Connect with us

ព័ត៌មានអន្ដរជាតិ

ក្រុម​ទំនើង​ហៃទី​ទារ​ប្រាក់​១៧​លាន​ដុល្លារ​ជា​ថ្នូរ​​ដោះ​លែងមនុស្ស​១៧​នាក់​ដែលពួកគេចាប់​កាល​ពីថ្ងៃសៅរ៍

បានផុស

នៅ

ក្រុម​ទំនើង​ហៃទី​ដែល​បាន​ចាប់​ពង្រត់​​មនុស្ស​​មួយ​ក្រុម​ជា​​អ្នក​ផ្សព្វផ្សាយ​សាសនា​គ្រឹស្ថ​​ជា​ជន​ជាតិ​អាមេរិក និង​កាណាដា​បាន​ទារ​ប្រាក់​ប្រមាណ​១៧លាន​ដុល្លារ​ ឬ​១លាន​ដុល្លារ​សម្រាប់​មនុស្ស​ម្នាក់ ប្រសិន​បើ​ចង់​ឲ្យ​​​ដោះ​លែងពួក​គេ។ នេះ​បើ​យោង​តាម​មន្ត្រី​កំពូល​ម្នាក់របស់​ហៃទី។

រដ្ឋ​មន្ត្រី​ក្រសួង​​យុត្តិធម៌ហៃទី​ លោក Liszt Quitel បាន​ឲ្យ​ដឹង​ថា ការចរចាកំពុង​ដំណើរ​ការ​ជាមួយ​ក្រុម​ទំនើង​ជា​អ្នក​ចាប់​ពង្រត់​ដើម្បី​ធ្វើ​យ៉ាង​ណា​ឲ្យ​ដោះ​លែង​​ក្រុម​ផ្សព្វផ្សាយ​សាសាន​គ្រឹស្ថ​ទាំង​នោះ​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ចុង​សប្តាហ៍​កន្លង​ទៅ​នៅខាង​ក្រៅ​ទី​ក្រុង Port-au-Prince ដោយ​ក្រុម​ទំនើង 400 Mawozo។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​រដ្ឋ​មន្ត្រី​បាន​បញ្ជាក់​ពី​តម្លៃ​ដោះ​លែង​ថា ៖«ពួក​គេ​ទារ​ប្រាក់​១​លាន​ដុល្លារ​ជា​ថ្នូរ​នឹង​ដោះ​លែង​មនុស្ស​ម្នាក់»។

ក្រុម​ទំនើង​បាន​ចាប់​ពង្រត់​ក្រុម​អ្នក​ផ្សព្វផ្សាយសាសនា​គ្រឹស្ថ​ Christian Aid Ministries កាល​ពី​​ថ្ងៃ​សៅរ៍ ហើយ​ភ្លាម​ៗ​នោះ​ ពួក​គេផ្តល់​ដំណឹង​​ពី​ចំនួន​ទឹក​ប្រាក់​ដែល​ពួក​គេ​ចង់​បាន​ដើម្បី​ជា​ថ្នូរ​នឹង​ការ​ដោះ​លែង​មនុស្ស។ លោក​រដ្ឋ​មន្ត្រី​ថា ក្រុម FBI អាមេរិក និង​ប៉ូលិស​ហៃទី​​បានកំពុង​ផ្តល់​ដំបូន្មាន​ដល់​ក្រុម​នេះ​ក្នុង​ការ​ចរចា។

លោក​បាន​ឲ្យ​ដឹង​ថា មាន​ការ​ហៅ​ទូរសព្ទ​ជា​ច្រើន​រវាង​ក្រុម​ចាប់​ពង្រត់ និង​ក្រុម​បេសកកម្ម​សាសនា​បាន​ធ្វើ​ឡើង​ចាប់​តាំង​ពី​ការ​បាត់​ខ្លួន​របស់​ពួក​គេ។

ក្រុម​សាសនា Christian Aid Ministries ដែល​មាន​មូលដ្ឋាន​ស្ថិត​នៅ​ទី​ក្រុង​ Ohio បាន​អំពាវ​នាវ​ឲ្យ​អ្នក​អធិដ្ឋាន​សម្រាប់អាជ្ញាធរ​ស៊ីវិល​ហៃទី និង​អាមេរិក​ដែល​កំពុង​ធ្វើ​ការ​ដោះ​ស្រាយ​ស្ថានភាព​នេះ។

អង្គការ​របស់បេសកកម្ម​បាន​និយាយ​ថា ក្នុង​ចំណោម​ជន​ជាតិ​​អាមេរិក​១៦​នាក់ និង​កាណាដា​១​នាក់​គឺ​មាន​កុមារ​៥​នាក់​ ក្នុង​នោះ​មាន​ទារក​អាយុ​៨​ខែ​ម្នាក់​ផង។ ពួក​គេ​ត្រូវ​បាន​ចាប់​ពង្រត់​នៅតំបន់ Croix-des-Bouquets ដែល​មាន​ចម្ងាយ​១៣​គីឡូម៉ែត្រ​ពី​ទី​ក្រុង​ដែល​​​សំបូរ​ក្រុម​ទំនើង 400 Mawozo៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ CNN

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម