Connect with us

KPT+

ផលប៉ះពាល់ចំពោះអំពើហិង្សាក្នុងគ្រួសារដែលកើតមានលើស្រ្តី

បានផុស

នៅ

អំពើហិង្សាក្នុងគ្រួសារ គឺជាប្រធានបទក្ដៅនៅក្នុងសង្គមមួយ ហើយក្នុងចំណោមជនរងគ្រោះនៅក្នុងអំពើហិង្សាជាទូទៅគឺស្រ្តី ឬក្មេងស្រី ដែលប្រឈមខ្ពស់ទាំងនៅកន្លែងធ្វើការ និងនៅផ្ទះជាដើម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១. តើអ្វីជាអំពើហិង្សាក្នុងគ្រួសារ?

អំពើហិង្សា ត្រូវបានកត់សម្គាល់ថាជាទង្វើ ឬសកម្មភាពដែលនាំឲ្យបុគ្គលណាម្នាក់បាត់បង់ ឬប៉ះទង្គិចនូវផ្នែកណាមួយនៃរាងកាយ ការធ្លាក់ចុះនូវតម្លៃ និងកិត្តិយស ការកំណត់ព្រំដែននៃសេរីភាព និងផ្នែកហិរញ្ញវត្ថុ។ ចំណែកឯ អំពើហិង្សាក្នុងគ្រួសារ គឺសំដៅលើអំពើហិង្សា ដែលកើតមានកើតមានទៅលើប្ដីប្រពន្ធកូនក្នុងបន្ទុក ជនទាំងឡាយរស់នៅក្រោមដំបូលផ្ទះ និងក្នុងបន្ទុកគ្រួសារ។

២. តើអំពើហិង្សាក្នុងគ្រួសារមានប៉ុន្មានប្រភេទ?

អំពើហិង្សាក្នុងគ្រួសារ ត្រូវបានបែងចែកជា ៤ប្រភេទគឺៈ

១. អំពើហិង្សាផ្នែកផ្លូវកាយៈ សំដៅដល់ការប្រើប្រាស់សកម្មភាពមិនសមរម្យ និងអសីលធម៌ទៅលើនរណាម្នាក់ ដូចជា ការទះតប់ ការបោចសក់ ខាំ ក្ដិច ទាត់ធាក់ ដែលធ្វើឲ្យរបួស ឬបាត់បង់ ឬប៉ះទង្គិចផ្នែកណាមួយចំពោះរាង្គកាយ។

២. អំពើហិង្សាផ្នែកផ្លូវចិត្តៈ ជាការប្រព្រឹត្តសកម្មភាពណាមួយដែលនាំឲ្យបុគ្គលម្នាក់ បាត់បង់តម្លៃ កិត្តិយស និងសេចក្ដីថ្លៃថ្នូរដូចជា ការជេរបញ្ចោរ ការប្រមាទ ការមើលងាយ ការបកអាក្រាតរឿងអាស្រូវ ការគម្រាមកំហែង និងការដាក់សម្ពាធជាដើម។

៣. អំពើហិង្សាផ្នែកផ្លូវភេទៈ សំដៅដល់ការធ្វើសកម្មភាពបំពាន និងទាញយកប្រយោជន៍ខាងចំណង់ផ្លូវភេទចំពោះបុគ្គលណាម្នាក់ដូចជា ការបង្ខំឲ្យរួមភេទ ការរួមភេទបែបអសីលធម៌ ការបៀតបៀនរាងកាយឬ ការប្រើប្រាស់ពាក្យសម្ដីអាសអាភាស ការរើសសអើងភេទ និងការបង្ហាញផ្នែកណាមួយនៃរាងកាយ ដែលនាំឲ្យបាត់បង់សេក្ដីថ្លៃថ្នូរ ដើម្បីទទួលបានការរួមភេទជាដើម។

៤. អំពើហិង្សាផ្នែកសេដ្ឋកិច្ចៈ សំដៅដល់ការកំណត់ ឬបំបិទសិទ្ធិសេរីភាពរបស់នរណាម្នាក់ នៅក្នុងការ ប្រើប្រាស់ ការចាត់ចែង ការចាយវាយ នូវធនធាន និងទ្រព្យសម្បត្តិ ដើម្បីបម្រើសេចក្ដីត្រូវការជាមូលដ្ឋាន។

៣. តើមានមូលហេតុអ្វីខ្លះ ដែលនាំឲ្យមានអំពើហិង្សាក្នុងគ្រួសារនៅកម្ពុជា?

វប្បធម៌ និងប្រពៃណីៈ សង្គមតែងតែឲ្យតម្លៃបុរសជាធំ និងសំខាន់ ខណៈច្បាប់ ស្ដីពី ការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងកិច្ចគាំពារជនរងគ្រោះ មិនទាន់បានផ្សព្វផ្សាយទូលំទូលាយ ការអប់រំស្ដីអំពីផលវិបាកនៃការប្រើប្រាស់អំពើហិង្សានៅមានកម្រិត ចំណេកទម្លាប់ប្រើហិង្សាក្នុងការដោះស្រាយបញ្ហា ក្នុងសហគមន៍នៅតែកើតមាន ការចាត់ទុកនណារម្នាក់ថាជាកម្មសិទ្ធិ សង្គមមិនទាន់ទទួស្គាល់សមភាពយេនឌ័រ  សង្គមមិនទាន់ទទួលស្គាល់ថាអំពើហិង្សា គឺជាបញ្ហាសង្គមជាដើម។

៤. តើអំពើហិង្សាក្នុងគ្រួសារ បណ្ដាលឲ្យខាតបង់អ្វីខ្លះ?

ការខាតបង់ ដែលបណ្ដាលមកពីអំពើហិង្សាក្នុងគ្រួសារ៖

ក. ការខាតបង់ក្នុងគ្រួសារៈ អំពើហិង្សានាំឲ្យគ្រួសារគ្មានសុភមង្គល បាត់បង់អាជីពប្រចាំថ្ងៃ បាត់បង់ញាតិមិត្ត បំផ្លាញទ្រព្យសម្បត្តិ ផ្ដល់គម្រូអាក្រក់ដល់កូន ត្រូវជាប់បន្ធនាគារ រត់ចោលស្រុក បាត់អនាគត់សម្រាប់កូនៗ.ល.។

ខ. ការខាតបង់ក្នុងសង្គមៈ  អំពើហិង្សានាំឲ្យសង្គមមិនល្អ រំខានអ្នកជិតខាង កម្មវិធីនានាត្រូវបរាជ័យ បាត់បង់ធនធានមនុស្ស រំខានសេវាសង្គម( ប៉ូលីស តុលាការ មន្ត្រីត្រូវដោះស្រាយ)

ប៉ះពាល់ការអប់រំក្នុងសង្គម បាត់បង់ថវិការរដ្ឋ ផ្ដល់គម្រូអាក្រក់ដល់សង្គម និងបាត់បង់កិត្យនុភាពជាតិ។

គ.ចំពោះសុខភាពៈ របួស( បាក់ឆ្អឹង ខូចសរីរាង្គ ) មានជម្ងឺរលាកស្បួន ដំបៅស្បួន មានផ្ទៃពោះដោយអចេតនា ពិការភាពបណ្ដោះអាសន្ន ឬអចិន្ត្រៃយ៏ រលួតកូន ឬស្លាប់កូនក្នុងផ្ទៃ និងអាចមានជម្ងឺមួយចំនួនដេលឆ្លងតាមការរួមភេទជាដើម។

ឃ. ផល់ប៉ះពាល់កូនក្នុងផ្ទៃៈ ការប្រព្រឹត្តអំពើហិង្សានាំឲ្យកូនក្នុងផ្ទៃកើតមកមិនគ្រប់ខែ អាប់ប្រាជ្ញា មានជម្ងឺកង្វះចំណីអាហារ កើតមកខ្វះ អវៈយវៈ និងមានជម្ងឺក្រិនជាដើម។

៥. តើហេតុអ្វីបានជាស្រ្តីមិនជ្រើសរើសការលែងលះ ហើយទ្រាំរស់ជាមួយអំពើហិង្សាក្នុងគ្រួសារ?

មានមូលហេតុសំខាន់ៗ ដែលស្រ្តីមិនអាចងើបឬចេញផុតពីអំពើហិង្សាក្នុងគ្រួសារបានមានដូចជាៈ

ក. កង្វះថវិកា និងទាល់ច្រកៈ ជាទូទៅស្រ្តីតែងតែទាល់ច្រក ដោយសារខ្វះថវិកា  ដែលបញ្ហានេះនាំឲ្យគាត់គ្មានកន្លែងជ្រកកោន និងគ្មានប្រាក់គ្រប់គ្រាន់សម្រាប់ទិញអាហារ។

ខ. ខ្លាចកូនគ្មានឪពុកៈ ស្រ្តីជាម្ដាយតែងតែគិតថា បើគ្មានឪពុកតើកូនៗរស់យ៉ាងដូចម្ដេច? ដូចនេះគាត់ប្រាដកជាគិតបារម្ភ​ ឬគិតដល់អនាគតរបស់កូនគាត់ជាមិនខាន។

គ. សង្ឃឹមថាប្ដីនឹងកែខ្លួនៈ មានស្រ្តីច្រើនណាស់ដែលយល់បែបនេះ ហើយសង្ឃឹមថា ប្ដីរបស់ពួកគេនឹងកែខ្លួនឬធ្វើការផ្លាស់ប្ដូរ ដូចនេះហើយបានជានាងរង់ចាំ និងទ្រាំរស់ក្នុងសភាពបែបនោះ។

ឃ. ខ្លាចការគម្រាមកំហែងរបស់ប្ដីៈ ស្រ្តីជាប្រពន្ធ អាចមានការិតភ័យ ដោយសារតែជាទូទៅនៅពេលមានការប្រើអំពើហិង្សា គឺតែតែមានការគម្រាមកំហែង។

ង. ស្រ្តីតែងគិតថា អំពើហិង្សាក្នុងគ្រួសារគឺជាជីវិតអាពាហ៏ពិពាហ៏ៈ ពួកគេតែងប្រកាន់គំនិតមួយថា ចានក្នុងរាវតែងតែរណ្ដំឬប៉ះទង្គិច និងចាត់ទុកថា អំពើហិង្សាគឺជារឿងធម្មតា។

៦. ប្រសិនបើអ្នកចង់ជួយដោះស្រាយបញ្ហាអំពើហិង្សាក្នុងគ្រួសារ តើត្រូវធ្វើដូចម្ដេច?

របៀបធ្វើការជាមួយបុរសដែលប្រើអំពើហិង្សាក្នុងគ្រួសារ ប្រសិនបើអ្នកជួបប្រទះ និងចង់ជួយដោះស្រាយ៖

ជំហានទី១

ក. ណែនាំខ្លួនអ្នកឲ្យគេស្គាល់ និងបញ្ជាក់អំពី ការរក្សាការសំងាត់ ដើម្បីឲ្យគាត់មានទំនុកចិត្ត

ខ. សួរពីមុខរបរ សួរពីចំណង់ចំណូលចិត្តរបស់បុរសនោះ ហើយសួរពីទំនាក់ទំនងក្នុងគ្រួសារ មិត្តភក្តិ និងអ្នកជិតខាង ទន្ទឹមនឹងនេះក៏ត្រូវសួរ ពីការជួបប្រទះបញ្ហាសព្វថ្ងៃរបស់គ្រួសារ និងឲ្យរៀបរាប់ពីបញ្ហានីមួយៗ អាចសួរគាត់ថាតើគាត់ហូបស្រាដែរឬទេ? ញឹកញាប់យ៉ាងម៉េចដែរ? និងតើក្រោយពីហូបស្រា តើគាត់ប្រព្រឹត្តសកម្មភាពអ្វីខ្លះ?

ជំហានទី២

ក. អ្នកត្រូវពិនិត្យមើលថាតើបញ្ហាណាមួយដែលសំខាន់ និងត្រូវដោះស្រាយមុនគេ

ខ. រកឲ្យឃើញនូវផល់ប៉ះពាល់ ដែលកើតពីបញ្ហារបស់គាត់

គ. សួរនាំគាត់ឲ្យបង្ហាញពីរបៀបដោះស្រាយពីមុន ដែលគាត់ធ្លាប់ប្រើ

ឃ. ឲ្យគាត់បង្ហាញថាតើ ពេលគាត់ដោះស្រាយបញ្ហាមុនៗ គាត់ជួបប្រទះនូវឧបសគ្គអ្វីខ្លះ?

ង. សួរគាត់បន្ថែមថា តើគាត់មានការតាំងចិត្តក្នុងការផ្លាស់ប្ដូរហើយឬនៅ? បើសិនជាគាត់កំពុផ្លាស់ប្ដូរ តើគាត់ជួបឧបសគ្គអ្វីខ្លះ ? ហើយព្យាយាមដោះស្រាយវាដែរឬទេ?

ច. សួរបញ្ជាក់គាត់ប្រសិនបើគាត់មិនផ្លាស់ប្ដូរទេ តើអាចនឹងមានអ្វីកើតឡើងបន្តទៀត?

ជំហានទី៣

ក. ចូរសួរគាត់ថា តើគាត់អាចកាត់បន្ថយបញ្ហានេះបានដែរឬទេ? ដោយរបៀបណា?

ខ. តើអ្នកអាចជ្រើសរើសយកវិធីសាស្ត្រមួយណាក្នុងការដោះស្រាយ?

គ.តើអ្នកចង់ចាប់ផ្ដើមការកាត់បន្ថយនៅពេលណា?

ឃ. តើអ្នកមានអារម្មណ៏បែបណានៅពេលអ្នកបាននិយាយរឿងរ៉ាវចេញមកខាងក្រៅ?

ង. តើអ្នកយល់ច្បាស់ពីវិធីសាស្រ្តដោះស្រាយហើយឬនៅ?

ច. តើគាត់មានសំនួរអ្វីមកកាន់យើងដែលជាអ្នកពិគ្រោះយោបលដែរឬទេ?

ឆ. សួរគាត់ថា ប្រសិនបើគាត់មានបញ្ហាទៀត គាត់អាចមកជួបយើងទៀតបានដែរឬទេ៕

ឯកសារយោង៖

ខាន់ សារ៉េតៈ ចិត្តវិទ្យាមិនធម្មតា ២០១៣

ខាន់ សារ៉េតៈ ចិត្តវិទ្យាសហគមន៏ ២០១៣

ចៅ ប្រត្យរតនៈ ការផ្ដល់តម្រូវការសេវាសាធារណៈផ្ដោតលើតម្រូវការយេនឌ័រ ២០២២។

អត្ថបទ៖ លន់ សេនី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម