Connect with us

ព័ត៌មានជាតិ

ជនដៃដល់ជាយោធាត្រូវបានសមត្ថកិច្ចចាប់បានភ្លាមៗក្រោយ​ពីបានបាញ់សម្លាប់បុរសម្នាក់ ដោយមិនទាន់ដឹងមូលហេតុ

បានផុស

នៅ

ករណីឃាតកម្មបាញ់បុរសម្នាក់ រងរបួសធ្ងន់ ហើយបានស្លាប់ពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ នៅក្នុងចម្ការកៅស៊ូក្នុងភូមិគងយុគ ឃុំប៉ាត់តេ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរីកាលពីថ្ងៃទី ២៤ ខែមេសា សមត្ថកិច្ចបានចាប់ខ្លួនជនដៃដល់ជាយោធាបានភ្លាមៗ។

ជនរងគ្រោះឈ្មោះ រឹម ចន្ថា ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករជៀរជ័រកៅស៊ូ មានទីលំនៅកន្លែងកើតហេតុខាងលើ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជនរងគ្រោះត្រូវគ្រាប់ចំឆ្អឹងជំនីខាងស្តាំ ២គ្រាប់ និងត្រូវចំភ្លៅខាងស្តាំ១គ្រាប់ ហើយសមត្ថកិច្ចមូលដ្ឋានបានចុះអន្តរា​គមន៍ដល់កន្លែងកើតហេតុបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យបង្អែកស្រុកបរកែវ ដើម្បីជួយសង្គ្រោះអាយុជីវិត ប៉ុន្តែដោយសារស្ថានភាពធ្ងន់ធ្ងរពេក ក៏បានស្លាប់តែម្ដង។

សមត្ថកិច្ចបានដកហូតអាវុធខ្លីម៉ាក (CF98) ១ដើម សំបកកាទូសចំនួន ៥សំបក គ្រាប់មិនទាន់ផ្ទុះចំនួន ៤គ្រាប់ បង់ចំនួន ១ និងរថយន្ត Maxda ព៌ណស ១គ្រឿង ពាក់ស្លាកលេខភ្នំពេញ 2Z-9098 ពីជនដៃដល់ឈ្មោះ លី ថេងជាង ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបរយោធា។

បច្ចុប្បន្ន សពត្រូវបានយកទៅតម្កល់ទុកនៅវត្តស្រុកអូរយ៉ាដាវ និងប្រគល់ឲ្យក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី។

ចំណែកជនសង្ស័យរួមទាំងវត្ថុតាងត្រូវបានសមត្ថកិច្ចជំនាញនៃស្រុកអូរយ៉ាដាវកសាងសំណុំរឿងបញ្ជូនទៅស្នងការនគរបាលខេត្តដើម្បីចាត់ការបន្តតាមនីតិវិធី៕

អត្ថបទ៖វុទ្ធឦសាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម