ហ្វីលីពីនស្គាល់អត្តសញ្ញាណបុរសនៅក្នុងបន្ទប់ដែលនារីអូតែស ស្លាប់
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានអន្ដរជាតិ

ហ្វីលីពីនស្គាល់អត្តសញ្ញាណបុរសនៅក្នុងបន្ទប់ដែលនារីអូតែស ស្លាប់

Published

on

ការិយាល័យស៊ើបអង្កេតជាតិហ្វីលីពីន (NBI) ឥឡូវនេះ ដឹងពីអត្តសញ្ញាណរបស់បុរសនៅក្នុងបន្ទប់លេខ២២០៧នៃសណ្ឋាគារ City Grand Hotel ហើយ។ វាជាបន្ទប់ដែលនារីអូតែសឈ្មោះ Christine Dacera និងមិត្តភក្តិរបស់នាង បានចូលរួមពិធីជប់លៀងឆ្លងឆ្នាំថ្មី មុនពេលនាងត្រូវបានគេប្រទះឃើញស្លាប់។

ព័ត៌មាននេះត្រូវបានបញ្ជាក់ប្រាប់ CNN Philippines ដោយរដ្ឋមន្ត្រីក្រសួងយុត្តិធម៌លោក Menardo Guevarra ប៉ុន្តែលោកបាននិយាយថា លោកនឹងមិនបង្ហាញឈ្មោះរបស់ពួកគេទេរហូតដល់ពួកគេត្រូវបានកោះហៅ។

NBI កំពុងធ្វើការស៊ើបអង្កេតផ្ទាល់របស់ខ្លួនខណៈសំណួរអំពីមូលហេតុនៃការស្លាប់របស់ Dacera នៅតែគ្មានចម្លើយ។

ក្រុមគ្រួសាររបស់ Dacera និងអគ្គស្នងការនគរបាលជាតិហ្វីលីពីនលោក Debold Sinas បានអះអាងថា នាងត្រូវបានគេចាប់រំលោភហើយវាអាចបណ្តាលឲ្យនាងស្លាប់។ ទោះយ៉ាងណា ការអះអាងនេះមិនត្រូវបានគាំទ្រដោយការរកឃើញខាងវេជ្ជសាស្ត្រផ្លូវការទេ ដែលចង្អុលបង្ហាញថា ជំងឺប៉ោងសរសៃឈាមគឺជាមូលហេតុនៃការស្លាប់របស់នាង។

ក្រសួងយុត្តិធម៌បានចេញដីកាស៊ើបអង្កេតទៅ NBI ព្រោះការស៊ើបអង្កេតដំបូងរបស់ប៉ូលិសក្រុង Makati គឺមិនទាន់គ្រប់គ្រាន់នៅឡើយទេ។

ការខ្វះភ័ស្តុតាងក៏នាំឲ្យរដ្ឋអាជ្ញាក្រុង Makati បញ្ជាឲ្យដោះលែងជនសង្ស័យ៣នាក់ បន្ទាប់ពីត្រូវប៉ូលិសចាប់ឃុំឃាំងក៏ដូចជាដកពាក្យបណ្តឹងប្រឆាំងនឹងបុគ្គលមួយចំនួនផ្សេងទៀតផងដែរ។ រដ្ឋអាជ្ញាបានបញ្ជាឲ្យមានការស៊ើបអង្កេតបឋមបន្ថែមទៀត។

ក្រៅពី NBI, ការិយាល័យប្រចាំតំបន់រដ្ឋធានី (NCRPO) ក៏បានបង្កើតក្រុមការងារស៊ើបអង្កេតពិសេស ដើម្បីទទួលបានភស្តុតាងបន្ថែមទៀតផងដែរ។

យោងតាមអ្នកនាំពាក្យ NCRPO លោកស្រី Jenny Tecson បានឲ្យដឹងថា ពួកគេកំពុងប្រឈមនឹងបញ្ហាដ៏ធំមួយនៅពេលដែលសាកសពជនរងគ្រោះ ត្រូវបានគេអប់កុំឲ្យស្អុយមុនពេលធ្វើកោសល្យវិច័យ។

លោកស្រីនិយាយថា ការអប់សាកសពនេះអាចលុបឬបំផ្លាញភ័ស្តុតាងដែលមានសក្តានុពល៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ CNN Philippines

ចុចអាន៖ លទ្ធផលកោសល្យវិច័យលើនារីបម្រើការតាមយន្តហោះហ្វីលីពីន

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services