Connect with us

ព័ត៌មានអន្ដរជាតិ

មកស្គាល់ បុរសជួយពិភពលោក បញ្ចៀសមិនឲ្យផ្ទុះសង្គ្រាមនុយក្លេអ៊ែរ តែគ្រប់គ្នាមិនសូវបានដឹង

បានផុស

នៅ

លោក​​ Stanislav Petrov ឋានៈ​ជា​វីរសេនីយ៍​ទោ​ (សក្តិ៤កន្លះ) នៅ​ក្នុង​​អតីត​កង​ទ័ព​​ការពារ​ដែន​អាកាស​នៃ​​អតីត​សហភាព​សូវៀត​ ត្រូវ​បាន​សារព័ត៌មាន​អង់គ្លេស ​BBC គាស់​កកាយ​រំឭក​ពី​ហេតុការណ៍​​ពិសេស​មួយ​ដែលត្រូវបានគេចាត់ទុកថាជា​ការ​សម្រេចដ៏​​ត្រឹមត្រូវរបស់អតីត​​វីរសេនីយ៍​​រូប​នេះ​​ ហើយក៏​ជា​​ការ​ជួយ​ពិភព​លោក​​ទាំង​មូល​ចៀស​ផុត​​ពី​ភ្លើង​សង្គ្រាម​អាវុធ​​នុយក្លេអ៊ែរ​ផងដែរ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សារព័ត៌មាន​ខាង​លើ​បាន​​​រៀប​រាប់​​ជា​សង្ខេប​​ ដោយ​ត្រឡប់​ទៅ​កាន់​ព្រឹត្តិការណ៍​ព្រឹក​ព្រលឹម​​​ថ្ងៃ​ទី​២៦ ​ខែ​កញ្ញា ឆ្នាំ​១៩៨៣​ ​ លោក​វីរសេនីយ៍​ Petrov មានតួនាទី​ប្រចាំ​ការ​ពិនិត្យ​​តាម​ដាន​ព័ត៌​មាន​​ពី​​ប្រព័ន្ធ​កុំ​ព្យូរទ័រ ដែល​ពេល​​នោះ​សញ្ញា​ប្រកាស​អាសន្ន​​បាន​លោត​ឡើង បង្ហាញ​ថា សហរដ្ឋអាមេរិក​​បាន​បាញ់​ចេញ​​​មីស៊ីល​អាវុធ​នុយក្លេអ៊ែរ​​អន្តរទ្វីប​ចំនួន ​៥ ​គ្រាប់​មកហើយ ។ ​​​

“សំឡេង​ស៊ីរ៉ែនបានបន្លឺ​ឡើង ប៉ុន្តែ​ខ្ញុំ​​នៅ​អង្គុយ​ទី​នោះ​ប៉ុន្មាន​វិនាទី ហើយមើល​ទៅ​​អេក្រង់​លោត​សញ្ញា​​​ក្រហម​ព្រមាន​ និងមាន​ពាក្យ បាញ់​ នៅ​លើ​នោះ​” ។ នេះជាសម្តី​របស់​លោក​ Petrov ប្រាប់​ទៅ​សារព័ត៌មាន ​។

លោក​បន្ថែម​ថា វា​​ជា​​ខណៈពេល​​​​​ភាព​តាន​តឹង​​នៃ​សង្គ្រាម​ត្រជាក់ លោក​ត្រូវ​តែ​​ធ្វើ​​សកម្មភាព​ណា​មួយ​ជា​បន្ទាន់ បើ​មិន​ដូច្នោះ​ទេ​ មីស៊ីល​របស់​អាមេរិក​អាច​មក​ដល់​ទឹក​ដី​​សូវៀត​​​ត្រឹម​​​តែ​ពេល ​២០ ​នាទី​ប៉ុណ្ណោះ​ ។

អតីត​​​​កង​ទ័ព​អាកាស​រូប​នេះ​បាន​បន្ថែមថា “យើង​គ្មានពេលគិតច្រើន​នោះ​ទេ​ នៅ​ពេល​ដែល​យើង​ត្រូវ​​រាយ​ការណ៍​អំពី​ការ​វាយ​ប្រហារ​ ។ ប៉ុន្តែ​យើង​​ដឹង​ថា រាល់​វិនាទី​​​​នៃ​ការ​ពន្យា​រពេល​ ឬ​យឺ​ត​ពេល​ណា​មួយ​​ ស្មើ​នឹង​ធ្វើ​ឲ្យ​បាត់​បង់​ឱកាស​ការ​សម្រេច​ដ៏​សំខាន់​ៗ ព្រោះ​ថា​មន្ត្រី​សូវៀត និង​ថ្នាក់​ដឹក​នាំ​ត្រូវ​ការ​ការ​​រាយការណ៍​ជា​ចាំ​បាច់ ដោយ​គ្មាន​ការ​យឺ​ត​យាវ​។ អ្វី​ដែល​ខ្ញុំ​ត្រូវ​ធ្វើ​គឺ​ហៅ​ទូរសព្ទ​​ផ្ទាល់​ទៅ​​មេ​បញ្ជា​ការ​ តែ​ពេល​នោះ​ ខ្ញុំ​​សឹង​តែ​មិន​អាច​កម្រើក​បាន ខ្ញុំ​មាន​អារម្មណ៍​ថា​​ដូច​ឈរ​​លើ​ខ្ទះ​ក្តៅ​អីចឹង​” ។

ប៉ុន្តែ​ភ្លាម​នោះ​ លោក​​ទទួល​អារម្មណ៍​ថា មាន​អ្វី​ម្យ៉ាង​មិន​ប្រក្រតី​​ មិន​គ្រប់​គ្រាន់​។ តាម​ធម្មតា លោក​​​មាន​បទ​ពិសោធ និង​ត្រូវ​បាន​បណ្តុះ​បណ្តាល​ដឹង​រាល់​តាក​តិច​ នៃ​ការ​បំពារ​បំពាន​​​សកម្មភាព​អាវុធ​នុយ​ក្លេអ៊ែរ​ពី​សហរដ្ឋ​អាមេរិក​ ប៉ុន្តែ​វា​ដូច​ជា​ប្លែក​ ដែល​រ៉ាដា​​ផ្កាយ​រណប​ចាប់​​​ទិន្នន័យ​ចាប់បាន​ត្រឹម​តែ​មីស៊ីល​​​​ប៉ុន្មាន​គ្រាប់ លើស​ពី​នោះ ប្រព័ន្ធ​រ៉ាដា​ចាប់​នោះ​ ជា​ប្រព័ន្ធ​ថ្មី​ ដែល​ស្ថិត​នៅ​ក្នុង​ភាព​មិន​ទាន់​ច្បាស់​នៅ​ឡើយ​។

វិនាទី​ចុង​ក្រោយ​ លោក​វីរសេនីយ៍​​ទោ សម្រេច​មិន​ផ្ញើ​សញ្ញា​អាសន្ន​ភ្លាម​ទៅ​​មេ​បញ្ជាការ​ឡើយ ប៉ុន្តែ​​លោក​ខំ​រក​មើល​​​​ព័ត៌មានបញ្ជាក់​ពី​អ្វី​ដែល​ប្រព័ន្ធ​ថ្មី​អាច​នឹង​មាន​បញ្ហា។

ជា​ភ័ព្វ​សំណាង លោក​បាន​សម្រេច​ចិត្ត​​ពិត​ជា​ត្រឹម​ត្រូវ​ ។ ២៣ ​នាទី​ក្រោយ​មក គឺ​គ្មាន​អ្វី​កើត​ឡើង​នោះ​ទេ គ្មាន​ការ​បាញ់​អាវុធ​ណា​មួយ​ដូច​ដែ​ល​ម៉ាស៊ីន​រ៉ាដា​បង្ហាញ​នោះ​ទេ។

លោក​បាន​បន្ថែម​ថា​៖ “ប្រសិន​បើ​ហេតុការណ៍​បាញ់​ពិត​មែន តាម​បទ​ពិសោធ​ខ្ញុំ​ប្រាកដ​ជា​ដឹង​។ តែ​ពេល​នោះ​គ្មាន​ការ​បាញ់​​នោះ​ទេ វា​ពិត​ជា​ដោះ​បន្ទុក​ធូរ​ស្បើយ​ពី​ក្នុង​ខួរ​ក្បាល​មែន​”។

បើ​គិត​មក​វិញ វិនាទី​ដែល​​អតីត​​វេរសេនីយ៍​​រូប​នេះ​​​បាន​សម្រេច​ចិត្ត​នោះ​ គឺ​បាន​ជួយ​សង្គ្រោះ​ដល់​ពិភព​លោក​​ជា​ការ​ពិត ដោយ​បាន​បញ្ចៀស​នូវ​ការ​តប​ត​បំផ្ទុះ​ឡើង​ជា​សង្គ្រាម​នុយក្លេអ៊ែរ​​រវាង​អាមេរិក​ និង​សហភាព​​សូវៀត​ពី​ពេល​នោះ​មក​​។ ប៉ុន្តែ​យ៉ាង​ណា​​អតីត​មន្រ្តី​ទ័ព​អាកាស​រូប​នេះ នៅ​តែ​អះ​អាង​ថា ខ្លួន​ពុំ​មែន​ជា​វីរបុរស​ឡើយ៖ “វា​ជា​ភារកិច្ច​របស់​ខ្ញុំ ខ្ញុំ​គ្រាន់​តែ​នៅ​កន្លែង​ត្រូវ និង​ចំ​ពេល​វេលា​​ស្ថាន​ភាព​ត្រូវ​ប៉ុណ្ណោះ​”។

​ទោះយ៉ាងណា លោក Petrov បាន​ស្លាប់បាត់បង់ជីវិតទៅហើយ​​ក្នុង​ឆ្នាំ​ ២០១៧ ក្នុងវ័យ ​៧៧ ​ឆ្នាំ ​​​​​​​​​​យ៉ាង​ណា​មិញ រឿង​របស់​​​លោក​វរសេនីយ៍​មិន​ត្រូវ​បាន​ដឹង​​ជា​សាធារណ​ឡើយ ពោល​​គឺ​ក្រោយ​ពេល​ដែល​សហភាព​សូវៀត​ដួល​រលំ​ ទើប​បាន​ផ្ទុះ​ឡើង​ ។

ទន្ទឹមនោះ មាន​ការ​ចាប់​អារម្មណ៍​ជា​ច្រើន​ទៅ​លើ​ហេតុ​ការណ៍​ដែល​លោក​បាន​សម្រេចចិត្តមួយនេះ ដោយក្នុង​នោះ​ លោក​​អតីត​វរសេនីយ៍​​​ក៏​បាន​ទទួល​នូវ​ពាន​រង្វាន់​អន្តរជាតិ​ជា​ច្រើនផងដែរ​ អំឡុង​ពេល​ចុង​ក្រោយ​នៃ​ជីវិត​របស់​លោក ដែល​នៅ​ឆ្នាំ​២០១៥ គេ​ក៏​បាន​លើក​ឡើង​ពី​រឿង​របស់​លោក​ថត​ជា​ភាពយន្ត​ឯកសារ​ផង​ដែរ​ដែល​មាន​ចំណង​ជើង “បុរសជួយសង្គ្រោះពិភពលោក ឬ The Man Who Saved The World” ។

គួររំឭក​ផង​ដែរ​ថា លោក Stanislav Petrov ត្រូវ​បាន​ចាត់​ទុក​ជា​មនុស្ស​ទី​ពីរ​ដែល​បាន​ជួយ​សង្រ្គោះ​ផែន​ដី​​ចៀស​ផុត​ពី​ភ្លើង​សង្គ្រាម​កម្រិត​ពិភព​លោក​​​ ពោល​គឺ​អាវុធ​នុយក្លេអ៊ែរ ក្នុង​សម័យ​​សង្គ្រាម​ត្រជាក់ ដែល​លើក​ទី​មួយ​ក៏​មាន​វរមន្ត្រី​នៃ​អតីត​​សហ​ភាព​សូវៀត​មួយ​រូបផងដែរ បាន​បញ្ចៀស​​ពិភព​លោក​ពី​សង្គ្រាម​លោក​នុយ​ក្លេអ៊ែរ​ដោយ​ការ​អត់​ធ្មត់​ និង​សម្រេច​ចិត្ត​ដ៏​ត្រឹម​ត្រូវ​ កាល​ពី​ព្រឹត្តិការណ៍​​វិបត្តិ​​មីស៊ីល​​នៅ​​គុយ​បា​ក្នុង​ឆ្នាំ​១៩៦២ ៕

ប្រែ​សម្រួល​៖ មាន រតនា

ប្រភព៖ NPR , Vox

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម