អត្ថប្រយោជន៍ដ៏អស្ចារ្យ ៧យ៉ាងពីការហាត់ Yoga – Kampuchea Thmey Daily
Connect with us

KPT+

អត្ថប្រយោជន៍ដ៏អស្ចារ្យ ៧យ៉ាងពីការហាត់ Yoga

Published

on

អស់រយៈពេលជាច្រើនសតវត្សរ៍មកហើយ មនុស្សបានអនុវត្តហាត់ការយូហ្គាដើម្បីភ្ជាប់ទំនាក់ទំនងរវាងចិត្ត រាងកាយ និងព្រលឹង។ លើសពីការបន្ធូរអារម្មណ៍ វាជួយបង្កើនចលនាឈាមរត់ និងជំនួយសាច់ដុំនិងសន្លាក់។

ទាំងនេះជាហេតុផលថ្មីដែលមិននឹកស្មានចំនួន ៧យ៉ាងពីការហាត់យូហ្គា៖

១. ប្រឆាំងនឹងជំងឺធ្លាក់ទឹកចិត្ត

មិនមែនជារឿងអាថ៌កំបាំងទេ ដែលមនុស្សប្រើយូហ្គាដើម្បីលើកកម្ពស់សុខភាពរាងកាយ។ មិនតែប៉ុណ្ណោះយូហ្គាត្រូវបានគេទទួលស្គាល់ថា មានឥទ្ធិពលដ៏អស្ចារ្យដល់ផ្លូវចិត្តផងដែរ។ ការសិក្សាពីមជ្ឈមណ្ឌលវេជ្ជសាស្ត្រនៃសាកលវិទ្យាល័យ Duke បានរកឃើញថា យូហ្គាអាចផ្តល់អត្ថប្រយោជន៍ដល់អ្នកដែលរស់នៅជាមួយជំងឺធ្លាក់ទឹកចិត្ត ជំងឺវិកលចរឹក និងស្ថានភាពវិកលចរឹកដទៃទៀត។ ការហាត់យូហ្គាជាប្រចាំអាចបង្កើនឱ្យមានកម្រិត Serotonin ខ្ពស់ជាអរម៉ូនសុភមង្គល ដែលធ្វើឲ្យអារម្មណ៍ប្រសើរឡើងនិងប្រឆាំងនឹងជំងឺធ្លាក់ទឹកចិត្ត។

២. គេងលក់ស្រួល

អ្នកស្រាវជ្រាវនៅសាលាវេជ្ជសាស្ត្រ Harvard បានរកឃើញថា ការអនុវត្តយូហ្គាប្រចាំថ្ងៃអាចបន្ធូរអារម្មណ៍ឲ្យស្រស់ថ្លា ធ្វើឲ្យគេងលក់ស្រួល ពិសេសអ្នកដែលមានជំងឺគេងមិនលក់រ៉ាំរ៉ៃ។ ពេលដែលបានហាត់យូហ្គា នឹងធ្វើឱ្យគេងលក់ដោយស្វ័យប្រវត្តិ និងជួយបង្កើតទម្លាប់គេងទៀងទាត់។ ការបញ្ចូលលំហាត់ដកដង្ហើម២-៣ដងក្នុងពេលហាត់យូហ្គា  អាចបំបាត់ភាពច្របូកច្របល់នៃគំនិតដើម្បីជំរុញឱ្យការគេងកាន់តែប្រសើរ។

៣. ជំនួយសុខភាពបេះដូង

យូហ្គាអាចជួយកាត់បន្ថយកត្តាហានិភ័យនៃជំងឺរ៉ាំរ៉ៃមួយចំនួន ជាពិសេសជំងឺបេះដូង។ សមាគមបេះដូងរបស់អាមេរិកបានថ្លែងថា សកម្មភាពរាងកាយ ១៥០ នាទីក្នុងមួយសប្តាហ៍ នៃការធ្វើលំហាត់ប្រាណយូហ្គាកម្រិតមធ្យម គឺជាទម្រង់នៃការហាត់ប្រាណដែលមានសុខភាពល្អ ដើម្បីពង្រឹងសុខភាពបេះដូង។

៤. កាត់បន្ថយជំងឺប្រកាំង

ការស្រាវជ្រាវពីមជ្ឈមណ្ឌលជាតិព័ត៌មានជីវបច្ចេកវិទ្យាបានបង្ហាញថា អ្នកដែលមានជំងឺឈឺក្បាលប្រកាំងតិចជាងមុន និងកាត់បន្ថយការឈឺចាប់បន្ទាប់ពីហាត់យូហ្គាបានរយៈពេល ៣ ខែ។ វាត្រូវបានគេអះអាងថា អាចជួយបញ្ចេញភាពតានតឹងនៃរោគសញ្ញាឈឺក្បាល និងប្រកាំង។

៥. ជួយឲ្យជំងឺហឺតធូរស្រាល

យោងតាម មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺ បានឲ្យដឹងថា ជនជាតិអាមេរិកាំងជិត ១៩ លាននាក់ដែលមានជំងឺហឺត និងដកដង្ហើមខ្លីៗដែលត្រូវបានគេហៅថាជា ជំងឺផ្លូវដង្ហើម។ ការហាត់យូហ្គា ជួយសម្រួលរោគសញ្ញានេះឲ្យធូរស្បើយ និងដើម្បីបង្កើនលំហូរខ្យល់ដកដង្ហើមបានស្រួល។ ការសិក្សាឆ្នាំ ២០១២ បានរកឃើញថា ការហ្វឹកហាត់យូហ្គាក្នុងរយៈពេល ១០ សប្តាហ៍ធ្វើឲ្យស្ត្រីធូរស្រាលពីជំងឺហឺតស្រាលនិងមធ្យម។

៦. ជួយជំងឺរលាកសន្លាក់

លំហាត់ប្រាណរាងកាយទៀងទាត់ គឺជាផ្នែកសំខាន់មួយនៃការព្យាបាលប្រកបដោយប្រសិទ្ធភាពនៃជំងឺរលាកសន្លាក់ឆ្អឹង និងរលាកសន្លាក់រ៉ាំរ៉ៃ។ ចលនាទន់ភ្លន់នៃយូហ្គាជួយបង្កើនភាពបត់បែនរាងកាយបានប្រសើរ និងបង្វឹកភាពស៊ាំនៃសាច់ដុំ។

៧. ជួយព្យាបាលការឈឺឆ្អឹងខ្នង

ការសិក្សាជាច្រើនចង្អុលបង្ហាញថា យូហ្គាជាជម្រើសមួយដ៏មានប្រសិទ្ធភាពក្នុងការព្យាបាលការឈឺឆ្អឹងខ្នង។ នៅក្នុងការសិក្សាដែលចេញផ្សាយដោយ Annals of Internal Medicine និយាយថា អ្នកដែលមានអាការៈឈឺឆ្អឹងខ្នងរ៉ាំរ៉ៃ នឹងមានភាពប្រសើរឡើងវិញបន្ទាប់ពី២-៣ខែនៃការហាត់យូហ្គាទៀងទាត់។ ទោះបីង្នកខ្លះមិនឈឺឆ្អឹងខ្នងរ៉ាំរ៉ៃ យូហ្គាក៏ជាមធ្យោបាយដ៏មានប្រសិទ្ធិភាពក្នុងការកែលម្អរការបត់បែនឆ្អឹងខ្នងនិងការពារការរងរបួសខ្នងផងដែរ ៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ ឧស្សាហ៍រងា​ខុស​ធម្មតា គួរតែមើលពីមូលហេតុនិងវិធីទប់ស្កាត់ទាំងនេះ

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានពេញនិយម