Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន ផ្ញើលិខិតជូនអគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាម

បានផុស

នៅ

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានផ្ញើលិខិតមួយច្បាប់ជូនលោក ង្វៀន ហ៊្វូជុង អគ្គលេខាធិកានៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្ត វៀតណាម។ 

តាមលិខិតចុះថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ សម្តេចបានសម្តែងនូវសេចក្តីសោមនស្សរីករាយក្រៃលែង ក្រោយពីបានទទួលនូវសារលិខិតសួរសុខទុក្ខរបស់លោក ង្វៀន ហ៊្វូជុង កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១។ សម្តេចលើកឡើងថា “ក្នុងនាមគណបក្សប្រជាជនកម្ពុជា រាជរដ្ឋាភិបាលប្រជាជនកម្ពុជា និងក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបក្សរដ្ឋ និងប្រជាជនវៀតណាម ដែលតែងតែយកចិត្តទុកដាក់ដល់ការថែរក្សានូវចំណង មិត្តភាព សាមគ្គីភាព និងរួមសុខរួមទុក្ខជាមួយគ្នានៅគ្រប់កាលៈទេសៈទាំងអស់”។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេចតេជោ ហ៊ុន សែន លើកឡើងទៀតថា ប្រទេសទាំងពីរ (កម្ពុជា និងវៀតណាម) ក៏ដូចជាសហគមន៍អន្តរជាតិផងដែរ កំពុងជួបប្រទះ នឹងបញ្ហាប្រឈមដ៏ធ្ងន់ធ្ងរបំផុតមួយក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ ដោយសារជំងឺកូវីដ-១៩ ដែលបាននិងកំពុងបង្កវិបត្តិយ៉ាងធំធេងចំពោះសុខភាពសាធារណៈ សង្គម និងសេដ្ឋកិច្ច។ ជាមួយគ្នានោះ សម្ដេចតេជោបានកោតសរសើរចំពោះ វិធានការយ៉ាងឆាប់រហ័ស ប្រកបដោយទំនួលខុសត្រូវខ្ពស់ និងយ៉ាងមានប្រសិទ្ធភាពរបស់វៀតណាម ព្រមទាំងការរួមចំណែកជាសកលក្នុងការទប់ស្កាត់ជំងឺរាតត្បាតនេះ តាមរយៈការគាំទ្រ និងការផ្ដល់ជំនួយដល់ សហគមន៍អន្តរជាតិ ក៏ដូចជាកម្ពុជា ទាំងក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី។

បើតាមសម្តេចតេជោ ហ៊ុន សែន នៅកម្ពុជា ទោះបីជាបានទទួលជោគជ័យក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ បានស្ទើរពេញមួយឆ្នាំ២០២០ក៏ដោយ តែសង្គ្រាមប្រឆាំងនឹងជំងឺដ៏កាចសាហាវនេះ កំពុងវិវត្តន៍មកដល់ដំណាក់កាលថ្មី ដែលស្មុគស្មាញ ជាពិសេសក្រោយការផ្ទុះ “ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ”។ សម្តេចបន្តថា បច្ចុប្បន្ន ក្រសួងសុខាភិ បាលរួមជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តក្រោមការដឹកនាំរបស់លោក ហ៊ុន ម៉ាណែត បាននិងកំពុងរៀបចំមន្ទីរព្យាបាលជម្ងឺកូវីដ-១៩ យ៉ាងដុតដៃដុតជើង ដើម្បីសម្រាលទុក្ខលំបាក និងផ្តល់ក្តីសង្ឃឹមដល់ប្រជាពលរដ្ឋកម្ពុជា។

សម្ដេចបានសម្តែងនូវការពេញចិត្ត ចំពោះការរីកចម្រើនដ៏ល្អប្រសើរ នៃកិច្ចសហ ប្រតិបត្តិការរវាងគណបក្ស រដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរ ស្របតាមទិសស្លោក “ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង”។ សម្តេចបានជូនពរឱ្យទំនាក់ទំនងសាមគ្គីភាព មិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងគណបក្ស រដ្ឋាភិបាល និងប្រជាជននៃប្រទេសយើងទាំងពីរកាន់តែរីកចម្រើនរឹងមាំជាលំដាប់។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ លោក ង្វៀន ហ៊្វូជុង អគ្គលេខាធិកានៃគណៈ កម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម បានផ្ញើលិខិតមួយច្បាប់ជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយបានថ្លែងអំណរគុណចំពោះគណបក្សប្រជាជនកម្ពុជា រដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ដែលបានដំណើរការចាក់វ៉ាក់សាំងបង្ការ និងប្រឆាំងជម្ងឺCovid-19 ជូនកម្មាភិបាល មន្ត្រីស្ថានទូត និស្សិត និងសហគមន៏ជនជាតិវៀតណាមនៅកម្ពុជាក្នុងការបង្ការ និងប្រឆាំងជម្ងឺCovid-19៕

អត្ថបទ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម