ព័ត៌មានជាតិ
កម្ពុជា ផ្ដល់ជំនួយ១០ម៉ឺនដុល្លារ និងបញ្ជូនមន្ត្រីសង្គ្រោះ២រូប ដើម្បីជួយមីយ៉ាន់ម៉ា ដែលរងគ្រោះរញ្ជួយដី
កម្ពុជា តាមរយៈក្រសួងការបរទេសសម្រេចផ្ដល់ជំនួយជំហានដំបូងចំនួន១០ម៉ឺនដុល្លារ ចំណែកគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នឹងបញ្ជូនមន្ត្រីចំនួន០២រូប ដើម្បីជួយសង្គ្រោះមីយ៉ាន់ម៉ា ដែលជួបគ្រោះរញ្ជួយដីបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ និងបណ្ដាលឱ្យមានមនុស្សរបួស និងស្លាប់ជាច្រើននាក់។

គួរជ្រាបថា បន្ទាប់ពីមីយ៉ាន់ម៉ា និងថៃ ជួបគ្រោះរញ្ជួយដី កាលពីរសៀលថ្ងៃទី២៨ កន្លងទៅ, រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី ផ្ដួចផ្ដើមបើកកិច្ចប្រជុំបន្ទាន់ពិសេសជាមួយបណ្ដារដ្ឋមន្រ្តីការបរទេសក្នុងតំបន់អាស៊ាន នៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៥ តាមប្រព័ន្ធអនឡាញ។ តាមរយៈកិច្ចប្រជុំ រដ្ឋមន្ត្រីការបទេសកម្ពុជា លោក ប្រាក់ សុខុណនបញ្ជាក់ថា កម្ពុជានឹងផ្តល់ជំនួយសង្គ្រោះបន្ទាន់ដំបូងនូវទឹកប្រាក់ចំនួន១០ម៉ឺនដុល្លារ អាមេរិក ដល់ប្រទេសមីយ៉ាន់ម៉ា ហើយក៏កំពុងពិនិត្យលទ្ធភាពរួមចំណែកបន្ថែមទៀតដល់កិច្ច ខិតខំប្រឹងប្រែងសង្គ្រោះក្នុងតំបន់ តាមរយៈការផ្តល់ថ្នាំពេទ្យ និងការផ្គត់ផ្គង់សំខាន់ៗផ្សេងទៀត តាមការសមស្រប។

នៅថ្ងៃទី៣១ ដដែល ដោយទទួលបានការអនុញ្ញាតពី សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានចាត់បញ្ជូនមន្ត្រីចំនួន ០២រូប ដែលសមាជិក ក្រុមប៉ាន់ប្រមាណ និងឆ្លើយតបបន្ទាន់របស់អាស៊ាន ដើម្បីចូលរួមជាមួយបណ្តាប្រទេស ជាសមាជិកអាស៊ានផ្សេងទៀតក្នុងបេសកកម្មអន្តរាគមន៍សង្គ្រោះគ្រោះរញ្ជួយដី ដែលបានកើតឡើងក្នុងប្រទេស មីយ៉ាន់ម៉ា តាមការស្នើសុំរបស់រដ្ឋាភិបាលមីយ៉ាន់ម៉ា និងមជ្ឈមណ្ឌល សម្របសម្រួលជំនួយមនុស្សធម៌អាស៊ាន សម្រាប់ការគ្រប់គ្រងគ្រោះមហន្តរាយ (AHA Centre)។

គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អះអាងថាមន្ត្រីទាំង២រូបនេះ នឹងអាចជួយលើការងារ សម្របសម្រួល វាយតម្លៃរហ័ស និងភស្តុកម្ម និងការងារផ្សេងៗទៀត ចំពោះគ្រោះមហន្តរាយនៅមីយ៉ាន់ម៉ា។
គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ រាជរដ្ឋាភិបាលកម្ពុជា នៅតែប្តេជ្ញាចិត្តក្នុងការគាំទ្រសហគមន៍ដែលរងផលប៉ះពាល់ និងចូលរួមចំណែកក្នុងកិច្ចខិតខំប្រឹងប្រែងសង្គ្រោះ នៅប្រទេសមីយ៉ាន់ម៉ា។

គិតត្រឹមថ្ងៃទី៣១ ខែមីនា នេះ គ្រោះរញ្ជួយដីកម្លាំង ៧.៧វ៉ិចទ័រ នៅមីយ៉ាន់ម៉ា បង្កការបំផ្លិចបំផ្លាញ និងការបាត់បង់ជីវិតមនុស្ស ២ ៩៤០នាក់ និងរបួសជាង ៣ ៤០០នាក់។ ការរញ្ជួយដីដ៏អាក្រក់បំផុតនៅមីយ៉ាន់ម៉ា បានបណ្តាលឲ្យមានការខូចខាតយ៉ាងសម្បើមនៅក្នុងទីក្រុងដូចជា Mandalay និង Sagaing ដែលនាំឲ្យមានការដួលរលំនៃអគារ និងហេដ្ឋារចនាសម្ព័ន្ធជាច្រើន។

ផលប៉ះពាល់នៃការរញ្ជួយដីមានសភាពធ្ងន់ធ្ងរជាពិសេសនៅក្នុងប្រទេសមីយ៉ាន់ម៉ា ដោយសារតែជម្លោះស៊ីវិលដែលកំពុងបន្ត ដែលធ្វើឲ្យមានភាពស្មុគស្មាញដល់កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ។ ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ រួមទាំងស្ពាន ផ្លូវហាយវេ និងអាកាសយានដ្ឋានត្រូវបានខូចខាត ដែលរារាំងការផ្តល់ជំនួយ។
ក្នុងពេលមីយ៉ាន់ម៉ាមានសង្គ្រាមផ្ទៃក្នុងផង និងត្រូវជួបគ្រោះរញ្ជួយដីទៀត រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា លោក ប្រាក់ សុខុន អំពាវនាវដល់ភាគីពាក់ព័ន្ធទាំងអស់ក្នុងប្រទេសមីយ៉ាន់ម៉ា ឱ្យមានបទឈប់បាញ់ ដោយផ្តោតលើសន្តិភាព” ដើម្បីឱ្យជំនួយមនុស្សធម៌បានទៅដល់អ្នកដែលត្រូវការជំនួយជាចាំបាច់។

ជំនួយអន្តរជាតិកំពុងចាប់ផ្តើមដឹកទៅដល់មីយ៉ាន់ម៉ា ដោយប្រទេសមួយចំនួន ដូចជា ឥណ្ឌា ចិន ថៃ ម៉ាឡេស៊ី សិង្ហបុរី និងរុស្ស៊ី បានបញ្ជូនក្រុមជួយសង្គ្រោះ និងការផ្គត់ផ្គង់។ សហរដ្ឋអាមេរិកបានសន្យាផ្តល់ជំនួយចំនួន ២លានដុល្លារ។ ទោះបីជាយ៉ាងណាក៏ដោយ តំបន់ជាច្រើននៅតែរាយការណ៍ពីការខ្វះខាតស្បៀងអាហារ ទឹក និងការផ្គត់ផ្គង់ផ្នែកវេជ្ជសាស្រ្ត៕
ដោយ៖ ង៉ិល ណារ៉ាត់

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ប៉ាគីស្ថានបាញ់ទម្លាក់យន្តហោះចម្បាំងឥណ្ឌា៥គ្រឿង ខណៈជនស៊ីវិលស្លាប់កើនឡើងជាបន្ត
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
មាស សុខសោភា ស្នើមហាជនទុកផ្លូវឱ្យខ្លួននិងតាសក់ស ក្រោយដឹងរឿងអតីតស្វាមីប្តឹង និងនៅតែមានការវែកញែក
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ស្នងការខេត្តកំពង់ធំអះអាងថា ការចោទប្រកាន់របស់លោក សុន ឆ័យ គឺជាការបំផ្លើស គ្មានមូលដ្ឋានច្បាស់លាស់
-
សន្តិសុខសង្គម២២ ម៉ោង ago
ឃាត់ខ្លួនប្រធានផ្សារទួលពង្រ និងបក្ខពួក ពាក់ព័ន្ធករណីដើរយកភាស៊ីពីអាជីវករលក់ដូរតាមរ៉ឺម៉កម៉ូតូ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
រតនគិរី៖ ជនជាតិដើមភាគតិច ស្នើរដ្ឋាភិបាលសាងសង់ស្ពានឆ្លងកាត់ទន្លេសម្រួលដល់ការធ្វើដំណើរ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អាជ្ញាធរខណ្ឌ៧មករា ទុកឱសានវាទ៣ថ្ងៃ ដល់ក្រុមអាជីវករលក់ទុរេន នៅផ្លូវព្រះសីហនុ បង្កភាពអនាធិបតេយ្យ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ខែលអាកាសដែលឥណ្ឌាប្រើបាញ់ដ្រូនប៉ាគីស្ថាន តាមពិតលួចទិញពីរុស្ស៊ីក្នុងតម្លៃជាង៥ពាន់លានដុល្លារ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រឿងកាន់តែធំ! ប៉ាគីស្ថាន ថា ជនស៊ីវិលស្លាប់កើនដល់៣១នាក់ ខណៈយន្តហោះមួយគ្រឿងធ្លាក់នៅ ឥណ្ឌា