Connect with us

ព័ត៌មានជាតិ

តំណាង​កម្ពុជា​​នៅ​បរទេស ជួបគ្នា​លើ​ប្រ​ធាន​​បទ “​ការអនុវត្ត​យុទ្ធសាស្ត្រ​ការទូត​សេដ្ឋកិច្ច​ឆ្នាំ​២០២១-​២០២៣”

បានផុស

នៅ

នៅ​ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ​២០២១ មាន​កិច្ចប្រជុំ​មួយ​តាម​ប្រព័ន្ធ​វីដេអូ​ស្តីពី “​ការអនុវត្ត​យុទ្ធសាស្ត្រ​ការទូត​សេដ្ឋកិច្ច​ឆ្នាំ​២០២១-២០២៣” ដែល​កិច្ចប្រជុំ​នេះ ដឹកនាំ​ដោយ​លោក​បណ្ឌិត ញឹម ខេមរា រដ្ឋលេខាធិការ ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា (​កប​ទ​.​ស​អ​) និង​មានការ​អញ្ជើញ​ចូលរួម​ពី​ស្ថាន​តំណាង​កម្ពុជា​ទាំងអស់​នៅ​បរទេស សភាពាណិជ្ជកម្ម​កម្ពុជា និង​វិស័យ​ឯកជន​។​

កិច្ចប្រជុំ​នេះ ធ្វើឡើង​ក្នុង​គោលបំណង ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត រវាង​រដ្ឋ និង​វិស័យ​ឯកជន ជាពិសេស​ដើម្បី​ជំរុញ​ទំនាក់ទំនង​ឱ្យ​កាន់តែ​ជិតស្និទ្ធ​រវាង​ស្ថាន​តំណាង​កម្ពុជា​នៅ​បរទេស និង​វិស័យ​ឯកជន​នៅ​កម្ពុជា សំដៅ​ជំរុញ​កំណើនសេដ្ឋកិច្ច​របស់​ក​ម្ពុ​ជា​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គួររំលឹកថា យុទ្ធសាស្ត្រ​ការទូត​សេដ្ឋកិច្ច​ឆ្នាំ​២០២១-២០២៣ (Economic Diplomacy Strategy 2021-2023) ត្រូវបាន​ដាក់ឱ្យអនុវត្ត​ជា​ផ្លូវការ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា កាលពី​ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០២១ សំដៅ​រួមចំណែក​ឱ្យសម្រេចបាន​នូវ​ចក្ខុវិស័យ​របស់​រា​ជ​រដ្ឋាភិបាល ក្នុងការ​ប្រែក្លាយ​កម្ពុជា​ទៅជា​ប្រទេស មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ និង​ជា​ប្រទេស​មាន​ចំណូល​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៥០ តាមរយៈ​ការជំរុញ​ពាណិជ្ជកម្ម​អន្តរជាតិ ការទាក់ទាញ​ការវិនិយោគ​ផ្ទាល់​ពី​បរទេស ការលើកកម្ពស់​វិស័យ​ទេសចរណ៍ និង​ការជំរុញ​ការផ្លាស់ប្តូរ​វប្បធម៌ និង​កីឡា​។​

ថ្លែង​ក្នុង​ពិធី​នោះ លោក​បណ្ឌិត ញឹម ខេមរា បាន​គូសបញ្ជាក់​អំពី​តួនាទី​ដ៏​សំខាន់​របស់​វិស័យ​ឯកជន ដែល​មិនអាច​កាត់ផ្តាច់​បាន​នៅក្នុង​ការអនុវត្ត​ការងារ​ការទូត​សេដ្ឋកិច្ច​ប្រកបដោយ​ប្រសិទ្ធភាព​។ លោក​បាន​សង្កត់ធ្ងន់​អំពី​តួនាទី​របស់​ក្រសួងការបរទេស ក្នុងការ​សម្របសម្រួល​ការងារ​ការទូត​សេដ្ឋកិច្ច ជាមួយ​ក្រសួង​-​ស្ថាប័ន​ជាតិ និង​វិស័យ​ឯកជន ក្នុងន័យ​ធ្វើឱ្យ​គ្រប់​តួអង្គ​កាន់តែ​យល់​ពីគ្នា និង​សហការគ្នា​កាន់តែ​ជិតស្និទ្ធ និង​មាន​ប្រសិទ្ធភាព​។​

ចំណែក​លោក ប្រាក់ ដា​វីដ អនុរដ្ឋលេខាធិការ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា បាន​លើកឡើងថា សេដ្ឋកិច្ចកម្ពុជា គឺជា​សេដ្ឋកិច្ច​បើកចំហ ប៉ុន្តែ​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ បានធ្វើឱ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​ខ្សែ​ច្រ​វ៉ា​ក់​ផ្គត់ផ្គង់​ពិភពលោក និង​ទេសចរណ៍​អន្តរជាតិ ដែល​បណ្តាលឱ្យ​សេដ្ឋកិច្ចកម្ពុជា​មាន​កំណើន​អវិជ្ជមាន​នៅក្នុង​ឆ្នាំ​២០២០​។ ដើម្បី​បន្ត​កំណើនសេដ្ឋកិច្ច កម្ពុជា​ចាំបាច់​ត្រូវ​បន្តធ្វើ​សមាហរណកម្ម​សេដ្ឋកិច្ច​របស់ខ្លួន​ទៅក្នុង​សេដ្ឋកិច្ច​តំបន់ និង​ពិភពលោក តាមរយៈ​ឧបករណ៍​ដ៏​មុត​ស្រួច​របស់ខ្លួន គឺ​យុទ្ធសាស្ត្រ​ការទូត​សេដ្ឋកិច្ច​។​

អង្គ​ប្រជុំបាន​កោតសរសើ​រ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​គំនិត​ផ្តួចផ្តើម​របស់​ក្រសួងការបរទេស ក្នុងការ​សម្របសម្រួល​ឱ្យមាន​កិច្ចប្រជុំ​នៅក្នុង​ព្រឹក​នេះ​។ អង្គ​ប្រជុំបាន​ឯកភាពគ្នា​ថា ការងារ​ការទូត​សេដ្ឋកិច្ច គឺជា​ការងារ​រួម ដែល​គ្រប់​ក្រសួង​-​ស្ថាប័ន​ជាតិ និង​វិស័យ​ឯកជន​ត្រូវ​ធ្វើការ​រួមគ្នា ហើយ​អង្គប្រជុំ ក៏បាន​ឯកភាព​ក្នុង​ការចាត់​ឱ្យមាន​តំណាង​១​រូប​មកពី​គ្រប់​ក្រសួង​-​ស្ថាប័ន​ជាតិ និង​វិស័យ​ឯកជន ដើម្បី​អាច​ចែករំលែក​ព័ត៌មាន​គ្នា​ទាន់ពេលវេលា និង​មាន​ប្រសិទ្ធភាព​។​

គួរ​កត់សម្គាល់ថា ការងារ​ការទូត​សេដ្ឋកិច្ច គឺជា​អាទិភាព​មួយ​ក្នុងចំណោម​អាទិភាព​ទាំង​៥ នៃ​គោលនយោបាយ​ការបរទេស​កម្ពុជា ដែល​ត្រូវបាន​ដាក់ចេញ​ដោយ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា រួមមាន​៖ ទី​១, ការពារ​ឯករាជ្យ អធិបតេយ្យភាព​ជាតិ បូរណភាព​ទឹកដី អ​ព្យា​ក្រឹត្យ​ភាព រក្សា​ការពារ​ឱ្យបាន​គត់​មុត​នូវ​សន្តិភាព ស្ថិរភាព សណ្តាប់ធ្នាប់ និង​ឯកភាព​សង្គម​។ ទី​២, បង្កើន​មិត្ត​ខាងក្រៅ ដោយ​ឈរលើ​ស្មារតី​ឯករាជ្យ​ជាតិ​។ ទី​៣, ការងារ​ការទូត​សេដ្ឋកិច្ច​។ ទី​៤, បន្ត​គាំទ្រ និង​ពង្រឹង​ពហុភាគី​និយម និង​ទី​៥, លើកកម្ពស់​គុណភាព ប្រសិទ្ធភាព​ការងារ និង​ការអភិវឌ្ឍ​សមត្ថភាព​មន្ត្រីការទូត​កម្ពុជា​៕

អត្ថបទ៖ កោះ​កែវ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម