ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានណែនាំទៅ ដល់អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងខេត្តកណ្តាលផ្អាកជាបណ្តោះអាសន្នចំពោះវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ និងកិច្ចប្រជុំនានា ដែលមានមនុស្ស ចូលរួមច្រើនដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩។
តាមរយៈលិខិតផ្ញើជួនអភិបាលរាជធានីភ្នំពេញ និងខេត្តកណ្ដាល ចេញផ្សាយនៅថ្ងៃទី១១ វិច្ឆិកានេះ លោក ប្រាក់ សំអឿនអគ្គនាយកដ្ឋានរដ្ឋបាលនៃក្រសួងមហាផ្ទៃបានស្នើដល់អភិបាលរាជធានីភ្នំពេញនិងអភិបាលខេត្តកណ្ដាលធ្វើការផ្អាកជាបណ្ដោះអាសន្ន រយៈពេល២សប្ដាហ៍ក្នុងការរៀបចំវេទិកាផ្សព្វផ្សាយពិគ្រោះយោបល់និងកិច្ចប្រជុំនានា ដែលមានមនុស្សជាច្រើនចូលរួម ដែលរៀបចំដោយរដ្ឋបាលរាជធានីភ្នំពេញខេត្តកណ្ដាល រដ្ឋបាលក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ក្នុងមូលដ្ឋាន រាជធានី ខេត្តទាំងពីរ ដើម្បីបន្ដអនុវត្តវិធានការទប់ស្កាត់ ឲ្យបានទាន់ពេលវេលា នូវការរីករាលដាល នៃជំងឺកូវីដ-១៩ សំដៅថែរក្សាសុខភាពសាធារណៈ និងសុវត្ថិភាពសង្គម។
លោកបានបន្តថា អភិបាលរាជធានីភ្នំពេញ និងខេត្តកណ្ដាល ត្រូវបន្ដអនុវត្តវិធានការបង្ការ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ស្របតាមការណែនាំ របស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ឲ្យបានជាប់ជាប្រចាំ នៅតាមទីកន្លែងបំពេញការងារ។
ការសម្រេចផ្អាកនេះដោយសារក្រសួងមហាផ្ទៃ មើលឃើញថា ក្នុងអំឡុងពេលថ្មីៗកន្លងមកនេះ ស្ថានភាពនៃជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ និង ខេត្តកណ្ដាល មានហានិភ័យខ្ពស់ ក្នុងការបន្ដចម្លង ទៅក្នុងសហគមន៍មូលដ្ឋាន ដែលចាំបាច់ត្រូវបន្ដប្រុងប្រយ័ត្នខ្ពស់ និងត្រូវយកចិត្តទុកដាក់ ក្នុងការអនុវត្តវិធានការនានា ដើម្បីទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ របស់ក្រសួងសុខាភិបាល ឲ្យបានហ្មត់ចត់ជាទីបំផុត។
គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី១១ វិច្ឆិកានេះ កម្ពុជាអ្នកមានវីរុសកូវីដ-១៩ មានចំនួនសរុប ៣០១នាក់ ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយសរុបទូទាំងប្រទេស មានចំនួន ២៨៨នាក់ និងអ្នកសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ ចំនួន១៣នាក់។
ដោយឡែក ការធ្វើតេស្តនៃអ្នកប៉ះពាល់ក្នុងព្រឹត្តិការណ៍០៣ វិច្ឆិកា មានចំនួនសរុប ១,៤៨១ វត្ថុសំណាក (ទាំងតេស្តលើកទី១ និងលើកទី២) ក្នុងចំនួននេះ អ្នកវិជ្ជមានវីរុសកូវីដ-១៩ មានចំនួន ៤នាក់ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត៕
ដោយ ៖ សំអឿន