតិសរុប បានឆ្លើយថា សេរីភាពសារព័ត៌មាននៅកម្ពុជាមានភាពល្អប្រសើរ និងមានភាពសម្បូរបែបទាំងប្រព័ន្ធផ្សព្វផ្សាយប្រពៃណី និងទំនើប។ សម្រាប់លោក ទេព អស្នារិទ្ធ តាមរយៈការសិក្សានេះ កម្ពុជាបានបង្ហាញភាពជាម្ចាស់លើការអភិវឌ្ឍវិស័យព័ត៌មានប្រកបដោយបរិយាបន្ន ព្រោះការសិក្សានេះ ជាការស្រាវជ្រាវ និងវាយតម្លៃលើស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជាដោយកម្ពុជាខ្លួនឯងផ្ទាល់ និងដោយមានការចូលរួមពីអ្នកសារព័ត៌មាន និងតួអង្គពាក់ព័ន្ធទាំងអស់ក្នុងវិស័យព័ត៌មាន។

ដោយឡែក ទាក់ទងនឹងសារព័ត៌មានឯករាជ្យ ក៏មានមតិមួយចំនួនផ្សេងទៀតបានចោទសួរវិញដែរថា តើគេមានអីសម្រាប់វាស់វែងដែរ ឬទេ? ឬវាអាចគ្រាន់តែជាលេស ដើម្បីគាំទ្ររបៀបវារៈផ្សេងទៅវិញ ហើយផ្ទុយទៅវិញបានមើលរំលងស្ថានភាពពិតនាពេលបច្ចុប្បន្នរបស់កម្ពុជា ជាពិសេស គឺភាពល្អប្រសើរនៃស្ថានភាពសេរីភាពសារព័ត៌មាន ក៏ដូចជា ហាក់មិនបានផ្តល់តម្លៃចំពោះកិច្ចខិតខំរបស់រាជរដ្ឋាភិបាល និងសមិទ្ធផលដែលក្រសួងព័ត៌មានសម្រេចបាន ទាំងក្នុងក្របខណ្ឌនៃការអនុវត្តគោលនយោបាយអាទិភាពរបស់ក្រសួង និងក្នុងក្របខណ្ឌនៃកិច្ចសហការជាមួយបណ្តាភាគីរដ្ឋ និងឯកជនពាក់ព័ន្ធទាំងអស់ក្នុងវិស័យព័ត៌មាន សំដៅគាំទ្រភាពជោគជ័យលើការអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាល។
រីឯសារព័ត៌មានមួយចំនួនដែលបានទទួលមូលនិធិពីបរទេស គឺបានបម្រើរបៀបវារៈនយោបាយរបស់បរទេសដែលផ្តល់មូលនិធិនោះ តែបែរជាមកអះអាងថា ខ្លួនជាអ្នកឯករាជ្យ ហើយបានក្រឡៃភាពល្អប្រសើរនៃសេរីភាពសារព័ត៌មាននៅកម្ពុជា ថាធ្លាក់ចុះទៅវិញ។ ត្រង់ចំណុចនេះ លោក ទេព អស្នារិទ្ធ បានចោទជាសំណួរថា តើនេះជារូបភាពគីង្គក់លក់ថ្នាំស្រែងឬ? ដូចគ្នានេះដែរ ចំពោះការលើកឡើងអំពីស្ថានភាពលំបាកដែលប្រព័ន្ធផ្សព្វផ្សាយបានជួបប្រទះ បញ្ហានេះ មិនមែនជារឿងដោយឡែកសម្រាប់កម្ពុជាទេ ពោល គឺជាក្តីបារម្ភរួមទាំងសម្រាប់កម្ពុជា ក៏ដូចជាបណ្តាប្រទេសនានាក្នុងតំបន់ផងដែរ ជាពិសេសពាក់ព័ន្ធនឹងការបិទទ្វារ ឬ ការផ្អាកដំណើរការរបស់សារព័ត៌មានមួយចំនួន ដែលជាផលវិបាកកើតចេញពីរបត់នៃការវិវត្តក្នុងវិស័យបច្ចេកវិទ្យា និងឥទ្ធិពលនៃបរិវត្តកម្មឌីជីថល។ និន្នាការបែបនេះ មិនមែនកើតឡើងតែនៅកម្ពុជាទេ ពោល គឺវាក៏បានកើតឡើងតាមបណ្តាប្រទេសក្នុងតំបន់ និងលើពិភពលោកផងដែរ។

ក្នុងនាមក្រសួងព័ត៌មាន លោក ទេព អស្នារិទ្ធ បានអំពាវនាវដល់អង្គភាពសារព័ត៌មាន និងអ្នកសារព័ត៌មានទាំងអស់ឱ្យបន្តលើកកម្ពស់ការគោរពក្រមសីលធម៌វិជ្ជាជីវៈ ពង្រឹងការអនុវត្តតួនាទី និងភារកិច្ចដោយគោរពច្បាប់ស្តីពីរបបសារព័ត៌មាន ក៏ដូចជាកសាង និងរក្សាទំនាក់ទំនងល្អជាមួយប្រភពព័ត៌មាន ក្នុងនោះ មានអ្នកនាំពាក្យតាមក្រសួង-ស្ថាប័ន អាជ្ញាធរមានសមត្ថកិច្ច និងភាគីផ្សេងៗទៀត ដោយត្រូវបំពេញភារកិច្ចខ្លួនក្នុងក្របខណ្ឌដែលច្បាប់កំណត់ ហើយមិនត្រូវអនុវត្តលើសពីតួនាទីខ្លួនជាអ្នកសារព័ត៌មានឡើយ។ ជាងនេះទៀត អ្នកសារព័ត៌មាន និងអង្គភាពសារព័ត៌មាន ត្រូវបង្កើនភាពធន់នឹងការវិវត្តផ្នែកឌីជីថល បន្តដុសខាត់បន្ថែមទៀតនូវសមត្ថភាពជំនាញ ដើម្បីបន្តចូលរួមយ៉ាងសកម្មក្នុងការផ្សព្វផ្សាយព័ត៌មានពិត ជាមួយខ្លឹមសារប្រកបដោយគុណភាព គ្រប់ជ្រុងជ្រោយ មានប្រភពច្បាស់លាស់ និងមានតុល្យភាពព័ត៌មាន ដើម្បីធានាភាពជឿជាក់ និងទុកចិត្តបានពីសំណាក់ប្រជាជន សង្គមជាតិទាំងមូល សម្រាប់រួមចំណែកលើកកម្ពស់វិស័យព័ត៌មានជាអំណាចទី៤ក្នុងសង្គម និងគាំទ្រដល់ការការពារថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា៕

-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២២ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៣ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ