ពិភពលោកថ្កោលទោសរដ្ឋប្រហារយោធានៅ មីយ៉ាន់ម៉ា
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានអន្ដរជាតិ

ពិភពលោកថ្កោលទោសរដ្ឋប្រហារយោធានៅ មីយ៉ាន់ម៉ា

Published

on

នៅថ្ងៃចន្ទទី០១ខែមករានេះ យោធាមីយ៉ាន់ម៉ាបានឃុំខ្លួនមេដឹកនាំលោកស្រី អ៊ុង សានស៊ូជី, លោកប្រធានាធិបតី Win Myint និងឥស្សរជនជាន់ខ្ពស់ដទៃទៀតមកពីគណបក្សដែលគ្រប់គ្រងប្រទេស ដោយដណ្តើមអំណាចនៅក្នុងរដ្ឋប្រហារមួយ ពោលគឺរយៈពេលតិចជាង១០ឆ្នាំបន្ទាប់ពីបានប្រគល់អំណាចទៅឲ្យរដ្ឋាភិបាលស៊ីវិល។

យោធានិយាយថា ការសម្រេចឃុំខ្លួននេះគឺដើម្បីឆ្លើយតបទៅនឹងការក្លែងបន្លំនៅក្នុងការបោះឆ្នោតសកលកាលពីខែវិច្ឆិកាកន្លងទៅ ដែលគណបក្សសម្ព័ន្ធដើម្បីលទ្ធិប្រជាធិបតេយ្យរបស់លោកស្រី ស៊ូជី បានទទួលជ័យជម្នះភ្លូកទឹកភ្លូកដី។

សេចក្តីថ្លែងការណ៍មួយនៅលើកញ្ចក់ទូរទស្សន៍ដែលគ្រប់គ្រងដោយយោធាបាននិយាយថា លោកឧត្តមសេនីយ៍ Min Aung Hlaing ឥឡូវនេះ បានគ្រប់គ្រងប្រទេសហើយថា ច្បាប់ប្រទេសក្នុងភាពអាសន្នត្រូវបានដាក់រយៈពេលមួយឆ្នាំ។

ខាងក្រោមនេះគឺជាប្រតិកម្មពីរដ្ឋាភិបាល ក្រុមសិទ្ធិមនុស្សនិងអ្នកផ្សេងទៀតនៅជុំវិញពិភពលោក។

ប្រទេស អូស្ត្រាលី

រដ្ឋមន្រ្តីក្រសួងការបរទេសអូស្រ្តាលីលោកស្រី Marise Payne បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសេចក្តីរាយការណ៍ថា យោធាមីយ៉ាន់ម៉ាកំពុងតែព្យាយាមដណ្តើមកាន់កាប់ប្រទេសមីយ៉ាន់ម៉ាជាថ្មីម្តងទៀតនិងបានឃុំខ្លួនទីប្រឹក្សារដ្ឋ លោកស្រី Daw Aung San Suu Kyi និងលោកប្រធានាធិបតី U Win Myint”។

លោកស្រីនិយាយថា “យើងសូមអំពាវនាវឲ្យយោធា គោរពនីតិរដ្ឋ, ដោះស្រាយវិវាទតាមរយៈយន្តការស្របច្បាប់និងដោះលែងមេដឹកនាំស៊ីវិលទាំងអស់និងអ្នកផ្សេងទៀតដែលត្រូវបានឃុំខ្លួនដោយខុសច្បាប់”។

សហរដ្ឋអាមេរិក

អ្នកនាំពាក្យប្រធានាធិបតីអាមេរិក Joe Biden បាននិយាយថា ទីក្រុងវ៉ាស៊ីនតោនមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះរបាយការណ៍ដែលថា កងទ័ពមីយ៉ាន់ម៉ាកំពុងធ្វើឲ្យអន្តរាយដល់ដំណើរការលទ្ធិប្រជាធិបតេយ្យរបស់ប្រទេសក៏ដូចជាការចាប់ខ្លួនលោកស្រី ស៊ូជីនិងមេដឹកនាំស៊ីវិលផ្សេងទៀតផងដែរ។

ក្នុងសេចក្តីថ្លែងការណ៍មួយលោកស្រី Jen Psaki បាននិយាយថា “សហរដ្ឋអាមេរិកសូមប្រឆាំងនឹងការប៉ុនប៉ងណាមួយដើម្បីផ្លាស់ប្តូរលទ្ធផលនៃការបោះឆ្នោតនាពេលថ្មីៗនេះ ឬរារាំងដំណើរការប្រជាធិបតេយ្យរបស់មីយ៉ាន់ម៉ាហើយនឹងចាត់វិធានការប្រឆាំងនឹងអ្នកទទួលខុសត្រូវប្រសិនបើរឿងទាំងនេះមិនផ្លាស់ប្តូរ”។

ស្របពេលជាមួយគ្នានោះ រដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិកលោក Antony J Blinken ក៏បានបង្ហាញនូវការព្រួយបារម្ភយ៉ាងខ្លាំងផងដែរក្នុងសេចក្តីថ្លែងការណ៍មួយ និងបានជំរុញឲ្យយោធាផ្លាស់ប្តូរសកម្មភាពរបស់ខ្លួនជាបន្ទាន់។

លោកនិយាយថា “យើងសូមអំពាវនាវដល់មេដឹកនាំយោធាមីយ៉ានម៉ាឲ្យដោះលែងមន្ត្រីរដ្ឋាភិបាលនិងមេដឹកនាំសង្គមស៊ីវិលទាំងអស់ ហើយគោរពឆន្ទៈរបស់ប្រជាជនមីយ៉ាន់ម៉ាដូចដែលបានបង្ហាញនៅក្នុងការបោះឆ្នោតតាមបែបប្រជាធិបតេយ្យកាលពីថ្ងៃទី៨ខែវិច្ឆិកា។ សហរដ្ឋអាមេរិកឈរជាមួយប្រជាជនមីយ៉ាន់ម៉ា នៅក្នុងសេចក្តីប្រាថ្នារបស់ពួកគេចំពោះលទ្ធិប្រជាធិបតេយ្យ សេរីភាព សន្តិភាពនិងការអភិវឌ្ឍ”។

អង្គការសហប្រជាជាតិ

អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានថ្កោលទោសយ៉ាងខ្លាំងចំពោះការឃុំខ្លួនមេដឹកនាំស៊ីវិលរបស់មីយ៉ាន់ម៉ា មុនថ្ងៃបើកសម័យប្រជុំសភាថ្មីរបស់ប្រទេសនេះ។

លោកក៏បានសម្តែងនូវការព្រួយបារម្ភយ៉ាងខ្លាំងផងដែរចំពោះការប្រកាសអំពីការផ្ទេរអំណាចនីតិបញ្ញត្តិ នីតិប្រតិបត្តិនិងអំណាចតុលាការទៅឲ្យយោធា។ ការិវត្តទាំងនេះបានបង្ហាញពីការប៉ះទង្គិចយ៉ាងធ្ងន់ធ្ងរដល់កំណែទម្រង់លទ្ធិប្រជាធិបតេយ្យនៅមីយ៉ាន់ម៉ា។

ប្រទេស ឥណ្ឌា

ក្រសួងការបរទេសឥណ្ឌានិយាយថា ខ្លួនបានកត់សម្គាល់ការវិវត្តនៅប្រទេសមីយ៉ាន់ម៉ាដោយក្តីបារម្ភយ៉ាងខ្លាំង។

“ឥណ្ឌាតែងតែគាំទ្រជានិច្ចដល់ដំណើរការនៃការផ្លាស់ប្តូរប្រជាធិបតេយ្យនៅមីយ៉ាន់ម៉ា។ យើងជឿជាក់ថា និតិរដ្ឋនិងដំណើរការប្រជាធិបតេយ្យត្រូវតែប្រកាន់ខ្ជាប់។ យើងកំពុងតាមដានស្ថានការណ៍នេះយ៉ាងដិតដល់”។

ប្រទេស សិង្ហបុរី

ក្រសួងការបរទេសសិង្ហបុរីបានជំរុញឲ្យគ្រប់ភាគីទាំងអស់នៅក្នុងប្រទេសមីយ៉ាន់ម៉ា បង្ហាញការអត់ធ្មត់។

ក្រសួងបាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា “សិង្ហបុរីសូមសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងអំពីស្ថានភាពចុងក្រោយនៅក្នុងប្រទេសមីយ៉ាន់ម៉ា។ យើងកំពុងតាមដានស្ថានការណ៍នេះយ៉ាងយកចិត្តទុកដាក់ហើយសង្ឃឹមថា គ្រប់ភាគីពាក់ព័ន្ធនឹងអត់ធ្មត់ បន្តកិច្ចសន្ទនានិងធ្វើការឆ្ពោះទៅរកលទ្ធផលវិជ្ជមាននិងសន្តិភាព។

អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស (HRW)

លោក Brad Adams នាយកប្រចាំតំបន់អាស៊ីរបស់ HRW បានអំពាវនាវឲ្យមានការដោះលែងជាបន្ទាន់និងដោយគ្មានលក្ខខណ្ឌចំពោះលោកស្រីស៊ូជីនិងអ្នកផ្សេងទៀតដែលត្រូវបានឃុំខ្លួនដោយខុសច្បាប់។

លោកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “សកម្មភាពរបស់យោធាបានបង្ហាញការស្អប់ខ្ពើមទាំងស្រុងចំពោះការបោះឆ្នោតប្រជាធិបតេយ្យដែលធ្វើឡើងកាលពីខែវិច្ឆិកានិងសិទ្ធិរបស់ប្រជាជនមីយ៉ាន់ម៉ាក្នុងការជ្រើសរើសរដ្ឋាភិបាលរបស់ខ្លួន”។

“យើងមានការព្រួយបារម្ភជាពិសេសចំពោះសុវត្ថិភាពនិងសន្តិសុខរបស់សកម្មជននិងអ្នករិះគន់យោធាដទៃទៀតដែលអាចត្រូវបានចាប់ខ្លួន។ យោធាគួរតែទទួលស្គាល់ថា ខ្លួននឹងត្រូវទទួលខុសត្រូវចំពោះសកម្មភាពរបស់ខ្លួនរួមទាំងការធ្វើបាបអ្នកជាប់ឃុំនិងការប្រើប្រាស់កម្លាំងហួសប្រមាណផងដែរ។ យើងសូមទទូចដល់រដ្ឋាភិបាលដែលពាក់ព័ន្ធឲ្យចេញមកប្រឆាំងនឹងសកម្មភាពរបស់យោធានិងពិចារណាដាក់ទណ្ឌកម្ម ប្រឆាំងនឹងអ្នកទទួលខុសត្រូវទាំងនោះ”៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Al Jazeera

ចុចអាន៖ យោធាមីយ៉ាន់ម៉ាប្រកាសរៀបចំការបោះឆ្នោត ក្រោយបញ្ចប់ការដាក់ប្រទេសក្នុងគ្រាអាសន្ន

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services