ព័ត៌មានអន្ដរជាតិ
ត្រាំ ប្រកាសពន្ធ ២៥ ភាគរយ លើរថយន្តនាំចូលសហរដ្ឋអាមេរិក
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃពុធ បានប្រកាសដាក់ពន្ធ ២៥ ភាគរយ លើរថយន្តនាំចូលពីគ្រប់ប្រទេសទាំងអស់ ក្នុងជំហានចាក់សាំងលើកម្ដៅនៃសង្រ្គាមពាណិជ្ជកម្មសកល ដែលរំពឹងថានឹងប៉ះពាល់ដល់ប្រទេសជាសម្ព័ន្ធមិត្ត និងអ្នកប្រើប្រាស់ក្នុងស្រុកខ្លាំងជាងគេ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន រ៉យទ័រ។
លោក ត្រាំ បានថ្លែងក្នុងកម្មវិធីមួយនៅការិយាល័យពងក្រពើ យ៉ាងដូច្នេះថា៖ «អ្វីដែលយើងនឹងធ្វើ គឺដាក់ពន្ធ ២៥ ភាគរយ លើរថយន្តដែលមិនផលិតនៅសហរដ្ឋអាមេរិកទាំងអស់»។
ប្រធានាធិបតីដដែលបានឱ្យដឹងថា ចំណាត់ការនេះនឹងចូលជាធរមាននៅថ្ងៃទី ៣ មេសា ពោលគឺ ១ ថ្ងៃក្រោយវិធានការពន្ធឆ្លើយតបឱ្យស្មើគ្នា (Reciprocal Tariffs) របស់លោកកំណត់ចូលជាធរមាន ក្នុងបំណងកាត់បន្ថយឱនភាពពាណិជ្ជកម្មអាមេរិក។
ការប្រកាសរបស់លោក ត្រាំ បានបង្កប្រតិកម្មពីសម្ព័ន្ធមិត្តផ្សេងៗគ្នា។ ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី អួរស៊ូឡា វ៉ុនឌែរ ឡេយែន បានពណ៌នាចំណាត់ការនេះថា «អាក្រក់សម្រាប់អាជីវកម្ម កាន់តែអាក្រក់សម្រាប់អ្នកប្រើប្រាស់» ខណៈនាយករដ្ឋមន្រ្តីកាណាដា លោក Mark Carney វិញ បានចាត់ទុកវាជា «ការវាយប្រហារដោយផ្ទាល់» លើកម្មករកាណាដា។
លោក Carney បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុង Ottawa ថា៖ «យើងនឹងការពារកម្មកររបស់យើង យើងនឹងការពារក្រុមហ៊ុនរបស់យើង យើងនឹងការពារប្រទេសរបស់យើង ហើយយើងនឹងការពារវាជាមួយគ្នា»។

យ៉ាងណាមិញ សហជីពកម្មករ United Auto Workers ដែលតែងរិះគន់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី បានស្វាគមចំពោះពន្ធថ្មីរបស់ ត្រាំ។ ប្រធាន UAW លោក Shawn Fain បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា៖ «ពន្ធទាំងនេះគឺជាជំហានដ៏សំខាន់មួយក្នុងទិសដៅត្រឹមត្រូវសម្រាប់កម្មកររថយន្តនៅទូទាំងប្រទេស» ហើយឥឡូវនេះ វាអាស្រ័យនៅលើក្រុមហ៊ុនផលិតរថយន្តក្នុងការបន្ថែមការងារទៅក្នុងសហរដ្ឋអាមេរិក។
ទោះបីជាយ៉ាងណាក៏ដោយ អ្នកជំនាញមើលឃើញថា ពន្ធ ២៥ ភាគរយ នឹងប៉ះពាល់ដល់អ្នកប្រើប្រាស់របស់អាមេរិកតាមរយៈការបង្កើនតម្លៃ ដែលមានលទ្ធភាពទម្លាក់ការលក់រថយន្តទូទាំងប្រទេសផងដែរ។ បន្ថែមបន្ទុកដល់ប្រទេសសម្ព័ន្ធមិត្ត ដែលជាអ្នកនាំចេញរថយន្តធំៗទៅអាមេរិក។
អតីតមន្ត្រីរតនាគារសហរដ្ឋអាមេរិក និងបច្ចុប្បន្នជាមន្រ្តីក្រុមប្រឹក្សាទំនាក់ទំនងបរទេសអាមេរិក លោក Brad Setser បានថ្លែងថា ផលប៉ះពាល់សេដ្ឋកិច្ចអាចធ្ងន់ធ្ងរ ដោយការនាំចូលរថយន្តផលិតរួចស្រេចរបស់សហរដ្ឋអាមេរិក មានចំណែកជិត ១ ភាគរយ នៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេស (GDP)។
កាលពីឆ្នាំ ២០២៤ សហរដ្ឋអាមេរិកបាននាំចូលផលិតផលរថយន្តក្នុងតម្លៃ ៤៧៤ ប៊ីលានដុល្លារ រួមទាំងរថយន្តដឹកអ្នកដំណើរក្នុងតម្លៃ ២២០ ប៊ីលានដុល្លារ។ ម៉ិកស៊ិក ជប៉ុន កូរ៉េខាងត្បូង កាណាដា អាល្លឺម៉ង់ និងចក្រភពអង់គ្លេស ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់សហរដ្ឋអាមេរិក គឺជាប្រទេសផ្គត់ផ្គង់រថយន្តដ៏ធំបំផុត៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
សន្តិសុខសង្គម៨ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


